សេដ្ឋកិច្ច
ទំហំប្រាក់កម្ចីក្នុងប្រព័ន្ធធនាគារកើន ៤% ដល់ ៦៣ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥
គិតត្រឹមឆ្នាំ ២០២៥ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានឱ្យទៅអតិថិជនមានទំហំប្រមាណ ៦៣ ពាន់លានដុល្លារ កើនឡើង ៤ ភាគរយ ធៀបនឹងឆ្នាំ ២០២៤ ឆ្លុះបញ្ចាំងពីភាពធន់ក្នុងចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា (NBC)។

របាយការណ៍របស់ NBC បង្ហាញថា គិតត្រឹមឆ្នាំ ២០២៥ ឥណទានអតិថិជនបានកើនឡើង ៤ ភាគរយ ដល់ ៦៣ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើកើន ១៤,៧ ភាគរយ ដល់ ៦៥,៧ ពាន់លានដុល្លារ ហើយដើមទុនបានកើន ២,៨ ភាគរយ ដែលមានទំហំ ១០,៤ ពាន់លានដុល្លារ។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា ភាពធន់ និងរឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ ដោយឆ្នាំ២០២៥ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗ ក្នុងអត្រា ៤.១ ភាគរយ ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ ភាគរយ។
លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅ។

លោកស្រីបណ្ឌិត ជា សិរី បន្ថែមថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់ និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណៈជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា។
សេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករថា នឹងកើនឡើងប្រមាណ ៥ ភាគរយ និងអតិផរណាដល់ ២,៣ ភាគរយនៅឆ្នាំ ២០២៦ ដែលឆ្លុះបញ្ចាំងពីភាពធន់ក្នុងចំណោមភាពមិនប្រាកដប្រជាសកល និងបញ្ហាប្រឈមក្នុងស្រុកដែលកំពុងបន្ត។
លោកស្រីបណ្ឌិតបានបន្ថែមថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជា ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកំពុងបន្តកើតមាន ស្ថានភាពហិរញ្ញវត្ថុតឹងរ៉ឹង និងអត្រាកំណើនសេដ្ឋកិច្ចខុសៗគ្នានៅទូទាំងប្រទេស ដែលបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម លំហូរវិនិយោគ និងទីផ្សារហិរញ្ញវត្ថុ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា សម្ពាធទាំងនេះប៉ះពាល់ដល់សេដ្ឋកិច្ចអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ដែលជាបញ្ហាប្រឈមសម្រាប់អ្នកធ្វើគោលនយោបាយ និងអ្នកវិនិយោគ ខណៈដែលបានបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសនានាក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពពិភពលោកដែលកំពុងផ្លាស់ប្តូរ ដើម្បីរក្សាស្ថិរភាព។

លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ថា ការងើបឡើងវិញនៃពិភពលោកកំពុងរងការគំរាមកំហែងបន្ថែមទៀត ដោយការរីករាលដាលនៃឧក្រិដ្ឋកម្មតាមអិនធឺណិតកាន់តែខ្លាំងឡើង រួមទាំងសកម្មភាពធនាគារស្រមោល និងបទល្មើសក្លែងបន្លំតាមអ៊ីនធឺណិតដែលកំពុងកើនឡើង ដែលបានបំផ្លាញការយល់ឃើញនៃប្រព័ន្ធហិរញ្ញវត្ថុ។
លោកស្រីបានបន្ថែមទៀតថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ខណៈពេលដែលកំពុងពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ លើកកម្ពស់ការយល់ដឹង ធ្វើកម្មវិធីបណ្តុះបណ្តាល និងបង្កើនវិធានការទប់ស្កាត់ការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មប្រកបដោយប្រសិទ្ធភាពនៅទូទាំងវិស័យហិរញ្ញវត្ថុ។
នៅឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានជួយសម្រាលបន្ទុកដល់យោធិននៅសមរភូមិ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ដោយធនាគារជាតិនៃកម្ពុជាបានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ និងផ្តល់ការអនុគ្រោះផ្សេងៗ។
ក្នុងនោះធនាគារជាតិនៃកម្ពុជា បានលុបចោលឥណទានរហូតដល់ ៨០លានរៀលសម្រាប់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
លុបចោលឥណទានរហូតដល់ ១០ លានរៀល សម្រាប់អតិថិជនជាយោធិនពិការក្នុងសមរភូមិ ព្រមទាំងមានការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនទូទៅជនភៀសសឹក ពលករត្រលប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុងសមរភូមិប្រយុទ្ធលើកលែងកម្រៃ ការផាកពិន័យ ការប្រាក់ ពន្យារពេលទូទាត់សងប្រាក់ដើម រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់អតិថិជនជាយោធិនធ្វើប្រតិបត្តិការផ្ទាល់។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានបន្តរៀបចំឥណទានឡើងវិញជូនដល់អតិថិជន ដែលបច្ចុប្បន្នមានចំនួន៥.៣ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៨.៣% នៃឥណទានសរុប សម្រាប់គណនីចំនួន ២៤៥.១ ពាន់៕
អត្ថបទ៖ សំ អឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


