Connect with us

សេដ្ឋកិច្ច

ជប៉ុន ​ចុះហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​ជាង ​១៧១ ​លានដុល្លារ ​សម្រាប់​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះទឹក​នៅ​កម្ពុជា​

បានផុស

នៅ

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​(JICA) ​នៅ​ថ្ងៃទី ​២៥ ​មិថុនា ២០២៦ ​បាន​ចុះ​ហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន​ជាង ​១៧១ ​លានដុល្លារ ​សម្រាប់​គម្រោង​សាងសង់​វិទ្យាស្ថាន​​គរុកោសល្យ​នៅ​ខេត្ត​កំពង់ចាម​មានទឹកប្រាក់ប្រមាណ ៧,៥ លានដុល្លារ និងគម្រោងស្ដាឡើងវិញនូវ​ប្រព័ន្ធ​ស្រោច​ស្រព​ និងប្រព័ន្ធរំដោះទឹកភាគនិរតី ​រាជធានីភ្នំពេញ​មានទឹកប្រាក់ជាង ១៦៣ ​លានដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីពិធីចុះហត្ថលេខា បានរៀបចំធ្វើឡើងក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកSANUI Kazuma ប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។​

សម្រាប់​កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់ “គម្រោងសាងសង់វិទ្យាស្ថាន​គរុកោសល្យ​នៅខេត្តកំពង់ចាម ​មានគោលបំណង​ លើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀន​ដែលបានទទួលការ​បណ្តុះ​បណ្តាល​នៅវិទ្យាស្ថានគរុកោសល្យ នៅក្នុង ខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវ កម្រិតគ្រឹះស្ថានបណ្តុះ​បណ្តាលគ្រូប​ង្រៀនដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់ អគារថ្មីចំនួន ២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់។​

ចំណែកឯ​កិច្ចព្រមព្រៀងឥណទានសម្បទាន ​សម្រាប់ “គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគ និរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) ​មានទឹកប្រាក់ចំនួន ប្រមាណ ១៦៣,៨ លានដុល្លារ ​មានគោលបំណងបង្កើនផលិតភាពកសិកម្ម​ និងកាត់បន្ថយការខូចខាត​ដោយ​សារទឹក​ជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និងស្តារឡើង​វិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុវគម្រោងចំនួន ២ រួមមាន អនុគម្រោងរលាំងជ្រៃ និងអនុគម្រោង កណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរស់នៅផងដែរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ច​សហប្រតិបត្តិការដ៏រឹងមាំ ​និង​យូរអង្វែងរវាងរាជរដ្ឋាភិ​បាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន​ តាមរយៈការផ្តល់​ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។

ជប៉ុន គឺជាដៃគូ អភិវឌ្ឍន៍សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធ-សាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងឆ្នាំ ២០២៣។

តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន, គម្រោងសហប្រតិបត្តិការអាទិភាពថ្មីៗជាច្រើនទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សា ក៏ដូចជា ដាក់ឲ្យអនុវត្តជាបន្តបន្ទាប់​ក្នុងនាមជាដៃគូអភិវឌ្ឍន៍​ដ៏សំខាន់នៅកម្ពុជា, រដ្ឋាភិបាលជប៉ុន, តាមរយៈទីភ្នាក់​ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), នឹងបន្តពង្រឹងភាព​ជាដៃគូ​យុទ្ធសាស្ត្រ​រយៈពេល​វែងជាមួយរាជរដ្ឋាភិបាល និងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ហិរញ្ញប្បទាន​សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្រប​ខ័ណ្ឌ​ហិរញ្ញប្បទាន​ឥតសំណង​ ឥណទានសម្បទាន ​និង​ជំនួយបច្ចេកទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម