Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមរឹបអូសកាហ្វេក្លែងក្លាយរាប់តោន ធ្វើពីសណ្ដែកសៀង

បានផុស

នៅ

ប៉ូលិសវៀតណាម​​រឹបអូសកាហ្វេក្លែងក្លាយរាប់តោន ដែល​ធ្វើពីសណ្ដែកសៀង ក្រោយប៉ូលិសបាន​បើកការស៊ើបអង្កេតព្រហ្មទណ្ឌ និងវាយឆ្មក់នៅឃ្លាំងមួយកន្លែងកាលពីដើមសប្ដាហ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសន្តិសុខសាធារណៈវៀតណាម បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ក្នុងសេចក្ដីថ្លែងការណ៍ថា ​ប៉ូលិសបាន​រឹបអូសផលិតផល​កាហ្វេក្លែងក្លាយ ៤,១ តោន និងវត្ថុធាតុដើម ៣ តោន អំឡុងការវាយឆ្មក់នៅឃ្លាំងមួយ​ក្នុងខេត្តខ្ពង់រាប​ភាគកណ្ដាល Lam Dong។ ​

ក្រសួងបាន​គូសបញ្ជាក់ថា ម្ចាស់ឃ្លាំង ឈ្មោះ Luong Viet Kiem ​បានសារភាពចំពោះប៉ូលិសថា ក្រុមហ៊ុនរបស់លោកបានលាយសណ្តែកសៀង និងសារធាតុបន្ថែមរសជាតិជាមួយគ្រាប់កាហ្វេ ដើម្បីផលិតកាហ្វេកិនសម្រាប់ទីផ្សារក្នុងស្រុក។​

ប៉ូលិសវៀតណាម​បានឱ្យដឹង​ថា ការឆ្មក់ចូលឃ្លាំងដដែល​ ​បាន​ធ្វើឡើងក្រោយ​ពួកគេ កាលពីថ្ងៃអង្គារ បាន​ឆែកឆេរ​ឡានដឹកទំនិញមួយគ្រឿងដែលដឹកកាហ្វេកិនចំនួន ១ ០៥៦ បាវ ​ក្នុង​ទម្ងន់ ៥២៨​ គីឡូក្រាម ​ដោយ​គ្មានឯកសារភ្ជាប់មកជាមួយ។ ឥឡូវនេះ ការស៊ើបអង្កេតបន្ថែមទៀតកំពុងដំណើរការ។

លោក Nguyen Quang Tho ដែលជា​អ្នកលក់កាហ្វេវៀតណាមម្នាក់ នៅខេត្ត Dak Lak ដែលនៅជាប់ខេត្ត Lam Dong ដែរ បាន​និយាយប្រាប់រ៉យទ័រយ៉ាងដូច្នេះថា៖ «ផលិតផលកាហ្វេក្លែងក្លាយ មិនមែនជារឿងកម្រនោះទេ ហើយវាអាចផលិតពីសណ្តែកសៀង ឬពោត ឬ​ទាំង២តែម្ដង»។​

លោក Tho បានបន្តថា៖ «សណ្តែកសៀង និងពោតអាចបរិភោគបាន និងមានតម្លៃថោកជាងគ្រាប់កាហ្វេពិត ប៉ុន្តែអ្នកណាទៅដឹង ថាវាមានសុវត្ថិភាព​សម្រាប់សុខភាពឬអត់ ពេលផឹកផលិតផលកាហ្វេក្លែងក្លាយទាំងនេះ​?»។​

គួរគូសបញ្ជាក់ថា កសិករវៀតណាម​នៅតំបន់ខ្ពង់រាបកណ្តាល បច្ចុប្បន្នលក់គ្រាប់កាហ្វេក្នុងតម្លៃប្រហែល ៣,៨៦ ដុល្លារ/គីឡូក្រាម ដែលវាខ្ពស់ជាងតម្លៃសណ្តែកសៀងប្រហែល ៣ ដង។

នៅឆ្នាំ ២០១៨​ ប៉ូលិសនៅតំបន់ខ្ពង់រាបកណ្តាល បានចាប់ខ្លួនមនុស្ស ៥ នាក់ដែលសង្ស័យថាបានប្រើប្រាស់សារធាតុគីមីពីថ្មពិល​ ដើម្បីជ្រលក់​​កាកសំណល់កាហ្វេ ​ហើយ​លក់ល្បាយនេះជាម្រេចខ្មៅ។

គួរគូសបញ្ជាក់ថា វៀតណាមគឺជាប្រទេសផលិតកាហ្វេប្រភេទ Robusta ធំជាងគេបំផុតរបស់ពិភពលោក ដែលមានរសជាតិល្វីង និងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងកាហ្វេ​ឆុង។ តំបន់ខ្ពង់រាបកណ្តាលគឺជាតំបន់ដាំដុះកាហ្វេសំខាន់របស់ប្រទេស។ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល វៀតណាមបាននាំចេញកាហ្វេចំនួន ១,៦ លានតោន​ ក្នុងតម្លៃ ៨,៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៨,៣% ​គិតជា​បរិមាណ និង ៥៨,៨% ​គិតជាតម្លៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម