Connect with us

ព័ត៌មានជាតិ

អតីតពលករ និងពលរដ្ឋខ្មែរជាង ១ពាន់នាក់បានចូលរួម និងទទួលបានការងារក្នុងវេទិកាការងារនៅខេត្តសៀមរាប

បានផុស

នៅ

អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបជាង ១ពាន់នាក់ បានចូលរួម និងទទួលបានការងារពីវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងការងារបានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេលពីរថ្ងៃនៅស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសការងារ សេវាសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈដ៏សម្បូរបែប។

លោកបន្តថា វេទិកាការងារនេះ មានអតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ១ ៥៩៥នាក់ បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

នាឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ៦៤៣នាក់ (តួលេខបឋម) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រសហគ្រាសធំៗចំនួន ៥ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។ នេះបើតាមការបញ្ជាក់ពីរបស់លោក ស៊ុន មេសា។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។

សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៥៨៥លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦២ម៉ឺននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម