Connect with us

កីឡា

នេះ​អ្នក​ប៉ះ​សេល្អៗ ​ត្រៀម​អង្រួន​ ​ពាន​សម្តេច​ក្រឡាហោម ស ខេង ចុងសប្តាហ៍នេះ

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ នឹង​ចាប់​ផ្តើម​​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ នេះ​ហើយ​ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ ២០២៦ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្រុម​ក្រសួង​មហា​ផ្ទៃ​ជា​ជើង​ឯក​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ ២០២៣
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ចំនួន ៣២ ត្រូវប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ជើង​ឯក​ដែល​មាន​ប្រាក់​រង្វាន់​រហូត​ដល់ ៥០​លាន​រៀល។ ក្រុម​នីមួយ​ៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កីឡាករ​​កម្រិត​ខ្ពស់ (A) ២​នាក់ និង​កីឡាករ​បរទេស ១ នាក់​នៅ​លើ​ទី​លាន។ ក្រៅ​ពី​នោះ​សុទ្ធ​តែ​កីឡាករ​កម្រិត B ចុះ​ក្រោម​ដែល​អាច​ដាក់​ឲ្យ​លេង​ប៉ុន្មាន​នាក់​ក៏​បាន​ក្នុង​ចំណោម​កីឡាករ ៦ នាក់​នៅ​លើ​ទី​លាន។

ក្រុម​ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង ជា​ជើង​ឯក​ពាន​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ ២០២៤

មុន​ពេល​ការ​ប្រកួត​ចូល​មក​ដល់ ក្រុម​នីមួយ​ៗ​ក៏​បាន​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​រៀបចំ​ក្រុម​ក្នុង​នោះ​មាន​ទាំង​នាំ​ចូល​កីឡាករ​បរទេស និង​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​ដើម។ ថ្ងៃ​នេះ«កម្ពុជាថ្មី»​សូម​បង្ហាញ​កីឡាករ​លើក​បាល់​ដែល​ជា​ទូទៅ​ហៅ​ថា អ្នក​ប៉ះសេ របស់​ក្រុម​មួយ​ចំនួន​ដែល​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​មិត្តរួម​ក្រុម​របស់​ខ្លួន​ផ្តាច់​យក​ពិន្ទុ។

  • អ្នក​ប៉ះសេ Owa Retamar របស់ វិសាខា

វិសាខា ជា​ក្រុម​បាល់ទះ​លំដាប់ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រុម​នេះ​មិន​​មាន​អ្នក​ប៉ះសេ​ល្អ​គួរជាទី​ពេញ​ចិត្ត​សម្រាប់​គ្រូ​ទេ បន្ទាប់​ពី​ ស៊ួន ចាន់ណារ៉ូ បាន​ចាក​ចេញ។ សម្រាប់​ការ​ត្រៀម​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤ ពួក​គេ​បាន​នាំ​ចូល​អ្នក​ប៉ះ​សេ​សញ្ជាតិ​ហ្វីលីពីន Owa Retamar ដែល​មាន​បទ​ពិសោធ​ច្រើន។ នេះជា​លើក​ដំបូង​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​ហ្វីលីពីន​ដែល​ចេញ​ប្រកប​អាជីព​ឲ្យ​ក្លិប​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​រូប​គេចាប់​លេង​បាល់ទះ​អាជីព​តាំង​ពី​ឆ្នាំ ២០១៨។

  • អ្នក​ប៉ះសេ សួន ចាន់ណារ៉ូ របស់ ស្នងការដ្ឋាន​ខេត្ត​ស្វាយរៀង

បើ​និយាយ​ពី​អ្នក​ប៉ះ​សេ​ស្រុក​ខ្មែរ អ្នក​គាំទ្រ​ស្គាល់​យ៉ាង​ច្បាស់​ពី​ ស៊ួន ចាន់ណារ៉ូ ដែល​ជា​កម្លាំង​ស្នួល​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ស្នងការដ្ឋាន​​ខេត្ត​ស្វាយរៀង។ ពេលនេះ​អ្នក​គាំទ្រ​នឹង​បាន​ឃើញ​ពី​ទេពកោសល្យ​ដ៏​ល្អ​របស់គេ​ក្នុង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង។

  • អ្នក​ប៉ះ​សេ កែវ ស្រេងលីហ៊ួ របស់ ក្រសួង​មហា​ផ្ទៃ

កែវ ស្រេងលីហ៊ួ ត្រូវ​បាន​រៀម​ច្បង​​ចាត់​ទុក​ជា​អ្នក​ស្នងតំណែង សួន ចាន់ណារ៉ូ​ នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា។ កីឡាករ​កម្ពស់ ១.៩២​ ម៉ែត្រ​រូប​នេះ​ជា​កម្លាំង​សំខាន់​របស់ ក្រសួង​មហា​ផ្ទៃ​ក្នុង​ការ​ប្រកួត «​តេជោលីគ» និង​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង ព្រម​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ។ ឆ្លង​កាត់​ការ​ហ្វឹក​ហាត់ និង​ប្រកួត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ច្បាស់​ណាស់ រូប​គេ​នឹង​​កាន់​តែ​ធ្វើ​បាន​ល្អ។

  • អ្នក​ប៉ះសេ យ៉ុន ខេមរៈ របស់ ស្នងការដ្ឋានរាជ​ធានី​ភ្នំពេញ

យ៉ុន ខេមរៈ ជា​អ្នក​ប៉ះសេ​ម្នាក់​ដែល​មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ដូច កែវ ស្រេងលីហ៊ួ និង សួន ចាន់ណារ៉ូ​​ ទេ ប៉ុន្តែ​បើ​និយាយ​ពី​សមត្ថភាព​វិញក៏​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ រូប​គេ​ជា​កម្លាំង​សំខាន់​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ក្នុង​ពាន​តេជោលីគ និង​ពាន​សម្តេច​តេជោកន្លង​មក ហើយ​ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ពាន​រង្វាន់ SEA V. League កាល​ពី​ឆ្នាំ ២០២៥។

  • អ្នក​ប៉ះសេ ហួត សុភា របស់ កងពលធំ​អន្តរាគមន៍​លេខ៣

ក្រុម​កង​ពល​ធំ​អន្តរាគមន៍​លេខ ៣ ទំនង​ជា​ប្រើ​ប្រាស់​កីឡាករ​ចាស់​វស្សា​របស់​ខ្លួនទៀត​ក្នុង​តួនាទី​ជា​អ្នក​ប៉ះ​សេ គឺ ហូត សុភា។ លោក​ជាកីឡាករ​កម្ពុជា​វ័យ​ចំណាស់​ជាង​គេ​បំផុត​ដែល​បន្ត​លេង​ក្នុង​កម្រិត​អាជីព។ លោក​បាន​ចាប់​ផ្តើម​លេង​តាំង​ពី​ឆ្នាំ ២០០២ ដែល​រហូត​ដល់​ពេល​នេះ​មាន​រយៈ​ពេលជាង ២០​ឆ្នាំ​ហើយ ប៉ុន្តែកម្រិត​លេង​នៅ​តែ​ល្អ​រហូត​ត្រូវ​បាន​អ្នក​ស្គាល់​ហៅ​ថា អ្នក​ប៉ះ​សេ ១០ ជំនាន់​។

ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​បាន​បែក​ខ្លួនជា​ពីរ​ក្រុម​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៤​នេះ។ ជា​ទូទៅ ក្រុមនេះ​ប្រើ​ប្រាស់​កីឡាករ​ឥណ្ឌូណេស៊ី​ក្នុង​តំណែង​អ្នក​ប៉ះសេ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឈ្នះ​ជើង​ឯក​តេជោលីគ​២​រដូវ​កាល​ជាប់​គ្នា។ ក្រុម​ផ្សេង​ៗ​ទៀត​ក៏​មិន​មាន​អ្នក​ប៉ះសេ​ណា​គួរឲ្យ​ចាប់​អារម្មណ៍​​​ទេ​ ប៉ុន្តែ​​ពួក​គេ​​ក៏​អាច​នាំ​យក​អ្នក​ប៉ះសេ​បរទេសមកចូល​រួម​​ដែរ។ ដូច្នេះ​អ្វី​ៗ​រង់ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ចុង​សប្តាហ៍​នេះ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម