Connect with us

កីឡា

ខ្លាំង​មិន​ធម្មតា​ឆ្នាំ​នេះ​ក្រុម​ស្នងការ ន.ប​ រាជធានីភ្នំពេញ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​​បុរស និង​នារី​ ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​

បានផុស

នៅ

អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទះ​នៅកម្ពុជា​មាន​ការ​​ភ្ញាក់ផ្អើល និង​សរសើរ​ជា​ខ្លាំង​​ចំពោះ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ក្រុម​បាល់ទះ​ស្នងការ ន.ប រាជធានីភ្នំពេញ​ ផ្នែក​បុរស​ដែល​ឡើង​ខ្លាំង​បាន​ទម្លាក់​ក្រុម​លំដាប់ៗ​ដោយ​មិន​ឲ្យ​តដៃ​បាន​ ស្រប​ពេល​ផ្នែក​នារី​ក៏​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម ​ដូច​គ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុម​​ស្នងការ ន.ប​ រាជធានីភ្នំពេញ

ក្រុម​បាល់ទះ​​ស្នងការ ន.ប​ រាជធានីភ្នំពេញ​ផ្នែក​បុរស​គឺ​មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង​នៅ​ឆ្នាំ​២០២៦​ នេះ​ពិសេស​នោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ នេះ​តែ​ម្ដង។​ កីឡាករ​ម្នាក់ៗ​លេង​ដោយ​មាន​ទំនុក​ចិត្ត​ និង​បច្ចេកទេស​ខ្ពស់​មិនថា​ស្មាត់​ អ្នក​ប៉ះសេ​ និង​ការ​ធ្វើ​រនាំង​នោះ​ទេ​សុទ្ធតែ​ធ្វើ​បាន​ល្អ​ទាំង​ព្រម។​

​ក្រុម​​ស្នងការ ន.ប​ រាជធានីភ្នំពេញ

ការ​កើន​ឡើង​សមត្ថភាព​ខ្លាំង​ និង​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម​​ស្នងការ ន.ប​ រាជធានីភ្នំពេញ​បាន​ទម្លាក់​ក្រុម​ខ្លាំងៗ​ជា​ច្រើន​គិត​ត្រឹម​វគ្គ​ ១៦​ក្រុម​ចុងក្រោយ​ឈ្នះ​ ត្បូងឃ្មុំ​ ៣-០​ វគ្គ​៨ក្រុម​ឈ្នះ​ស្វាយរៀង​ ៣-០​ វគ្គ​៤ក្រុម​ ឬ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឈ្នះ​ វិសាខា​ ៣-០។​ ការ​ទម្លាក់​ក្រុម​ស្វាយរៀង​ដែល​ជា​ម្ចាស់​ពាន​ឆ្នាំ​ចាស់​សំបូរ​កីឡាករ​ល្អៗ​ដូច​ជា​ សួន​ ចាន់ណារ៉ូ​ និង​ការ​ទម្លាក់​វិសាខា​ម្សិលមិញ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ និង​ទស្សទាយ​ខុស​ច្រើន​ផង​ដែរ។​

ជា​មួយ​គ្នា​នេះ​ដែរ​ក្រុម​បាល់ទះ​នារី​ ​ស្នងការ ន.ប​ រាជធានីភ្នំពេញ​ ក៏​​ខ្លាំង​មិន​ធម្មតា​ដែរ​ ពោល​យក​ឈ្នះ​ម្ចាស់​ពាន​រង្វាន់​ឆ្នាំ​ចាស់​គឺ​មន្ទីរអប់រំ​ ខេត្ត​ពោធិ៍សាត់​ ៣-០​ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មិនឲ្យ​​ចាញ់​ផ្នែក​បុរស​នោះ​ឡើយ។​

ក្រុម​ស្នងការ ន.ប រាជធានីភ្នំពេញ​ ផ្នែក​នារី

បញ្ជាក់​ដែរ​ថា​ វគ្គ​ព្រ័ត្រ​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ឆ្នាំ​២០២៦​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​មីនា​ នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​នារី​គឺ​ក្រុម​ស្នងការ ន.ប​ រាជធានីភ្នំពេញ​ ប៉ះ​ក្រុម​អក​សមុទ្រ​ វេលា​ម៉ោង​ ៤ល្ងាច។​ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​បុរស​គឺ​ស្នងការ ន.ប​ រាជធានីភ្នំពេញ​ ប៉ះ​ ស្នងការ​ ន.ប​ ខេត្ត​កោះកុង​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ។​ អ្នក​ចង់​ទៅ​ទស្សនា​ផ្ទាល់​អាច​អញ្ជើញ​ចូលរួម​បាន​ដោយ​សេរី​មិន​មាន​លក់​សំបុត្រ​អ្វី​ឡើយ៕​

ក្រុម​ស្នងការ ន.ប រាជធានីភ្នំពេញ​ទាំង​ផ្នែក​បុរស-នារី

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម