Connect with us

វប្បធម៌ ជំនឿ

ចម្លាក់ទេវកថាព្រះនារាយណ៍(វិស្ណុ) ដ៏ល្អឥតខ្ចោះ នៅលើជញ្ជាំងឥដ្ឋប្រាសាទក្រវ៉ាន់

បានផុស

នៅ

ប្រាសាទ​ក្រវ៉ាន់​ តាំង​នៅ​ចន្លោះ​លើ​ដង​ផ្លូវ​ពី​ អង្គរវត្ត ស្រះស្រង់ និង​បន្ទាយក្តី​។ ប្រាសាទ​នេះ ​មាន​តួ​ប៉ម​ ចំនួន ​៥​ សាងសង់​ពី​ឥដ្ឋ​នៅលើ​ខឿន​ថ្មបាយក្រៀម​តែមួយ ដែលជា​គំរូ​ប្រាសាទ​ឥដ្ឋ​តែមួយគត់​នៅ​ប្រទេស​កម្ពុជា។

ប្រាសាទ​នេះ កសាង​ឡើង​នៅ​ដើម​សតវត្ស​ទី​ ១០ នៃ​គ្រិស្ដសករាជ​ក្នុង​រាជ្យ​ព្រះបាទ​ហ​ស៌​វរ្ម័ន​ទី ​១ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​នារាយណ៍ (​វិស្ណុ​) ក្នុង​ព្រហ្មញ្ញសាសនា។ បើទោះបីជា​ប្រាសាទ​នេះ​មាន​ទ្រង់​ទ្រាយ​តូច តែ​ចម្លាក់​បដិមា​នៅ​លើ​ជញ្ជាំង​ឥដ្ឋ​ពុំ​មាន​ពីរ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួ​ប៉ម​ទាំង​ប្រាំ​របស់​ប្រាសាទ​នេះ បែរមុខ​ទៅ​ទិសខាងកើត​តាម​ខ្លោងទ្វារ​មួយ​បើកចំហ និង​ទិស​បី​ទៀត​មាន​ទ្វារ​បញ្ឆោត សសរ និង​ផ្តែរ​ធ្វើ​អំពី​ថ្ម​ភក់។ ក្នុង​ចំណោម​តួ​ទាំង​ប្រាំ​នេះ មានតែ​តួ​កណ្តាល និង​តួ​ជាប់​ខាង​ជើង​ទេ ដែល​មាន​ចម្លាក់​បដិមា​លើ​ជញ្ជាំង​ឥដ្ឋ​ផ្ទៃ​ខាងក្នុង។ រីឯ​ជញ្ជាំង​លើ​តួ​ដទៃ​ទៀត ទំនង​ជា​ពុំ​ទាន់​បាន​ឆ្លាក់​រចនា​សម្រេច។ នៅ​តាម​ជញ្ជាំង​ទាំង​បី​ នៃ​តួ​កណ្តាល មាន​ក្បាច់​ចម្លាក់​រឿង​ព្រះ​នារាយណ៍ (​វិស្ណុ​) សំខាន់ៗ ដូចជា ត្រី​វិក្រម (​អវតា​ជា​ព្រា​ហ្ម​តឿ​) ព្រះ​នារាយណ៍​ព្រះ​ហត្ថ​ប្រាំបី​ដែល​មាន​រូប​ក្រពើ​នៅ​ពីលើ និង​ជាពិសេស​ចម្លាក់​ព្រះ​នារាយណ៍​គង់​លើ​យានជំនិះ​គ្រុឌ។ លើស​ពី​ចម្លាក់​លើ​ឥដ្ឋ ក៏​មាន​រូបគំនូរ​ត្របក​ផ្កាឈូក​សំយុង​ចុះក្រោម​មួយ​ជួរ​ព័ទ្ធជុំវិញ​ផ្នែក​ខាងលើ​ជាប់​ពិតាន ដែល​សព្វថ្ងៃ​រលុប​ស្ទើរ​អស់។ ចំណែក​ឯ​លើ​ជញ្ជាំង​ក្នុង​តួ​ខាងជើង បង្ហាញ​ពី​ចម្លាក់​រឿង​ព្រះ​ជ​យា​ព្រះ​នារាយណ៍ គឺ ​ព្រះ​នាង​លក្ស្មី។ ជាពិសេស​លើ​ជញ្ជាំង​ខាងត្បូង​មាន​បង្ហាញ​ព្រះ​នាង​លក្ស្មី​អម​ដោយ​អ្នក​ហែហម​ពីរ​រូប​អង្គុយ​សងខាង។

សូម​រំលឹក​ថា ប្រាសាទ​ក្រវ៉ាន់​ បាន​ទទួល​ការ​ជួសជុល​អភិរក្ស​នៅ​ទសវត្ស​ឆ្នាំ​ ១៩៦០ ដោយ​មន្ទីរ​អភិរក្ស​ដ្ឋាន​អង្គរ និង​អ្នក​ជំនាញ នៃ​សាលា​បារាំង​ចុង​បូព៌ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម