Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី សំណូមពរពលរដ្ឋចូលរួមលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅឋាន

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញ​លំនៅឋាន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិកា​រង ​និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការ​លើកឡើង​អំពី​បញ្ហា​កំណើន​មូស​ក្នុង​សហគមន៍។ ក្នុងនាម រដ្ឋបាល​រាជធានី លោកស្រី សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា ទោះបីជា​ឆ្នាំនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនបាន​ធ្វើ​ពិធី​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជ្រាប ប៉ុន្តែ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ-សង្កាត់ និង​មន្ទីរ​ជំនាញ មិន​ដែល​ធ្វេសប្រហែស​លើ​បញ្ហា​ការពារ​សុខុមាលភាព​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។

លោកស្រី ដោ សម្ផស្ស បាន​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ប៉ុន្តែ​ក្រុមការងារ​របស់​រដ្ឋបាល​ខណ្ឌ និង​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​មមាញឹក​ចុះ​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​មូស​ជាប់​ជាប្រចាំ​នៅ​តាម​ភូមិ សហគមន៍ សាលារៀន មន្ទីរពេទ្យ​ វត្ត​អារាម​ និង​តំបន់​នានា​ ជា​រៀងរាល់​ល្ងាច។ ក្រុមការងារ នឹង​បន្ត​ចុះ​បាញ់ថ្នាំ​មូស​នៅ​តាម​មូលដ្ឋាន​ជា​បន្ត​បន្ទាប់​ទូទាំង​រាជធានី​ភ្នំពេញ​ទាំងមូល។ សុខុមាលភាព​របស់​ប្រជាជន ការងារ​សណ្ដាប់ធ្នាប់ ការងារ​បង្ក្រាប​បទល្មើស​ផ្សេងៗ ការងារ​ការពារ​សន្តិសុខ​សាធារណៈ និង​កិច្ចការ​ស្នូល​ជាច្រើន​ទៀត​ផ្សេងៗ គឺជា​ភារកិច្ច​ប្រចាំថ្ងៃ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដោយ​មិន​គិត​ថ្ងៃ​យប់​ឡើយ។

លោកស្រី ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញ​លំនៅឋាន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម។ «គ្មាន​ជម្រក​មូស​ខ្លា​ គ្មាន​ការ​ចម្លង​ជំងឺគ្រុនឈាម។ កូនចៅ​យើង នឹង​ចៀស​ផុត​ពី​ជំងឺគ្រុនឈាម បើ​យើង​លុបបំបាត់​ជម្រក​មូស​ខ្លា​អស់​ពី​សហគមន៍»៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម