Connect with us

សេដ្ឋកិច្ច

​អាកាសយានដ្ឋាន​អន្តរជាតិតេជោ ​ទទួល​បានជើង​ហោះហើរចេញ-ចូល ជិត​ ១​ ពាន់ជើង ​ក្នុង​មួយសប្ដាហ៍​

បានផុស

នៅ

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ (KTI) ទទួល​បាន​ជើង​ហោះហើរ​ជាមធ្យម​ជិត ១០០០ ជើង ក្នុង​មួយ​សប្ដាហ៍​ (ទ្វេទិស)​ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ឆ្លុះបញ្ចាំងអំពីកំណើន​ដ៏រឹងមាំ ដោយសារការងើបឡើង​វិញ​នៃចំនួន​ទេស​ចរ​ចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ (SSCA) ​បង្ហាញ​ថា ​កម្ពុជា​ទទួល​បាន​ជើង​ហោះ​ហើរ​ជាមធ្យម​សរុប​ ១ ៤៦៨ ជើង ​ក្នុង​មួយ​សប្ដាហ៍​ (ទ្វេទិស) ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរ​ជាតិតេជោមានចំនួន ​៩៩៤ ​ជើង ក្នុងមួយសប្ដាហ៍ (ទ្វេទិស), ​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរមានចំនួន ៣៩៦ ជើង ​ក្នុងមួយសប្ដាហ៍ (ទ្វេទិស) និងអាកាសយានដ្ឋានអន្តរជាតិ​ព្រះសីហនុ មានចំនួន ៧៤ ជើង ​ក្នុងមួយសប្ដាហ៍ (ទ្វេទិស)។

ចំណែកឯជើងហោះហើរកម្ពុជា-ថៃ មានចំនួន ២៧០ ជើង ក្នុងមួយសប្ដាហ៍ (ទ្វេទិស)​ ដែលមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការហោះហើរ (ក្រុមហ៊ុនអាកាសចរណ៍ជាតិ ៣ និងក្រុមហ៊ុនអាកាសចរណ៍អន្តរ​ជាតិ ៧ (ថៃ ៥)។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល មានប្រសាសន៍ថា​ កំណើន​ដ៏រឹងមាំនេះ ដោយសារការងើបឡើង​វិញយ៉ាងខ្លាំង​នៃចំនួន​ទេស​ចរ​ចិន​ដែល​ធ្វើដំណើរចេញក្រៅប្រទេស, ​និរន្តរភាព​តម្រូវការធ្វើ​ដំណើរតាមផ្លូវអាកាស​ក្នុងតំបន់ជា​អាទិ៍ពី​ប្រទេស​ថៃ វៀតណាម កូរ៉េ និង​ជប៉ុន ​និង​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹងក្នុងការធ្វើដំណើរ និង​ការស្តារ និង​ពង្រឹងសមត្ថភាព​ក្រុមហ៊ុនអា​កាសចរណ៍​ឡើង​វិញ។​

លោក ស៊ីន ចាន់សិរីវុត្ថា បន្ថែមថា ​ការងើបឡើងវិញ ​និង​ការពង្រីកសមត្ថភាពក្រុមហ៊ុន​អាកាស​ចរណ៍​ក៏បានដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការជំរុញចំនួនអ្នកដំណើរ។ ​

​កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ​៣៦ ក្រុមហ៊ុន (ជាតិ ៤ និងអន្តរជាតិ ៣២) និងកំពុង​តភ្ជាប់​ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។

ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍​កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង​ ប្រទេស ព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ​ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី។

យោងតាមអាកាសចរស៊ីវិល នៅក្នុងឆ្នាំ ២០២៥ កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​ចេញ-ចូលតាម​ផ្លូវ​អាកាស​ជិត ៧ ​លាន​នាក់ កើនឡើង ១២% ធៀបនឹងឆ្នាំ ២០២៤ ដែលមាន​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) ​ចំនួន ​៦៤ ៨២១ជើង កើនឡើង ១១% និងទំនិញតាមផ្លូវអាកាសមានចំនួន ​៩៣ ៨៨៩ តោន ​កើន ២១%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម