Connect with us

សេដ្ឋកិច្ច

​កម្ពុជា​រកចំណូល​បានជាង ​៦២ ​លានដុល្លារ ​ពីការ​នាំចេញ​ជ័រកៅស៊ូ​ កើន​ឡើង​ខ្ពស់ ​នៅខែមករា

បានផុស

នៅ

កម្ពុជា​រកចំណូល​បាន​ជាង ​៦២ ​លានដុល្លារ ​ពីការនាំចេញជ័រកៅស៊ូ ​នៅក្នុងខែមករា ​ឆ្នាំ ២០២៦ ​កើនឡើង ២៦,៣២% ​ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ឆ្លុះបញ្ចាំង​ពីការ​រក្សា​បាន​នូវស្ថិរ​ភាព​ទីផ្សារតម្លៃ​ជ័រកៅស៊ូ។​ ​នេះបើយោងតាមទិន្នន័យ​របស់អគ្គ​នាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ម៉ែន ​សុភក្តិ ​ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​ ​មានប្រសាសន៍ថា​ ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច ​នយោបាយ ​នៅលើពិភពលោកជួបបញ្ហា ​ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា ​បន្តមាន​ស្ថិរ​ភាព​ល្អ ​ខណៈតម្លៃក៏​បានខ្ពស់​គួរសម។​

​ប្រធាន​សមាគមរូបនេះបានបន្ថែមថា ​គោលនយោបាយរបស់រាជរដ្ឋាភិបាលមានការគាំពារទៅលើ​អ្នកវិនិ​យោគ​ដែល​មកផលិតជាផលិតផលសម្រេច​ក្នុងស្រុក ​ស្របពេលដែល​កម្ពុជាមានវត្ថុធាតុ​ដើមច្រើន​អាចផ្គត់ផ្គង់​ទៅរោង​ចក្រកែច្នៃ​ដែលមកពីក្រៅប្រទេសបាននោះ ជាពិសេស​ ដូចជារោងចក្រ​កង់​ឡាន​ចំនួន ៦ រោងចក្រ ​កំពុងដំណើរការ ​ដែលបានប្រមូល​ទិញវត្ថុ​ធាតុដើមក្នុង​ស្រុក​កមកកែច្នៃ​ដើម្បី​យកទៅប្រើប្រាស់។ ​

​នៅក្នុងឆ្នាំ ២០២៥ ​តម្លៃ​ជ័រកៅស៊ូ​ជាមធ្យមលក់ចេញ ​១៧៥៦ ​ដុល្លារ ​ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤។ ​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុង ​ឆ្នាំ ២០២៥ ​ចំណូល​បានពីការនាំចេញជ័រកៅស៊ូទទួលបាន​ ៥៦២ លានដុល្លារ ​ធ្លាក់ចុះជាង ៦% ធៀបនឹងឆ្នាំ ២០២៤ ដោយសារ​កំណើនតម្រូវការប្រើប្រាស់ក្នុង​ស្រុក​ខ្ពស់។ ​បរិមាណប្រើប្រាស់ក្នុងស្រុក មានចំនួនជាង ១២ ម៉ឺនតោន កើនឡើង១៤៦% ធៀបនឹងឆ្នាំ ២០២៤។

​គិតមកទល់ពេលនេះ កម្ពុជា​មានផ្ទៃដីដាំដុះកៅស៊ូ​សរុបជិត ​៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន​ ដែលពីមុន​ជ័រកៅ​ស៊ូមាន​ការនាំចេញ​ទាំងស្រុង ​ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុង​ស្រុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម