Connect with us

ព័ត៌មានជាតិ

ក្រសួងដែនដី នឹងចុះពិនិត្យដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋអាស្រ័យផលក្នុងអគារអតីតសាលាបឋមសិក្សាបដិវត្តន៍នៅថ្ងៃទី៣មីនា

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំក្រុមការងារ សហការជាមួយរដ្ឋបាលសង្កាត់ ផ្សារថ្មីទី៣ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយប្រជាពលរដ្ឋដោយផ្ទាល់ និងឈានដល់ការហ៊ុមព័ទ្ធទីតាំងអគារ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ និងអាស្រ័យផល ក្នុងសំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ចូលរួមសហការអនុវត្តប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួង នឹងធ្វើការរៀបចំហ៊ុមព័ន្ធរបងហាមចូលទីតាំងសំណង់អគារនេះគិតចាប់ពីថ្ងៃជូនដំណឹងតទៅ ហើយការហ៊ុមព័ទ្ធនេះ គឺជាសារជូនដំណឹងដល់សាធារណជន ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋ។

បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមក ក្រសួងក៏បានរៀបចំក្រុមការងារសហការជាមួយ រដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណកម្មប្រជាពលរដ្ឋដែលកំពុងរស់នៅ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារសាលាបឋមសិក្សាបដិវត្តន៍ រួចហើយដែរ។

សូមបញ្ជាក់ថា អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ មានទីតាំងស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការប្រកាសព័ត៌មានរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយយោងពីលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់នៃក្រសួង បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ និងពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះ ស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមច្រេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ដែលអាចប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើត មានឡើងភ្លាមៗ”។

តាមការប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលនោះ ក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារ ត្រូវស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម