Connect with us

ព័ត៌មានជាតិ

បច្ចុប្បន្នភាពការដួលសន្លប់កម្មកររោងចក្រស៊ីហាវ ៖ ក្រសួងការងារថា កម្មករ ១៩ នាក់ ជាសះស្បើយចេញទៅផ្ទះវិញ ខណៈមូលហេតុបឋមអាចមកពីការកើនកម្ដៅក្នុងអគារផលិតកម្ម

បានផុស

នៅ

កម្មករ-និយោជិត នៃ​រោងចក្រ ស៊ីហាវ ហ៊ែនប៊ែន ឯ.ក ដែល​មាន​អាស័យដ្ឋាន​នៅ​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល សរុប ១៩ នាក់ បាន​ជា​សះស្បើយ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែ​មីនា នេះ ខណៈ​កម្មករ ១២ នាក់ ផ្សេង​ទៀត កំពុង​សម្រាក​បន្ត​នៅ​មណ្ឌល​សុខភាព​ព្រែក​អញ្ចាញ និង​មន្ទីរពេទ្យ​ឯកជន​គុយវ៉ែត។ នេះ​បើ​តាម លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថ្លែង​ថា “សុខទុក្ខ​របស់​កម្មករ គឺជា​ការងារ​អាទិភាព​របស់​ក្រសួង​ដែល ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​ការងារ​លោក​យក​ចិត្ត​ទុក​ដាក់។ ក្នុង​នោះ ភ្លាមៗ ក្រោយ​ទទួល​បាន​ដំណឹង ​ក្រុម​មន្ត្រី​ជំនាញ​របស់​ក្រសួង រួមទាំង​មន្ទីរ ក.ប.ខេត្ត​កណ្តាល ផង បាន​ចុះ​ពិនិត្យ និង​ជួយ​សម្រួល​ជូន​បងប្អូន​ទៅកាន់​មន្ទីរពេទ្យ និង​បន្ត​សម្របសម្រួល​នៅ​ទីតាំង​ជាក់ស្តែង ខណៈ​ដែល​ជំនាញ​ផ្នែក​សុវត្ថិភាព​ការងារ​របស់​ក្រសួង កំពុង​អង្កេត និង​សរុប​លើ​ការ​អង្កេត ដើម្បី​ផ្ដល់​សេចក្ដី​សន្និដ្ឋាន​រួម”។

អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ខែ​មីនា ថា ការ​ដួល​សន្លប់​កម្មករ-និយោជិត រោងចក្រ​ស៊ីនហាវ ហ៊ែនប៊ែក ឯ.ក ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនេះ គឺ​ផ្តើម​ចេញ​ពី​កម្មការិនី​ចំនួន ២ នាក់ ទី១-ឈ្មោះ រស់ ស្រីនី អាយុ ៣៦ ឆ្នាំ និង ទី២-ឈ្មោះ វេង ណៃ​លីន អាយុ ៣៤ ឆ្នាំ ដែល​ធ្វើការ​នៅ​ផ្នែក​ដេរ​ជាមួយ​គ្នា មាន​អាការ​វិលមុខ ថប់ដង្ហើម ទន់​ដៃ​ទន់​ជើង​សន្លប់។ បន្ទាប់មក កម្មករ​ដែល​នៅ​ជិត​គាត់​បាន​គ្រា​ជនរងគ្រោះ​ទៅ​បន្ទប់​ពេទ្យ​រោងចក្រ ពេលនោះ​ក្រុមការងារ​ជំនួយការ​ផ្នែក​រដ្ឋបាល​បាន​ជួយ​ធ្វើការ​សង្រ្គោះ​បឋម​ភ្លាមៗ និង បាន​បញ្ជូន​បន្ត​ទៅ​មជ្ឈមណ្ឌល​សុខភាព​ព្រែក​អញ្ចាញ។ ចំណែក​កម្មករ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ​បាន​ឃើញ​ហេតុការណ៍​នេះ ក៏​មាន​អាការ​ភិតភ័យ ទន់ដៃទន់ជើង សន្លប់​ត​គ្នា ជាបន្តបន្ទាប់។

លោក​ថ្លែង​បន្ត​ថា “មូលហេតុ​បឋម​ដែល​ក្រុម​ជំនាញ នៃ​ក្រសួង​ការងារ​រក​ឃើញ គឺ រោងចក្រ​មាន​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ខ្យល់ និង​ការ​សំអាត​បរិយាកាស​ក្នុង​អគារ​ផលិតកម្ម​ពុំ​បាន​ត្រឹមត្រូវ បរិយាការ​កម្ដៅ​ក្នុង​អគារ​ផលិតកម្ម​មាន​សភាព​ក្ដៅ និង​មាន​ក្លិន​កាវ”។

បើ​តាម លោក ស៊ុន មេសា កម្មករ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដោយ​មាន​ប្រាក់ឈ្នួល​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ៥ ខែ​មីនា និង​ចូល​ធ្វើការ​នៅ​ថ្ងៃ​ទី ៦ ខែ​មីនា ឆ្នាំ ២០២៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម