Connect with us

ព័ត៌មានជាតិ

សម្ដេច​សភាធិបតី​៖ យើង​ត្រូវ​នាំ​គ្នា​បញ្ចប់​សង្គ្រាម​បើ​មិន​ដូច្នេះ​សង្គ្រាម​នឹង​បញ្ចប់​យើង​ទាំង​អស់​គ្នា​​

បានផុស

នៅ

ប្រធាន​សភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ការ​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​សង្គ្រាម​ក្នុង​ពិភព​លោក​គឺ​ជា​រឿង​សំខាន់​ក្នុង​កាលៈទេសៈ​ដែល​ពិភព​លោក​កំពុង​ញាំ​ញី​ដោយ​សង្គ្រាម​ពេញ​ទី​ដូច​ជា​ពេល​នេះ​។ សម្ដេច​ថ្លែង​ដោយ​បង្ហាញ​នូវ​ក្ដី​បារម្ភ​ពី​មនុស្ស​ជាតិ​ដែល​រង​ទុក្ខ​ផ្ទួន​ៗ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​រដ្ឋសភា​ហុងគ្រី​លោក ជីយ៉ចជី ស៊ូច (Gyorgy Such) នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៦ នៅ​វិមាន​រដ្ឋសភា​​ សម្ដេច​សភាធិបតី ឃួន សុដារី បាន​លើក​ឡើង​ថា ដោយ​បាន​បង្ហាញ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សន្តិសុខ​សកល​ ដោយ​បញ្ជាក់​ថា​សន្តិភាព​ជា​តម្រូវ​ការ​របស់​ពលរដ្ឋ​គ្រប់​ជាតិ​សាសន៍ ហើយ​បាន​កត់​សម្គាល់​ពី​តម្លៃ​សន្តិភាព​ដែល​ហុង​គ្រី និង​កម្ពុជា​ បាន​ផ្ដល់​ឱ្យ​ដូច​គ្នា​។ សម្ដេច​បាន​ជំរុញ​យ៉ាង​ណា​ឱ្យ​ប្រទេស​ទាំង​ពីរ​រួម​ចំណែក​ណា​មួយ​ក្នុង​ពិភព​លោក​ដើម្បី​អាច​ធ្វើ​ឱ្យ​ពិភពលោក​បញ្ចប់​សង្គ្រាម​ត្រលប់​មក​រួម​រស់​នឹង​គ្នា​ដោយ​សុខដុម​នីយកម្ម​ឡើង​វិញ។

សម្ដេច​ថា៖ «យើង​ត្រូវ​នាំ​គ្នា​បញ្ចប់​សង្គ្រាម​បើ​មិន​ដូច្នេះ​សង្គ្រាម​នឹង​បញ្ចប់​យើង​ទាំង​អស់​គ្នា​»


នាយ​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្ដេច​ប្រធាន​សភា​លោក កែវ ពិសិដ្ឋ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា សង្គ្រាម​មិន​អាច​បញ្ចប់​ដោយ​សង្គ្រាម​បាន​ទេ​ មាន​តែ​ការ​ជជែក​គ្នា​​ដោយ​គោរព​លើ​ច្បាប់​អន្តរជាតិ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា​ការ​លើក​ឡើង​របស់​សម្ដេច​ប្រធាន​សភា គឺ​ចង់​ឱ្យ​ហុងគ្រី និង​កម្ពុជា​ប្រើ​វេទិកា​អន្តរជាតិ​ដែល​ខ្លួន​មាន​សំឡេង​ក្នុង​ការ​ជំរុញ​ដល់​ប្រទេស​តូច​ៗ​ផ្សេង​ទៀត​រួម​គ្នា​បដិសេធ​នូវ​ការ​ប្រើប្រាស់​សង្គ្រាម​ប្រឆាំង​នឹង​រដ្ឋ​ដទៃ​នោះ។

លោក​ថា៖ «ពេល​ដែល​សំឡេង​ប្រទេស​តូចៗ​រួម​គ្នា​បង្កើត​ជា​សំឡេង​ធំ​មួយ​ ក៏​នឹង​ធ្វើ​ឱ្យ​ប្រទេស​ធំ​ៗ​ក្រែង​រអា​ដែរ។ ទោះ​បី​ជា​គាត់​ថា​គាត់​មាន​អំណាច​អាច​ប្រើ​អំណាច​យោធា​ប្រើ​កម្លាំង​ផ្សេង​ៗ​បាន​ក៏​ប៉ុន្ដែ​ក៏​គាត់​នៅ​តែ​គិត​ថា​គាត់​ខុស​ច្បាប់​អន្តរជាតិ​​ មនុស្ស​ទាំង​អស់​គ្នា​កំពុង​តែ​ចង្អុល​ដូច្នេះ​ជា​ស្វ័យ​ប្រវត្តិ​ប្រកដ​ជា​ថយ​ហើយ​ មិន​អាច​ធ្វើ​ខុស​ច្បាប់​តែ​ឯង​ទេ»


ក្នុង​ជំនួប​នោះ​អគ្គលេខាធិការ​សភា​ហុងគ្រី លោក ជីយ៉ចជី ស៊ូច បាន​គាំទ្រ​នូវ​ប្រសាសន៍​របស់​សម្ដេច​សភា​ធិបតី និង​សង្ឃឹម​ថា​ទំនាក់ទំនង​រវាង​កម្ពុជា និង​ហុងគ្រី នឹង​កាន់​តែ​រឹង​មាំ​មាន​ការ​​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ និង​គាំទ្រ​គ្នា​លើ​ឆាក​អន្តរជាតិ​កាន់​តែ​ច្រើន​។


ការ​អំពាវនាវ​រកសន្តិភាពនេះ ធ្វើឡើង​ខណៈ​ដែល​ស្ថានភាព​សង្គ្រាម​លើ​ពិភពលោក​កំពុង​រីករាលដាល។ ដោយឡែក សម្រាប់កម្ពុជា ផលវិបាក​នៃ​ការ​​ឈ្លានពាន​ពីសំណាក់​ប្រទេសថៃ​កាលពី​ចុងឆ្នាំ​២០២៥ កន្លងទៅ នៅតែជាបញ្ហាចំពោះមុខ ដោយបច្ចុប្បន្នមានពលរដ្ឋខ្មែរជិត ៥ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅឋានវិញបាននៅឡើយទេ៕ ​

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម