Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល៖ ពាក់កណ្តាលនៃមីស៊ីលបាលិស្ទីក ៣០០គ្រាប់របស់អ៊ីរ៉ង់ ផ្ទុកក្បាលគ្រាប់ចង្កោម

បានផុស

នៅ

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាន​ឲ្យ​ដឹង​​ថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី២៨​ខែកុម្ភៈ ប្រទេស​អ៊ីរ៉ង់​បានបាញ់មីស៊ីលបាលិស្ទីកប្រហែល​៣០០​គ្រាប់ ដែលក្នុងនោះ​៥០ភាគរយ មានផ្ទុកគ្រាប់បែកចង្កោម។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់ Times of Israel កាល​ពីថ្ងៃទី​១០​មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បាលគ្រាប់ប្រភេទនេះ អាចបំបែកជាគ្រាប់បែកតូចៗរាប់សិបគ្រាប់គ្របដណ្តប់លើផ្ទៃដីក្នុងរង្វង់១០​គីឡូម៉ែត្រ ដែលបង្កជាបញ្ហាប្រឈមយ៉ាងខ្លាំងដល់ប្រព័ន្ធការពារអាកាស និងបានបណ្តាល​ឲ្យ​មានមនុស្សស្លាប់នាពេលថ្មីៗនេះនៅចំ​កណ្តាលប្រទេសអ៊ីស្រាអែល។ ទោះបីជាខាង IDF អះអាងថាបានកម្ទេចជើងទម្របាញ់មីស៊ីលរបស់អ៊ីរ៉ង់​អស់ប្រហែល ៦០% ក៏ដោយ ក៏​មន្ត្រីយោធាបានព្រមានថា ការការពារទាំងស្រុងពីអាវុធប្រភេទនេះគឺមិនអាចទៅរួចឡើយ ព្រោះវាត្រូវបានរចនាឡើងដើម្បីសម្លាប់មនុស្សក្នុងទ្រង់ទ្រាយធំ ជាជាងការបាញ់ចំគោលដៅច្បាស់លាស់។

រហូតមកដល់ពេលនេះ ជម្លោះបានបណ្តាល​ឲ្យ​មនុស្ស​១២​នាក់ស្លាប់ និង​​២​០០០​នាក់រងរបួសនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ បានកំណត់គោលដៅលើមូលដ្ឋានទ័ព ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់លំនៅដ្ឋាន។ ដ្បិត​ស្ថានការណ៍នៅតែតានតឹង ប៉ុន្តែ IDF សង្កេតឃើញថា អ៊ីរ៉ង់​ហាក់កំពុងជួបការលំបាកក្នុងការសម្របសម្រួលការបាញ់ក្នុងទ្រង់ទ្រាយធំ ដោយចំនួននៃការបាញ់ប្រចាំថ្ងៃបានធ្លាក់ចុះពី​៩០​គ្រាប់នៅដើមសង្គ្រាម មកនៅត្រឹមក្រោម​២០​គ្រាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីថ្ងៃអង្គារ ដ្រូនរបស់​អ៊ីស្រាអែល បានទទួលជោគជ័យក្នុងការកម្ទេចជើងទម្របាញ់មីស៊ីលមួយកន្លែងនៅភាគខាងលិចប្រទេស​អ៊ីរ៉ង់ តែប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលវាគ្រោងនឹងបាញ់ចេញ។

ការប្រើប្រាស់គ្រាប់បែកចង្កោមនេះ បានបង្កជាហានិភ័យរយៈពេលវែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រាប់បែកតូចៗដែលមិនទាន់ផ្ទុះ អាចស្ថិតនៅទីនោះរាប់ឆ្នាំ ដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងកុមារ។ ទោះបីជាមានប្រទេសចំនួន១២៣ បានចុះហត្ថលេខាលើអនុសញ្ញាទីក្រុង Oslo ឆ្នាំ២០០៨ ដើម្បីហាមឃាត់អាវុធប្រភេទនេះក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ មិនបានចូលរួមក្នុងសន្ធិសញ្ញានេះទេ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម