Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យមានការរួមគ្នាបង្កើនការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស

បានផុស

នៅ

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គម រួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ពលរដ្ឋពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារជំរុញ និងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានរកឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេសមានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ស សុខា បានសង្កត់ធ្ងន់ថា គ្រប់គ្នានៅក្នុងសង្គមត្រូវតែមានទំនួលខុសត្រូវក្នុងការរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងអាជ្ញាធរ។

បើតាមលោករដ្ឋមន្ត្រីមហាផ្ទៃ ក្នុងឆ្នាំកន្លងទៅ សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋានបានវាយលុក និងបង្ក្រាបសំបុកបទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណីបានជាច្រើនករណី ដែលក្នុងនោះបទល្មើសជួញដូរមនុស្សត្រូវបានបង្ក្រាបទន្ទឹមគ្នានឹងប្រសិទ្ធភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្ស ជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ មានចំនួន២៧២ករណី ដែលក្នុងនោះ គឺអំពើជួញដូរមនុស្សមាន១២៨ករណី ឃាត់ខ្លួនជនសង្ស័យ២០៩នាក់ និងមានជនរងគ្រោះ៦០៩នាក់ (អនីតិជនសរុប៦០នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម