Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់បញ្ជាក់​ពី​មរណភាព​ប្រធាន​​​សន្តិសុខ​​កំពូល​របស់​ខ្លួន លោក Ali Larijani

បានផុស

នៅ

លេខាធិការដ្ឋាននៃប្រទេសអ៊ីរ៉ង់ បានប្រកាសជាផ្លូវការ​​អំពីការបាត់បង់ជីវិតរបស់ប្រធានសន្តិសុខកំពូល​​លោក Ali Larijani ដោយបានលើកតម្កើងរូបលោកថាជា «អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ» ដែលបានលះបង់ពេញមួយជីវិតដើម្បីបដិវត្តន៍ឥស្លាម និងមហិច្ឆតាដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។

លោក Ali Larijani (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍​នា​ថ្ងៃពុធ​ទី​១៨​ខែ​មីនា​ឆ្នាំ​២០២៦​នេះ បាន​សរសេរ​រៀបរាប់​ថា លោក Larijani បានសម្រេចនូវ «បំណងប្រាថ្នាដ៏យូរអង្វែង» របស់លោក ក្នុងនាមជាអ្នកតស៊ូដ៏មោះមុតដែលបានពលីជីវិត ដើរតាមគន្លងរបស់មេដឹកនាំមុនៗ ដូចជា លោក Ayatollah Seyed Ali Khamenei, លោក Seyed Hassan Nasrallah និងលោក Qassem Soleimani ជាដើម។

យោង​តាម​ទីភ្នាក់ងារ​​ព័ត៌មាន​អ៊ីរ៉ង់ Tasnim លោក Larijani ត្រូវ​បាន​សម្លាប់​ជាមួយកូនប្រុសម្នាក់​របស់លោកឈ្មោះ​ Morteza ព្រមទាំងក្រុមអង្គរក្សការពារជាច្រើនរូបទៀត។

សូម​ជម្រាប​ថា កាល​ពីថ្ងៃទី​១៧​មីនា អ៊ីស្រាអែលបានប្រកាសថា លោក Larijani និងប្រធានកងកម្លាំង Basij លោក Gholamreza Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានបញ្ជាក់ថា អ្នកទាំងពីរត្រូវបាន «កម្ចាត់» និងបានទៅរួមជោគវាសនាជាមួយអតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលបានស្លាប់កាលពីថ្ងៃទី២៨ខែកុម្ភៈ។

ចាប់តាំងពីសង្គ្រាមមក មនុស្សជាង ១ ៣០០​នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលការវាយប្រហារសងសឹកដោយមីស៊ីលរបស់អ៊ីរ៉ង់បានសម្លាប់មនុស្ស ១២នាក់ក្នុងប្រទេសអ៊ីស្រាអែល។ ទោះបីជាមានការបាត់បង់ថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដោយ ក៏អ៊ីរ៉ង់នៅតែបន្តបាញ់ស្រោចមីស៊ីល និងដ្រូនសំដៅទៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ដែលផ្តល់ទីតាំងយោធា​ឲ្យ​អាមេរិក។ ដោយឡែក លោក Mojtaba Khamenei ដែលជាអ្នកបន្តតំណែងពីឪពុក មិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ រហូត​មក​ទល់​នឹង​ពេល​នេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម