Connect with us

ព័ត៌មានជាតិ

រដ្ឋសភា​រៀបចំ​ស្នាក់​ការ​​តាម​ខេត្ត​ឡើង​វិញ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និត​ជា​មួយ​ពលរដ្ឋ

បានផុស

នៅ

ទីស្នាក់ការ​រដ្ឋសភា​​តាម​ខេត្ត​នីមួយ​ត្រូវ​បាន​ប្រធាន​សភា​ សម្ដេច​សភាធិបតី ឃួន សុដារី បញ្ជា​ឱ្យ​រៀបចំ​ និង​សាងសង់​ថ្មី ជា​ជំហាន​ថ្មី​នៃ​យុទ្ធសាស្ត្រ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន និង​ភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និត​រវាង​អ្នក​តំណាង​រាស្ត្រ​ក្នុង​មណ្ឌល​ជាមួយ​ពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ ​លោក កែវ ពិសិដ្ឋ បាន​ឱ្យ​ដឹង​ថា​ការ​រៀបចំ​មណ្ឌល​សភា​តាម​ខេត្ត​ឡើង​វិញ​នេះ​នឹង​​​​ផ្ដល់​សេវា​របស់​សភា​ដល់​ពលរដ្ឋ​កាន់​តែ​ច្រើន រួម​ទាំង​ជំនួប​រវាង​អ្នក​តំណាង​រាស្ត្រ​និង​ពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន ​ជា​កន្លែង​ផ្ដល់​ព័ត៌មាន​ពី​ច្បាប់ រួម​ទាំង​ការ​បង្ហាញ​ព័ត៌មាន​ថ្មីៗ​ពី​រដ្ឋសភា​ដល់​ពលរដ្ឋ ​ការ​ LIVE ផ្ទាល់​នៃ​កិច្ច​ប្រជុំ​សភា​ និង​ជា​កន្លែង​ទទួល​បណ្ដឹង​ពី​ពលរដ្ឋ​ផង​ដែរ​។

លោក​ថា៖ «ជា​ទូទៅ​នៅ​សភា​របស់​យើង​តែង​តែ​ទទួល​នូវ​ពាក្យ​បណ្ដឹង​​ពេល​ដែល​ប្រជាជន​គាត់​ដាក់​ប្ដឹង​ពេល​ដែល​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ហ្នឹង​ទទួល​រង​រឿង​អយុត្តិធម៌​ណាមួយ​។ អ៊ីចឹង​​អ្នក​តំណាង​រាស្ត្រ​តែង​តែ​ទទួល​ពាក្យ​បណ្ដឹង​របស់​គាត់​ហើយ​តែង​តែ​ពិនិត្យ​និង​ធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជា​ប្រចាំ។ អ៊ីចឹង​ស្នាក់​ការ​សភា​នៅ​តាម​ខេត្ត​នានា​នឹង​ដើរ​តួនាទី​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់ និង​តួនាទី​ភារកិច្ច​របស់​សភា​កាន់​តែ​ជិត​ជាមួយ​ប្រជាជន​ថែម​ទៀត​ និង​ចូលរួម​ចំណែក​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ»


​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ លោក អុន ថារិទ្ធ គាំទ្រ​ចំពោះ​ការ​រៀប​ចំស្នាក់ការសភាតាម​ខេត្ត​ឡើង​វិញ​នេះ​ដោយ​ថា​ទីតាំង​នេះ​​នឹង​ក្លាយ​ជា​ទី​តាំង​ជំនួប​រវាង​ពលរដ្ឋ​និង​អ្នក​តំណាង ក្លាយ​ជា​​ជា​ទីពឹង​ និង​ជា​ការ​ជួយដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​​នៅ​មូលដ្ឋាន។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ដូច​ថា​មាន​មណ្ឌល​អ្នក​តំណាង​រាស្ត្រ​នៅ​កំពង់ចាម​វា​បាន​ផ្សារភ្ជាប់​រវាង​អ្នក​តំណាង​នឹង​ប្រជាពលរដ្ឋ​ ពេល​ដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា​ប្រជាពលរដ្ឋ​មាន​សំណូម​ពរ​គឺ​​ប្រជាពលរដ្ឋ​អាច​ទៅ​ប្រាប់​តំណាង​រាស្ត្រ​ហើយ​តំណាង​រាស្ត្រ​យក​អ្វី​ដែល​ជា​ទុក្ខ​លំបាក​​បញ្ហា​ប្រឈម​របស់​ប្រជាជន​ហ្នឹង​ទៅ​ដោះស្រាយ​នៅ​សភា​បាន​ផង​ដែរ​។ អ៊ីចឹង​ការ​ធ្វើ​បែប​នេះ​ធ្វើ​ឱ្យ​អាច​នឹង​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​ជាតិ​​ហើយ​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​មាន​ការ​រីក​ចម្រើន​ផង​ដែរ​»។


កម្ពុជា​មាន​អ្នក​តំណាងរាស្ត្រ​ចំនួន​១២៥នាក់​ ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​តាំង​រៀងរាល់​៥​ឆ្នាំ​ម្ដង​ពី​ពលរដ្ឋ​ដែល​រស់​នៅ​មណ្ឌល​ដែល​អ្នក​តំណាង​ឈរ​ឈ្មោះ​ទាំង​២៥​ ខេត្ត​រាជធានី​។

កម្ពុជា​ក៏​មាន​ទីស្នាក់ការ​រដ្ឋសភា​នៅ​តាម​ខេត្ត​នីមួយ​ៗ​ផង​ដែរ និង​ត្រូវ​បាន​កែ​ទម្រង់​រៀបចំ​ថ្មី​ជា​បន្តបន្ទាប់​ក្រោម​អាណត្តិ​ដឹកនាំ​របស់​ប្រធាន​សភា​សម្ដេចសភាធិបតី ឃួន សុដារី ក្នុង​អាណត្តិ​ទី​៧​នេះ​។ មក​ដល់​ពេល​នេះ​មាន​មណ្ឌល​៤​ហើយ​ដែល​ត្រូវ​បាន​រៀបចំ​សាងសង់​ជា​ថ្មី​មាន​ទីស្នាក់ការ​សភា​ខេត្ត​តាកែវ កំពង់​ឆ្នាំ សៀមរាប និង​ក្រចេះ៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម