Connect with us

ព័ត៌មានអន្ដរជាតិ

​យោធាអាមេរិក​ ថា ​សមត្ថភាព​អ៊ីរ៉ង់​​គ្រប់គ្រង​នៅ​ច្រក​ Hormuz ចុះ​ខ្សោយ​

បានផុស

នៅ

​ខណៈ​ច្រក Hormuz បាន​ក្លាយ​ជា​​​​​របត់​ការទូត​​ដ៏ក្តៅ​គគុក​នាពេលបច្ចុប្បន្ន​​​​ យោធាអាមេរិក បាន​​អះអាង​កាល​​ពីថ្ងៃសៅរ៍ថា សមត្ថភាព​របស់​អ៊ីរ៉ង់​​ក្នុង​ការ​គ្រប់​គ្រង​​ច្រកសមុទ្រ Hormuz ​​ចុះខ្សោយហើយ ដោយការ​ទម្លាក់គ្រាប់បែក​​របស់​អាមេរិកលើទី​តាំង​ក្រោម​ដី​មួយ​​ ចំកន្លែង​​រក្សា​ទុក​មីស៊ីល​បញ្ជាទិស និងអាវុធផ្សេងៗ​ទៀត។

យោង​តាម​សារព័ត៌មាន CNA និង AFP ចេញ​​ផ្សាយ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ យោធាអាមេរិក​​​បាន​យកគ្រាប់បែក​ទម្ងន់​​​ធ្ងន់ៗមួយ​ចំនួនបញ្ជូន​មក​ពី​ឃ្លាំង​អាវុធ​របស់ខ្លួន ដើម្បីទម្លុះទីតាំងមីស៊ីល​អ៊ីរ៉ង់​ដែលនៅ​កន្លែង​ជាប់គ្នាៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Brad Cooper មេបញ្ជាការ​នៃបញ្ជាការកណ្តាល​សហរដ្ឋអាមេរិក។ រូបភាព៖ Military.com

លោក Brad Cooper មេបញ្ជាការ​នៃបញ្ជាការកណ្តាល​សហរដ្ឋអាមេរិក ​(CENTCOM) លើក​ឡើង​ថា​ កង​កម្លាំង​យោធា​របស់​អាមេរិក​​បាន​ទម្លាក់​គ្រាប់​បែក​ទម្ងន់​​ជាង​២តោន (២២៦០គីឡូក្រាម)​ ជា​​ច្រើន​គ្រាប់លើកន្លែង​រក្សាទុក​​មីស៊ីល​​ក្រោម​ដី​ដែល​ក្រុង​តេហេរ៉ង់​​រក្សា​មីស៊ីល​​ដើម្បី​ប្រឆាំង​នាវា​តាមច្រក​សមុទ្រ​ ជើង​ទម្របាញ់មីស៊ីល​ចល័ត និងឧបករណ៍ផ្សេងៗទៀតនៅតាមបណ្តោយ​ឆ្នេរសមុទ្រអ៊ីរ៉ង់។

លោក Cooper បាន​បង្ហោះ​សារ​ក្នុង​វីដេអូ​​ផ្សព្វផ្សាយ​លើបណ្តាញ​សង្គម​ X ថា៖«យើងមិន​ត្រឹមតែបានរុះ​រើកន្លែងនោះទេ ប៉ុន្តែ​ថែមទាំង​​បំផ្លាញទីតាំង​​ចារកម្ម និង​ប្រព័ន្ធបញ្ជូន​រ៉ាដា​មីស៊ីល​ដែលពួក​គេ​​ប្រើ ដើម្បី​តាម​ដាន​ចលនានាវា​ផងដែរ»។

លោក បន្ថែម​ថា៖ «សមត្ថភាព​របស់អ៊ីរ៉ង់​ក្នុងការ​គំរាមកំហែង​ដល់សេរី​ភាពនៃការ​ធ្វើនាវាចរណ៍​​ជុំវិញ​ច្រកសមុទ្រ Hormuz ត្រូវ​បាន​ធ្លាក់​​ចុះ ហើយ​យើងនឹង​មិនឈប់តាម​ប្រមាញ់​​គោលដៅទាំងនេះទេ»។

ទីភ្នាក់ងារ​​ស៊ើបការណ៍​សម្ងាត់​​របស់​បញ្ជាការ​ CENTCOM ​បាន​បង្ហាញ​ពី​ការប្រើប្រាស់​ការ​ទម្លាក់​​គ្រាប់បែក​បំផ្លាញ​​បន្ទាយ​​​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​​​ដើមសប្តាហ៍ ប៉ុន្តែ​​នៅក្នុង​សារ​​របស់​​ ​លោក Cooper បាន​ពន្យល់​​លម្អិត​អំពី​ផល​ប៉ះពាល់​​របស់​​វាកាលពី​ថ្ងៃ​សៅរ៍ ខណៈ​​ទីក្រុង​វ៉ាស៊ីនតោន​​កំពុង​ស្ថិត​ក្រោម​​សម្ពាធ​​កាន់តែ​ខ្លាំង​ឡើង ​ក្នុង​ការ​​ដោះស្រាយ​ផលវិបាក​នៃ​សង្គ្រាម​នៅ​​អ៊ីរ៉ង់​លើ​តម្លៃ​ប្រេង ​និង​ពាណិជ្ជកម្ម​​ពិភពលោក។

លោក Cooper បន្ត​ថា មកដល់ពេលនេះ​យោធាអាមេរិកបាន​វាយប្រហារ​គោលដៅយោធា​អ៊ីរ៉ង់​ជាង ៨ ០០០ កន្លែង រួមទាំង​នាវា​ចំនួន ១៣០ គ្រឿង​ផងដែរ ក្នុង​រយៈពេលបីសប្តាហ៍​កន្លងមកនេះ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម