Connect with us

ព័ត៌មានជាតិ

កូរ៉េខាងត្បូង ៖ ពលករ និងសហគមន៍ខ្មែរ ៥ ពាន់នាក់ ចូលរួមគាំទ្រមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ការសម្តែងសិល្បៈ ដែលសហការរៀបចំដោយក្រសួងការងារ និងវិស័យឯកជន

បានផុស

នៅ

ពលករ និងសហគមន៍ខ្មែរនៅប្រទេសកូរ៉េខាងត្បូង ៥ ០០០ នាក់ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៦ នេះ បានចូលរួមគាំទ្រក្នុងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈដែលសហការរៀបចំដោយក្រសួងការងារ និងវិស័យឯកជន ដើម្បផ្តល់ការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងមហាព្រឹត្តិការណ៍នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំង លោក សេង សក្តា រដ្ឋលេខាធិការ ចូលរួមជាអធិបតីក្នុងមហាព្រឹត្តិការណ៍ការប្រដាល់គុនខ្មែរ និងការសម្តែងសិល្បៈ នៅសាលមហោស្រព SINTEX តំបន់ហ្វាសុង សាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពី លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយមរតកក្បាច់គុនបុរាណខ្មែរទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី សប្តស័ក ព.ស.២៥៦៩ ខាងមុខនេះ។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានរៀបចំវេទិកាសប្បុរសធម៌ក្នុងការកៀរគរជំនួយឧបត្ថម្ភជូនដល់ជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានផងដែរ។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ លោករដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះពលករ និងសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េទាំងអស់ផងដែរ។ ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានស្នើឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងធ្វើការ និងត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ក៏ដូចជាវប្បធម៌រស់នៅរបស់ប្រទេសកូរ៉េ ឱ្យបានល្អប្រសើរ ដើម្បីរក្សានូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

លើសពីនេះ លោក ក៏បានណែនាំពលរដ្ឋឱ្យចេះចាប់យកប្រយោជន៍ជាអតិបរមាពីបទពិសោធ នៃការស្នាក់នៅ និងធ្វើការនៅទីនេះ ដើម្បីក្រេបជញ្ជក់យកចំណេះដឹងបច្ចេកវិទ្យាទំនើបៗ និងបទពិសោធការងារល្អៗ ទៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅពេលត្រឡប់មកវិញ។ លោកបានសង្កត់ធ្ងន់ថា រាល់ចំណេះជំនាញ និងទម្លាប់ការងារល្អៗ ទាំងនេះ នឹងក្លាយជា “ទុនវិនិយោគផ្នែកបញ្ញា” ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់យកទៅអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសន្ទុះ នៃការអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងរឹងមាំបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម