Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ​ជុងអ៊ុន​ សន្យាពង្រឹងកូរ៉េខាងជើងជាមហាអំណាច​នុយក្លេអ៊ែរ និង​ចាត់ថា្នក់​កូរ៉េខាងត្បូង​ជារដ្ឋ​ «អរិភាព​បំផុត»

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង​ បានរាយការណ៍នៅ​ថ្ងៃអង្គារទី២៤មីនាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងពង្រឹងឋានៈប្រទេសរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរ ខណៈពេលដែលលោកនៅតែរក្សាជំហរដ៏ម៉ឺងម៉ាត់​ប្រឈម​ចំពោះកូរ៉េខាងត្បូង ដោយចាត់ទុក​​ជារដ្ឋ «សត្រូ​វ​​» ដ៏​គ្រោះ​ថ្នាក់​​បំផុត។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) បានដកស្រង់សម្តីរបស់លោក គីម ដែលបានថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃទីពីរ និងចុងក្រោយនៃសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូល ដោយ​​​លោក គីម ព្រមានអំពីផលវិបាកដ៏​​​គ្រោះថ្នាក់​​​ ប្រសិនបើមានការញុះញង់ណាមួយពីភាគីកូរ៉េខាងត្បូង។

លោក គីម ក៏បាននិយាយផងដែរថា ឋានៈរបស់ប្រទេស​កូរ៉េខាងជើង​​ជារដ្ឋ​​«​នុយក្លេអ៊ែរ»​ នឹងមិនផ្លាស់ប្តូរឡើយ ដោយសន្យាថា នឹងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង «កងកម្លាំងសត្រូវ​» ដែល​ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។

KCNA ក៏បានដកស្រង់សម្តីរបស់លោកគីម ដែល​ថ្លែង​ថា «សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ និងជ័យជម្នះ» ចុងក្រោយ​​ របស់ប្រទេសមួយអាចត្រូវបានធានាដោយមហាអំណាចដ៏មានឥទ្ធិពលបំផុត។ មិនថាសត្រូវជ្រើសរើសការប្រឈមមុខដាក់គ្នា ឬការរួមរស់ដោយសន្តិភាពនោះទេ នោះជាជម្រើសរបស់ពួកគេ ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងជម្រើសណាមួយ​ដែលសត្រូវ​​​ប្រកាន់​យក​​។

​មិនតែប៉ុណ្ណោះ មេដឹកនាំ​កូរ៉េ​​​​ដ៏​មាន​ឥទ្ធិពលរូបនេះ ក៏​បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្ក «ភេរវកម្ម និងការឈ្លាន​ពាន» នៅក្នុងតំបន់ជាច្រើននៃពិភពលោក ដោយហាក់ដូចជាសំដៅទៅលើសង្គ្រាមដែលកំពុងឆាប​ឆេះ​​ជាមួយអ៊ីរ៉ង់ ទោះបី​ជា​លោកមិនបាននិយាយយ៉ាងច្បាស់អំពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។

ការអត្ថាធិប្បាយរបស់លោក​គីមភាគច្រើនស្របនឹងសេចក្តីថ្លែងការណ៍នៅឯសមាជគណបក្ស​ពលករ​ដែលកំពុងកាន់អំណាចកាលពីខែមុន ជាវេទិកា​​​ដែលលោកបានរិះគន់ទីក្រុងសេអ៊ូល ប៉ុន្តែបានទុកទ្វារសម្រាប់ការសន្ទនាជាមួយរដ្ឋបាលលោកត្រាំ ដោយជំរុញឲ្យទីក្រុងវ៉ាស៊ីនតោនទម្លាក់ការទាមទាររបស់ខ្លួន សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាលក្ខខណ្ឌជាមុនសម្រាប់ដំណើរការចរចា៕​​

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម