Connect with us

ព័ត៌មានអន្ដរជាតិ

កាន់អំណាច​ជាង​៣០ឆ្នាំ ប្រធានាធិបតីបេឡារុស​​ ​ជាន់ដី​កូរ៉េខាងជើង​ដ៏កម្រ​​បំផុត​

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក ​Alexander Lukashenko ដែល​កាន់​អំណាច​​តាំងពីឆ្នាំ​១៩៩៤ ​បាន​បំពេញ​​ទស្សនកិច្ចជាផ្លូវការ​លើក​ដំបូង​​​របស់​ខ្លួន​ទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេល​នៃការ​កាន់​អំណាច​ជាង​​៣០ឆ្នាំ​ ចំពេល​ដែល​ពិភព​​​​​ប្រឈម​នឹង​ជម្លោះ​​​​​នៅស្ទើរ​តែ​គ្រប់ទីកន្លែង​។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Alexander Lukashenko និងលោក Kim Jong Un ចូលរួមក្នុងពិធីស្វាគមន៍នៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង (រូបភាព៖REUTERS)

ទីភ្នាក់ងារសារព័ត៌មានបេឡារុស Belta បានរាយការណ៍ថា មេដឹកនាំរូបបេឡារុស​កំពុងបំពេញទស្សនកិច្ចលើទឹកដីកូរ៉េខាងជើង ដោយចាប់ផ្ដើមកាលពីថ្ងៃពុធរហូតដល់ថ្ងៃព្រហស្បតិ៍​នេះ​ តបតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន សម្រាប់ការចរចាទ្វេភាគី។ ការច​រចា​​​​ទ្វេភាគី​ដែល​ត្រូវ​បាន​រាយការណ៍ថា នឹង​​ផ្តោត​សំខាន់​លើ​វិស័យ​ជា​ច្រើន ជាពិសេស​បំផុត​គឺ​វិស័យ​កា​រពារជាតិ​។​

សេចក្តីរាយការណ៍​នោះ បាន​លើក​ឡើងថា ជំនួប​កំពូល​នៃ​មេដឹកនាំ​​ទាំង​ពីរ​ត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីវិសាលភាពទាំងមូលនៃមធ្យោបាយសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋបេឡារុស និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ​ក្នុងដំណើរទស្សនកិច្ច​នោះ​​ មេដឹកនាំទាំងពីរក៏នឹងកំណត់​នូវ​វិស័យសំខាន់ៗដែលមានផលប្រយោជន៍ទៅវិញទៅមក និងគម្រោងដែលមានជោគជ័យបំផុតសម្រាប់ការអនុវត្តផងដែរ។

សេចក្តីរាយការណ៍​របស់ Belta បា​ន​លើក​ឡើង​ថា​ លោក គីម ជុងអ៊ុន បានរៀបចំពិធីស្វាគមន៍ជាផ្លូវការសម្រាប់លោក Lukashenko នៅទីលាន គីម អ៊ីលស៊ុង ដែលមានក្បួនដង្ហែរយោធា និងការសម្តែងភ្លេងជាតិរបស់ប្រទេសទាំងពីរជាដើម។ បន្ទាប់ពីពិធីនេះ មេដឹកនាំទាំងពីរបានទៅទស្សនាវិមានរំដោះ ដោយភាគីបេឡារុសបានដាក់កម្រងផ្កាជាកិត្តិយសដល់ទាហានសូវៀតដែលបានដួលរលំក្នុងអំឡុងពេលរំដោះកូរ៉េពីការគ្រប់គ្រងអាណានិគមជប៉ុន ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

យ៉ាងណាមិញ នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះផងដែរ កូរ៉េខាងជើង និងបេឡារុស ត្រូវបានគេជឿថា កំពុងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការគាំទ្ររួមគ្នារបស់ពួកគេចំពោះប្រទេសរុស្ស៊ី នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម