Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុន​រដ្ឋ​ចិន​ បង្កើន​ការ​បញ្ជាទិញ​ដំឡូងមី​ពី​កម្ពុជា​ ១ លានតោន​

បានផុស

នៅ

ក្រុមហ៊ុនចិន ​Guangxi State Farms Mingyang Starch Development Co., Ltd. ​បង្កើន​ការ​បញ្ជា​ទិញ​ដំឡូង​មី​ពី​កម្ពុជា​ប្រមាណ ១ ​លានតោន ​ដើម្បី​នាំចេញ​ទៅផ្គត់ផ្គង់ខ្សែ​ច្រវាក់​ផលិតកម្ម​ តាម​រយៈការសម្រប​សម្រួល​របស់​ក្រសួងពាណិជ្ជកម្ម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ស៊ុន ចាន់ថុល ​ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៦ ​ខែមីនា ២០២៦​ បានជួបពិភាក្សាការងារជាមួយ​លោក Chen Mingyu ​ប្រធាន​ក្រុមហ៊ុន ​Guangxi State Farms Mingyang Starch Development Co., Ltd.។​

​ក្រុមហ៊ុន Guangxi State Farms Mingyang Starch Development គឺជាសហគ្រាសរដ្ឋឈានមុខ និងមាន​ទ្រង់ទ្រាយធំមួយរបស់ចិន ​ក្នុងវិស័យកែច្នៃដំឡូងមី​ ដែលមានគុណភាពស្តង់ដារ​ទទួលស្គាល់​ដោយ​សហរដ្ឋ​អា​មេរិក។ ​

​​ក្រុមហ៊ុនរដ្ឋចិនមួយនេះ ​ក៏សិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែម​ដោយ​ផ្ទាល់​នៅកម្ពុជា ​និង​ផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាព​សហការជាមួយ​រាជបណ្ឌិត្យ​សភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ ​និង​ការ​កែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។​

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើការបង្កើតរោង​ចក្រកែច្នៃក្នុង​ស្រុក​ ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើត​ឱកាសការងារ​ជូនប្រជាពលរដ្ឋ។ ​

កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់​សេដ្ឋកិច្ច​អាស៊ាន-ចិន ​ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។​

​បើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល «ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា» ​របស់កម្ពុជា​ ដែលនឹង​ជួយ​សម្រួល​​ដល់​ការ​ដឹកជញ្ជូន​ឱ្យកាន់តែរហ័ស ​និង​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ធ្វើ​ឱ្យ​ផលិត​ផល​កម្ពុជា​មានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅ​លើ​ទីផ្សារសកល។

​លោក អិល ឈិញ ប្រធានសមា​គមកសិករដំឡូងមីខ្មែរ មានប្រសាសន៍ថា បច្ចុប្បន្នការ​ប្រមូលផល​ដំឡូង​មីសម្រេចបាន ៨០% ​ខណៈតម្លៃទីផ្សារ​ដំឡូងមី​ស្រស់​របស់កម្ពុជា នៅចុងរដូវ​នេះបាន​ស្ទុះឡើង​ដល់​ជាង ​៣០០ ​រៀល ​ក្នុង​មួយ​គីឡូក្រាម ​និង​ខេត្តមួយចំនួន​បាន​ជិត​ ៥០០ រៀល ​ខណៈដំឡូងមី​ក្រៀម​​មានតម្លៃ ​៧១០ ​រៀល ​ក្នុងមួយគីឡូក្រាម​។

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កម្ពុជា​រក​ចំណូលបាន ​៦៤៦ ​លានដុល្លារ ​ពីការនាំចេញដំឡូងមី ​ធ្លាក់ចុះ ១៤,៤៨% ​ប្រៀបធៀប​នឹង​ឆ្នាំ ​២០២៤។​

បរិមាណ​នាំ​ចេញ​ដំឡូងមី​ស្រស់​មានចំនួន ​៣ ១០៥ ៥០០ តោន ធ្លាក់​ចុះ​ ៩,៨២% នៅក្នុងឆ្នាំ ២០២៥ រីឯចំណិតដំឡូងមីក្រៀម​បាន​កើនឡើង ៦២,២២% ដែលមានចំនួន ១ ៥៦៥ ៩៤០ តោន ប្រៀប​ធៀបឆ្នាំ ​២០២៤៕​

​អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម