Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមរឹតធំ! ក្រុមហ៊ូធី ចាប់ផ្តើមបាញ់មីស៊ីលចេញពីយេម៉ែន វាយប្រហារអ៊ីស្រាអែលហើយ 

បានផុស

នៅ

ក្រុមឧទ្ទាមហ៊ូធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានចេញមុខគាំទ្រអ៊ីរ៉ង់ពេញទំហឹងនិងប្រកាសថា ខ្លួនបានបាញ់មីស៊ីលស្រោចលើអ៊ីស្រាអែលជាលើកដំបូង ចាប់តាំងពីសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីថ្ងៃទី២៨ខែកុម្ភៈ​ដែលនេះមានន័យថា សង្គ្រាមបានរាលដាលដល់សមរភូមិមួយទៀតហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ All Arab)

អ្នកនាំពាក្យក្រុមហ៊ូធី លោក Yahya Saree បានថ្លែងក្នុងសារមួយផ្សាយតាមទូរទស្សន៍ នៅថ្ងៃសៅរ៍ទី២៨ខែមីនាឆ្នាំ២០២៦ថា ការវាយប្រហារដោយមីស៊ីល បានកំណត់លើគោលដៅយោធាសំខាន់ៗរប​ស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងនៃដែនដីប៉ាឡេស្ទីន ហើយការវាយប្រហារនេះ ធ្វើឡើងក្នុងពេលដំណាលគ្នាជាមួយនឹងប្រតិបត្តិការរបស់កងកម្លាំងអ៊ីរ៉ង់និងក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ផងដែរ។

លោកអះអាងថា៖ «ប្រតិបត្តិការរបស់យើងនឹងបន្តរហូតដល់សម្រេចបាននូវគោលដៅ ហើយអំពើឈ្លានពានត្រូវបានបញ្ឈប់នៅលើសមរភូមិតស៊ូទាំងអស់»។

លោក Yahya Saree (រូប៖ Reuters)

ជុំវិញរឿងនេះ កងទ័ពអ៊ីស្រាអែលក៏បញ្ជាក់ដែរថា វាពិតជាមីស៊ីលដំបូងបង្អស់ដែលបាញ់ចេញពីប្រទេសយេម៉ែន នៅក្នុងសង្គ្រាមបច្ចុប្បន្នមែន ប៉ុន្តែប្រព័ន្ធការពារអាកាសបានធ្វើប្រតិបត្តិការដើម្បីស្ទាក់ចាប់ការគំរាមកំហែងនោះ។

ការចូលរួមដោយផ្ទាល់របស់ក្រុមហ៊ូធីនៅក្នុងជម្លោះនេះ នឹងធ្វើឲ្យស្ថានការណ៍នៅ សមុទ្រក្រហម កាន់តែតានតឹង ដែលអាចប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញតាមកប៉ាល់អន្តរជាតិបន្ថែមទៀត បន្ទាប់ពីវិបត្តិនៅច្រកសមុទ្រ Hormuz៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម