ព័ត៌មានជាតិ
ស្នងការរាជធានី បញ្ជាក់ពីការអនុវត្តវិន័យនគរបាលជាតិលើឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានចេញមកបំភ្លឺ និងបញ្ជាក់ពីការអននុវត្តការល្មើសវិន័យនគរបាលជាតិលើបុគ្គលឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការចេញមកបញ្ជាក់នាពេលនេះ ធ្វើឡើងក្រោយពីបុគ្គលឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនរៀបរាប់ពីការឈឺចាប់ និងការរងគ្រោះដោយសារអ្វីដែលលោកហៅថា “របាយការណ៍ភូតកុហក” និង “បក្ខពួកនិយម” នៅក្នុងអង្គភាព។ លោក ស៊ិន សុភា ក៏បានសម្តែងនូវការមិនសុខចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចបណ្តេញលោកចេញពីការងារ។

នៅក្នុងសំណេររបស់លោក ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានស្នើទៅ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យជួយរកយុត្តិធម៌ជូនលោកផង ហើយក៏ស្នើសុំឲ្យអធិការកិច្ច ក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតរឿងរបស់លោកឡើងវិញ។
តាមការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ ដែលក្នុងពេលបម្រើការងារជាមន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានសាងកំហុសឆ្គងជាបន្តបន្ទាប់បង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរនគរបាលជាតិ និងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ ស្លូតត្រង់ ដែលកន្លងមក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្តល់ឱកាសឲ្យឈ្មោះ ស៊ិន សុភា កែប្រែកំហុសឆ្គងនៅការិយាល័យបុគ្គលិកជាច្រើនដង តែឈ្មោះ ស៊ិន សុភា មិនព្រមកែខ្លួនហើយនៅតែបន្តកសាងកំហុសឆ្គង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២១: ឈ្មោះ ស៊ិន សុភា កន្លងមកធ្លាប់ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដោយបានប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្ដិ បង្ហោះជាវីដេអូចម្រៀងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងTik Tok ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលនាំឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មខាងវិន័យក្រោមរូបភាព បន្ថយឋានន្តរស័ក្ដិចំនួន១ថ្នាក់។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤: ឈ្មោះ ស៊ិន សុភា យកជនស៊ីវិលឲ្យចុះអនុវត្តការងារជំនាញនៅគោលដៅរបស់ខ្លួនគ្រប់គ្រង រៀបចំឲ្យឈ្មោះ យឹម សុផាណា ផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយទំលាក់កំហុសឲ្យមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្ដាន់ពីរ និងផ្ដើមគំនិតបង្កើតផេកក្លែងក្លាយឈ្មោះ គង់ ម៉ូលីកា បង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិត និងដាក់កំហុសលើមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅស្តុបក្តាន់ពីរ ថាមានភាពអសកម្ម ដែលខ្លួនបានរៀបចំ ដែលធ្វើឲ្យសាធារណៈមតិរិៈគន់ស្ថាប័ននគរបាលជាតិ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤: ឈ្មោះ ស៊ិន សុភា ឃាត់រថយន្ត១គ្រឿង ល្មើសភ្លើង សញ្ញាចរាចរណ៍ មិនមានបណ្ណបើកបរនៅចំណុចស្តុបអូរបែកក្អម បុគ្គលរូបនេះ បានប្រើប្រាស់ វិធានការស្របច្បាប់គំរាមទារប្រាក់ ដោយយកតួនាទីសិទ្ធអំណាចគាបសង្កត់ដើម្បីផលប្រយោជន៍។ ចាត់ចែងបញ្ជាឲ្យមន្ត្រីនាំរថយន្តចេញពីគោលដៅ ដើម្បីបិទបាំងពីមហាជន និងមានភាពងាយស្រួលដល់ការដាក់សម្ពាធក្នុងការទារប្រាក់ រហូតធ្វើឲ្យម្ចាស់រថយន្តបានឡើងតោងខាងក្រោយរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ថតសកម្មភាពបង្ហោះលើបណ្ដាញសង្គម។ សកម្មភាពនេះបានលាក់បាំងព័ត៌មានមិនរាយការណ៍ជូននាយការិយាល័យ ដើម្បីមានគោលការណ៍ដោះស្រាយ មុនហេតុការណ៍មិនទាន់ផ្ទុះលើបណ្ដាញសង្គម ហើយត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មខាងវិន័យក្រោមរូបភាព ព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយ ឋានន្តរស័ក្ដិចំនួន១ថ្នាក់។
កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥: គឺផ្ដើមចេញពីការមិនសប្បាយចិត្តជាមួយថ្នាក់ដឹកនាំការិយាល័យ ដែលពុំបានដាក់ឈ្មោះរូបគេ (ស៊ិន សុភា) ចុះគោលដៅ ទើបធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្ត ឈានដល់បែកធ្លាយឯកសារផ្ទៃក្នុងអង្គភាពឲ្យទៅសារព័ត៌មានយកបង្ហោះខ្លឹមសារវាយប្រហារមកលើការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
គួររំលឹកថា លោក ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ត្រូវបានលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តទណ្ឌកម្មតាមរូបភាព ដកហូតមុខតំណែង ឋានន្ដរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


