Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និង UNDP ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេនិងការកាត់បន្ថយសំណល់ប្លាស្ទិក

បានផុស

នៅ

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូបើកយុទ្ធនាការលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) គាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។ នេះបើយោងមតាមសេចក្តីប្រកាសព័ត៌មានរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននឹងកំពុងធ្វើសកម្មភាពបំរើឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលសកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។

ទោះជាយ៉ាងណាក៏ដោយ កំណើននេះក៏នាំមកនូវបញ្ហាប្រឈមដល់បរិស្ថានផងដែរ។ ប្រតិបត្តិករទេសចរណ៍បច្ចុប្បន្នពឹងផ្អែកខ្លាំងលើប្លាស្ទិកដែលប្រើបានតែមួយដង (single use plastics) ដែលជំរុញឱ្យបរិមាណប្រើប្រាស់ខ្ពស់ ការប្រើប្រាស់រយៈពេលខ្លី និងមានលក្ខណៈចល័តនៅក្នុងវិស័យបដិសណ្ឋារកិច្ច អាហារ និងភេសជ្ជៈ តំបន់កម្សាន្ដ និងសេវាកម្មដឹកជញ្ជូនជាដើម។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងសេចក្តីប្រកាសថា ទន្លេកម្ពុជា​ គឺមិនត្រឹមតែជាសម្បត្តិធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដង្ហើមសម្រាប់ទេសចរណ៍ និងសហគមន៍របស់កម្ពុជាផងដែរ។ ការការពារពួកគេពីការបំពុលប្លាស្ទិក មានន័យថាការពារអនាគតរបស់យើងទាំងអស់គ្នា។ លោកបញ្ជាក់ថា៖«តាមរយៈយុទ្ធនាការនេះ យើងខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់យកវិធីសាស្រ្ត ៤Rs ហើយធ្វើការរួមគ្នាដើម្បីជំរុញការកាត់បន្ថយប្លាស្ទិកក្នុង វិស័យបដិសណ្ឋារកិច្ច និងធានាឱ្យទន្លេរបស់យើងបន្តស្អាត និងទាក់ទាញ តជំនាន់ទៅទៀត»។

លោកបន្ថែមថា ទោះជាយ៉ាងនេះក្តី ទេសចរណ៍តាមដងទន្លេប្រឈមមុខនឹងការគំរាមកំហែងជាបន្ទាន់ រួមទាំងការបំពុលប្លាស្ទិក ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំណល់មានកម្រិតនៅលើទូកទេសចរណ៍ និងទម្លាប់នៃការចោលសំរាមជាបន្តបន្ទាប់។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះមានសារៈសំខាន់ណាស់ ដើម្បីការពារទន្លេរបស់ប្រទេសកម្ពុជា និងធានាដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព»។

លោក Shakeel Ahmad តំណាងរងប្រចាំប្រទេស កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា (UNDP) លើកឡើងថា ការដោះស្រាយការបំពុលប្លាស្ទិកទាមទារភាពជាដៃគូរឹងមាំ និងនិរន្តរភាព។ តាមរយៈយុទ្ធនាការនេះ យូអិនឌីភី​ និងក្រសួងទេសចរណ៍ កំពុងធ្វើការរួមគ្នាដោយមានការគាំទ្រពីមូលនិធិកូកា-កូឡា ដើម្បីដោះស្រាយកាកសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍ និងប្រែក្លាយគោលការណ៍និរន្តរភាពទៅជាការអនុវត្តតែម្តង។ លោកបញ្ជាក់ថាកិច្ចសហការជាមួយវិស័យឯកជន រួមទាំងការជួយគាំទ្រពីមូលនិធិកូកា-កូឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព និងឆ្ពោះទៅចក្ខុវិស័យ  «គ្មានប្លាស្ទិក» សម្រាប់កម្ពុជា។

ជាមួយគ្នានេះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ បរិមាណសំរាមសំណល់រឹងមានប្រមាណជា ៤.២០០តោន ក្នុង១ថ្ងៃ ដែលក្នុងនោះ ប្រមាណជា ៦៥% ជាសំរាមសើម ២០% ជាប្លាស្ទិក និង១០% ទៀតជាសំណល់រឹង។ លោកបន្តថា ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ គឺចាំបាច់ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ព្រមទាំងអង្គភាពរដ្ឋ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ 

រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វិស័យទេសចរណ៍ថាជា «មាសបៃតង» ដែលជាចលករសំខាន់នៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតឱកាសការងារ និងការអភិវឌ្ឍជាតិ។ នៅឆ្នាំ២០២៤ កម្ពុជាបានទទួលភ្ញៀវអន្តរជាតិចំនួន ៦,៧ លាននាក់ លើសពីគោលដៅស្តារឡើងវិញមុនកូវីដ-១៩ នៅឆ្នាំ២០២៥។ ទោះបីជាមានបញ្ហាប្រឈមនៅតាមព្រំដែនក្នុងឆ្នាំ ២០២៥ ក្តីក៏វិស័យនេះនៅតែមានភាពធន់ដដែល ដោយមានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៦ លាននាក់ និងអ្នកដំណើរក្នុងស្រុកចំនួន ២,៥លាននាក់។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ យុទ្ធនាការថ្ងៃនេះ គឺធ្វើឡើងដើម្បីផ្សព្វផ្សាយវិធីសាស្រ្ត ៤Rs (បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ) ក្នុងវត្ថុបំណងដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែមួយដង ដោយពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក និងការលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងចំណោមប្រតិបត្តិករទេសចរណ៍ទាំងឡាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម