ព័ត៌មានជាតិ
អាកាសធាតុក្តៅខ្លាំង ក្រសួងសុខាភិបាលណែនាំពលរដ្ឋពិសាទឹកឱ្យបានញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃបង្ការការកើតជំងឺផ្សេងៗ
ក្រសួងសុខាភិបាលបានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋពិសេសមនុស្សចាស់ និងកុមារត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព និងសុវត្ថិភាព ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំងពិសេសត្រូវពិសាទឹកឱ្យបានញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ដើម្បីបង្ការកើតនូវជំងឺផ្សេងៗដែលអាចកើតឡើងជាយថាហេតុ ខណៈកម្ដៅនឹងកើនឡើងដល់៤០អង្សាសេចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសាខាងមុខ។

ក្រសួងសុខាភិបាលបានពន្យល់ថា ក្នុងអំឡុងពេលមានការឡើងកម្ដៅក្នុងចន្លោះពី ៣៧°C ទៅ៤១°C បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានការកើតមានរលកកម្ដៅមិនទៀងទាត់។ អាកាសធាតុក្តៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមាន បញ្ហានៅខួរក្បាល ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និងនាំឱ្យមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាករូស ជំងឺរាកមូល និងជំងឺគ្រុនពោះវៀន។ល។ បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។

ក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំងនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវពិសាទឹកស្អាត ឬទឹកដោយប្រើធុងចម្លោះ ឬទឹកដាំឱ្យពុះ ឬទឹកដែលបន្សុទ្ធដោយថ្នាំក្លរីន ឬក្លរ៉ាមីន។ ពិសាទឹកឱ្យបានញឹកញាប់ លើសពី២លីត្រ ក្នុងមួយថ្ងៃចំពោះមនុស្សពេញវ័យ។ ចៀសវាងស្ថិតក្រោមកម្ដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវរកកន្លែងជ្រក ឬរបាំងការពារកម្ដៅព្រះអាទិត្យ។ ស្លៀកសម្លៀកបំពាក់ដែលអាចជួយការពារកម្ដៅព្រះអាទិត្យដូចជា ពាក់មួក ដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារកម្ដៅថ្ងៃ។ សម្លៀកបំពាក់ពណ៌ស្រាល រលុង និងកុំងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់ពីកន្លែងដែលមានកម្ដៅខ្លាំង។ រក្សាអនាម័យខ្លួនប្រាណ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសមុនញ៉ាំអាហារ និងក្រោយចេញពីបង្គន់។ទុកដាក់ម្ហូបអាហារដោយមានគម្របត្រឹមត្រូវ។ ចៀសវាងការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ អំបិលច្រើន។សមាជិកគ្រួសារត្រូវតែតាមដានមើលឱ្យបានញឹកញាប់ ចំពោះមនុស្សចាស់ ក៏ដូចជាអ្នកកំពុងមានជំងឺ កុមារ ក្រោមអាយុ២ឆ្នាំ អ្នកជំងឺផ្លូវចិត្ត និងអ្នកមានជំងឺរ៉ាំរ៉ៃ។
ប្រសិនបើមានរោគសញ្ញា ដូចជា វិលមុខ ចង្អោរ ក្អួត ឈឺក្បាល រមូលសាច់ដុំ (រមូលក្រពើ) ត្រូវគិតថាជា សញ្ញាដំបូងនៃផលប៉ះពាល់ដោយសារកម្ដៅ ក្នុងករណីនេះត្រូវផ្លាស់ប្តូរទៅរកទីកន្លែងត្រជាក់ និង ត្រូវសម្រាក ២ ទៅ ៣នាទី រួចពិសាទឹកត្រជាក់យឺតៗ ហើយកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យដល់សុខភាព។ចៀសវាងការចោមរោមអ្នកជំងឺដែលមានបញ្ហាសុខភាព និងត្រូវស្វែងរកការព្យាបាលភ្លាមៗនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ប្រសិនបើមិនធូរស្រាល។
ក្រសួងសុខាភិបាលក៏បានណែនាំពីវិធីសង្គ្រោះបឋមពេលមានមនុស្សសន្លប់ ឬវិលមុខខ្លាំងដោយសារកម្ដៅមានដូចជានាំអ្នកជំងឺទៅកន្លែងដែលមានម្លប់ត្រជាក់ជាបន្ទាន់។បញ្ចុះកម្តៅរាងកាយដោយប្រើកន្សែងជោគទឹកត្រជាក់ជូតខ្លួន ឬដាក់នៅក្រោមក្លៀក ត្រង់ក បើអាចគួរប្រើកង្ហារបក់។ដាក់ជនរងគ្រោះឱ្យដេកផ្ងារ លាតសន្ធឹង និងលើកជើងឱ្យខ្ពស់បន្តិច ដើម្បីឱ្យឈាមរត់ទៅចិញ្ចឹម ខួរក្បាលបានល្អ។ បើជនរងគ្រោះនៅដឹងខ្លួន ឱ្យគាត់ផឹកទឹកត្រជាក់បន្តិចម្តងៗ។ ហាមប្រើទឹកពេលគាត់សន្លប់ ឬ បាត់ស្មារតី ព្រោះអាចបណ្តាលឱ្យឈ្លក់។ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រសិនបើអាការៈមិនធូរស្រាលក្នុងរយៈពេល ១៥នាទី ឬអ្នកជំងឺ សន្លប់មិនដឹងខ្លួន ត្រូវហៅរថយន្តគិលានសង្គ្រោះជាបន្ទាន់។
ក្រសួងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ត្រូវសហការឱ្យបានជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន តាមដានស្ថានភាព សុខភាពប្រជាជនក្នុងមូលដ្ឋាន ជាពិសេសជនងាយរងគ្រោះ ដោយចាត់ចែងជាបន្ទាន់ក្នុងករណីប្រជាជន មានបញ្ហាសុខភាពណាមួយកើតឡើង។
យោងតាមក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦កម្ពុជានឹងមានសីតុណ្ហភាពអាចឡើងដល់ ៤០អង្សារ នៅអំឡុងពេលរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕
អត្ថបទ៖ សំអឿន


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


