Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញច្បាប់អន្តរជាតិ​ ថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចជាបទល្មើសសង្គ្រាម

បានផុស

នៅ

អ្នកជំនាញច្បាប់អន្តរជាតិជាង​១០០​រូប មកពីសាកលវិទ្យាល័យល្បីៗដូចជា Harvard និង Yale បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃព្រហស្បតិ៍​ទី​២​ខែ​មេសា​ឆ្នាំ​២០២៦ ដោយព្រមានថា សកម្មភាពយោធា និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ អាចឈានទៅដល់បទល្មើសសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AP)

តាម​​ការផ្សាយរបស់ TRT World លិខិតនោះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ បន្ទាប់ពីមានការវាយប្រហារលើសាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង។ ក្រុម​អ្នកជំនាញបានកត់សម្គាល់ថា សង្គ្រាមនេះកំពុងចំណាយថវិកាអ្នកបង់ពន្ធអាមេរិកពី១ទៅ២ពាន់លានដុល្លារក្នុងមួយថ្ងៃៗ និងបង្ក​ឲ្យ​មានការបាត់បង់ជីវិតជនស៊ីវិលរាប់ពាន់​នាក់។

ក្រុមអ្នកជំនាញបានលើកឡើងពីសម្តីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពាក់កណ្តាលខែមីនា ដែលថា ការវាយប្រហារលើអ៊ីរ៉ង់គឺធ្វើឡើង «ដើម្បីការ​កម្សាន្ត» និងការលើកឡើងរបស់ប្រធានមន្ទីរបញ្ចកោណ លោក Pete Hegseth ដែលបដិសេធ​អនុវត្តតាម «បទបញ្ជាប្រតិបត្តិការ» របស់​យោធា។ កាលពីថ្ងៃពុធ លោកត្រាំ បានគំរាមម្តងទៀតថានឹងវាយប្រហារអ៊ីរ៉ង់​ឲ្យ​ខ្លាំងបំផុតក្នុងរយៈពេល​២​ទៅ​៣​សប្តាហ៍ខាងមុខ ដើម្បីរុញច្រានប្រទេសនេះ​ឲ្យ​ត្រឡប់ទៅ «សម័យយុគថ្ម» វិញ ដែលសម្តីនេះត្រូវបានក្រុមការពារសិទ្ធិមូស្លីមរិះគន់ថាជាការបន្ទាបតម្លៃមនុស្ស។

សង្គ្រាមនេះបានចាប់ផ្តើមនៅថ្ងៃទី២៨​ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ បណ្តាល​ឲ្យ​មនុស្សជាង ១៣៤០នាក់ស្លាប់ ដែលធ្វើ​ឲ្យ​អ៊ីរ៉ង់វាយបកវិញតាមរយៈដ្រូន និងមីស៊ីលលើមូលដ្ឋានអាមេរិកនៅតំបន់ឈូងសមុទ្រ។ ក្រុមអ្នកជំនាញច្បាប់បានជម្រុញ​ឲ្យ​មន្ត្រីរដ្ឋាភិបាលអាមេរិកគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្ហាញការប្តេជ្ញាចិត្តជាសាធារណៈចំពោះបទដ្ឋានច្បាប់អន្តរជាតិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម