Connect with us

ព័ត៌មានជាតិ

ការកត់សម្គាល់របស់រដ្ឋមន្ត្រីមហាផ្ទៃ កុមារបានឆ្លងកាត់ការរៀនពីថ្នាក់មត្តេយ្យ គឺភាគច្រើនប្រឡងជាប់បាក់ឌុប

បានផុស

នៅ

កុមារដែលបានឆ្លងកាត់នូវការចូលរៀនតាំងពីថ្នាក់មត្តេយ្យ គឺត្រូវបានកត់សម្គាល់ឃើញថា ភាគច្រើននៃកុមារទាំងនោះគឺបានប្រឡងជាប់បាក់ឌុប។ នេះជាការកត់សម្គាល់របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលក្នុងន័យនេះ លោក បានអំពាវនាវដល់អាណាព្យាបាលគ្រប់រូបឱ្យយកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅចាប់ពីថ្នាក់កុមារតូចឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ដែលស្ថិតក្នុងភូមិពោធិអណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញការកត់សម្គាល់ថា កុមារដែលបានចូលរៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រោះថា ពួកគេមានមូលដ្ឋានគ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាពរអាក់រអួល។

លោក បានសង្កត់ធ្ងន់ថា ការណ៍នេះក៏បានថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សាជាងកុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សាផងដែរ។

ផ្អែកលើហេតុផលនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវយ៉ាងទទូចដល់អាណាព្យាបាលគ្រប់រូប ដែលមានកូន ប្អូន ឬក្មួយគ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសនោះដើម្បីប្រែក្លាយពួកគេឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ដែលជាការចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

តាមការគូសបញ្ជាក់របស់លោក ស សុខា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។ «បើសិនជាយើងអាចផ្ដល់នូវចំណេះដឹង និងគុណធម៌ដល់ពួកគាត់បានទាន់ពេលវេលា នោះពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត»។ លោក ស សុខា លើកឡើងបន្ថែមដូច្នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម