Connect with us

ព័ត៌មានជាតិ

ការការពារបរិស្ថានមិនមែនជាភារកិច្ចផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី

បានផុស

នៅ

លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានលើកឡើងថាការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព មិនមែនជាភារកិច្ចផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែទាមទារឱ្យមានការរួមដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនួន ផារ័ត្នបានលើកឡើងបែបនេះក្នុងពិធីដាំដើមឈើក្រោមគំនិតផ្តួចផ្តើម «សហគមន៍បៃតង» នៅក្រុងស្ទឹងសែនខេត្តកំពង់ធំ ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកអភិបាលខេត្តកំពង់ធំ បានបន្តថា ជាក់ស្តែងសកម្មភាពដាំដើមឈើនេះបានបង្ហាញយ៉ាងច្បាស់ពីរបៀបដែលរាជរដ្ឋាភិបាល សហគមន៍ និងវិស័យឯកជន អាចធ្វើការរួមគ្នា ដើម្បីការពារធនធានធម្មជាតិ និងគាំទ្រសុខុមាលភាពរយៈពេលវែងសម្រាប់អ្នកជំនាន់ក្រោយហើយសកម្មភាពថ្ងៃនេះក៏បានបង្ហាញឱ្យឃើញពីគំរូភាពនៃវិស័យឯកជន ដែលមិនត្រឹមតែធ្វើធុរកិច្ច ប៉ុន្តែថែមទាំងមានការយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែងសង្គម និងបរិស្ថាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

លោក Michiel Oerlemans អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ បានគូសបញ្ជាក់ថា ការអនុវត្តអាជីវកម្មដោយការទទួលខុសត្រូវចំពោះសង្គម គឺជាផ្នែកមួយនៃអត្តសញ្ញាណ និងរបៀបនៃការធ្វើប្រតិបត្តិការរបស់យើងព្រោះថា «កម្ពុជា គឺជាផ្ទះរបស់យើង ហើយរាល់តំណក់ភេសជ្ជៈដែលយើងផលិត គឺកើតចេញពីគោលបំណងជាក់លាក់របស់យើងចាប់តាំងពីការបង្កើតជាលើកដំបូងគឺ «ការអភិវឌ្ឍឱ្យកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក ។ តួនាទីរបស់យើងនៅកម្ពុជា មិនបានកំណត់ត្រឹមតែ ការផលិតភេសជ្ជៈដ៏មានគុណភាពសម្រាប់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ចង់ឃើញសហគមន៍របស់យើងមានការអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព ដូចដែលថា គ្មានសហគមន៍ គ្មានអាជីវកម្ម ពួកយើងត្រូវរីកចម្រើនជាមួយគ្នា។

លោកបានបន្ថែមថាក្រៅពីផ្តល់អត្ថប្រយោជន៍ផ្នែកអាកាសធាតុ ដូចជាការស្រូបយកឧស្ម័នកាបូន និងការជួយបង្កើនភាពធន់ចំពោះបម្រែ បម្រួលអាកាសធាតុ គំនិតផ្តួចផ្តើមនេះ ក៏នឹងបង្កើតជាកេរដំណែលដ៏មានអត្ថន័យសម្រាប់មនុស្សជំនាន់ក្រោយដោយលោកបន្តថា «ដើមឈើមួយដើម គឺជាក្តីសង្ឃឹមមួយ។ ការដាំនៅថ្ងៃនេះ គឺយើងកំពុងដាំក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ។ ពួកគាត់នឹងមានម្លប់ជ្រកនិងមានខ្យល់ដកដង្ហើមដ៏បរិសុទ្ធ»។

គួរបញ្ជាក់ថា«សហគមន៍បៃតង» គឺជាគំនិតផ្តួចផ្តើមមួយនៃក្របខណ្ឌចីរភាពសកលថ្មីរបស់ កាសស៊្បែរ «ការអភិវឌ្ឍដើម្បីអនាគតកាន់តែប្រសើរ » ដែលប្តេជ្ញាអនុវត្តអាជីវកម្មដោយការទទួលខុសត្រូវដោយ មានសសរស្តម្ភចំនួន ៤ រួមមាន ការកាត់បន្ថយការបំភាយកាបូន ការការពារធម្មជាតិ ការផ្តល់ជម្រើសអតិថិជនប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍធនធានមនុស្ស។ ការដាំដើមឈើ គឺជាសកម្មភាបជាក់ស្តែង និងអាចមើលឃើញបានច្បាស់ ក្នុងការបម្លែងការប្តេជ្ញានេះទៅជាសកម្មភាពជាក់ស្តែងនៅកម្រិតមូលដ្ឋាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម