Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះខេត្តកំពង់ធំបន្តពង្រឹងការបង្ក្រាបបទល្មើសនេសាទ តាមបឹងទន្លេសាប  

បានផុស

នៅ

គណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បន្តពង្រឹងនូវភារកិច្ចកងកម្លំាងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទ និងចាត់វិធានការការពារតំបន់អភិរក្សពូជត្រី តាមបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រតំបន់បឹងទន្លេឆ្មារ និងបាឡត ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង សម្រាប់រដូវប្រាំង ឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ក្នុងពេលដែលលោកបានចុះជួបកងកម្លំាងចម្រុះ ដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ជាមួយនឹងការកោតសរសើរចំពោះការបំពេញភារកិច្ចកន្លងមក ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តរួមគ្នាគោរពបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ក្នុងរដូវប្រាំងនេះ លោក ណែនាំឱ្យមានការរៀបចំផែនការបែកចែកកម្លាំង ដើម្បីការពារឱ្យបានតំបន់អភិរក្សពូត្រី ក្នុងបឹងទន្លេឆ្មារ ដើម្បីរក្សាពូជត្រីទុកសម្រាប់ពងកូនក្នុងរដូវវស្សាខាងមុខទៀត ក៏ដូចជានៅតំបន់នៅបាឡត ក្នុងលំហទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងពីការអបអរសាទរ និងគាំទ្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ពីសំណាក់កងកម្លំាងចម្រុះ ដែលបានធ្វើឱ្យផលត្រីនៅក្នុងឆ្នាំនេះសម្បូរឡើងវិញ។  

បើតាមរបាយការណ៍របស់មន្ត្រីជំនាញ បច្ចុប្បន្ន បទល្មើសនេសាទមានការថយចុះគួរឱ្យកត់សម្គាល់ ដោយពលរដ្ឋភាគច្រើន បានយល់ដឹង និងគោរពអនុវត្តតាមច្បាប់ស្តីពីជលផលថ្មី តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ ពិសេសប្រជាពលរដ្ឋដែលមកពីតំបន់ និងខេត្តផ្សេងមួយចំនួន បានមកនេសាទត្រី និងលៀស ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម