ព័ត៌មានអន្ដរជាតិ
ប្រធានសភាអីរ៉ង់ថា ៣ចំណុចនៃគោលការណ៍ទាំង១០ក្នុងបទឈប់បាញ់ ត្រូវបានបំពាន
ក្តីសង្ឃឹមក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាហាក់កំពុងរលាយសាបសូន្យទៅវិញជាបណ្តើរៗ បន្ទាប់ពីប្រធានសភាអីរ៉ង់ លោក Mohammad Bagher Ghalibaf បានចេញមកប្រកាសយ៉ាងខ្លាំងៗថា ការឈប់បាញ់ និងការចរចាជាមួយសហរដ្ឋអាមេរិកនៅពេលនេះ គឺជាទង្វើដែល «មិនសមហេតុផល» ទាល់តែសោះ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើលក្ខខណ្ឌសំខាន់ៗចំនួន៣ចំណុច ក្នុងចំណោមគោលការណ៍ទាំង១០ ដែលអីរ៉ង់បានដាក់ចេញដើម្បីបញ្ចប់សង្គ្រាម។

ចេញផ្សាយថ្ងៃទី៩ខែមេសាឆ្នាំ២០២៦ សារព័ត៌មាន India Today បានឲ្យដឹងថា ការបំពាន៣ចំណុចដែលលោក Ghalibaf លើកឡើង មានដូចជា ការបន្តវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ការលួចបញ្ជូនដ្រូនចូលដែនអាកាសអីរ៉ង់ក្រោយពេលឈប់បាញ់ និងការដែលអាមេរិកមិនព្រមទទួលស្គាល់សិទ្ធិចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អីរ៉ង់។
ភាពតានតឹងនេះបានកើតឡើងចំពេលដែលកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយទើបតែមានអាយុបានមួយថ្ងៃប៉ុណ្ណោះ ហើយភាគីទាំងសងខាងកំពុងមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងលើខ្លឹមសារនៃកិច្ចព្រមព្រៀង។ សេតវិមានបានប្រកាសថា អនុប្រធានាធិបតី លោក JD Vance នឹងដឹកនាំគណៈប្រតិភូទៅចរចានៅទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន នៅថ្ងៃសៅរ៍ខាងមុខនេះ តែរដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araghchi នៅតែបន្តទទូចថា ពិភពលោកកំពុងសម្លឹងមើលការកាប់សម្លាប់នៅលីបង់ ហើយអាមេរិកគឺជាអ្នកត្រូវសម្រេចចិត្តថា តើត្រូវបញ្ឈប់វា ឬយ៉ាងណា។ លោក Araghchi សង្កត់ធ្ងន់ថា ការបញ្ចប់សង្គ្រាមនៅលីបង់គឺជាផ្នែកមិនអាចខ្វះបាននៃកិច្ចព្រមព្រៀង ប៉ុន្តែការអះអាងនេះត្រូវបានទាំងអាមេរិក និងអ៊ីស្រាអែលបដិសេធដាច់អហង្ការ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការលើកឡើងរបស់អីរ៉ង់ ដោយលោកចាត់ទុកថា ការដែលអ៊ីស្រាអែលវាយប្រហារក្រុមហេសបូឡានៅលីបង់ គឺជា «ជម្លោះដាច់ដោយឡែកមួយ» ដែលមិនពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអីរ៉ង់នោះទេ។ អ្នកនាំពាក្យសេតវិមានក៏បានបញ្ជាក់បន្ថែមដែរថា លីបង់មិនត្រូវបានដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងដែលបានប្រាប់ទៅគ្រប់ភាគីពាក់ព័ន្ធនោះឡើយ ហើយអាមេរិកនៅតែបន្តគាំទ្រអ៊ីស្រាអែលក្នុងនាមជាសម្ព័ន្ធមិត្តដ៏ស្អិតល្មួតបំផុត។
នៅផ្នែកម្ខាងទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្ហាញមោទកភាពចំពោះសមិទ្ធផលយោធារបស់ខ្លួន ដោយលោកអះអាងថា អ៊ីស្រាអែលបានធ្វើឲ្យសមត្ថភាពផលិតមីស៊ីល និងមហិច្ឆតានុយក្លេអ៊ែររបស់អីរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំង។ លោកបាននិយាយថា «ពេលនេះអីរ៉ង់ចុះខ្សោយជាងពេលណាៗទាំងអស់ ចំណែកអ៊ីស្រាអែលវិញខ្លាំងជាងពេលណាៗទាំងអស់»។ លោកបានព្រមានជាថ្មីថា ការឈប់បាញ់នេះមិនមែនជាការបញ្ចប់សង្គ្រាមនោះទេ ប៉ុន្តែគ្រាន់តែជាការសម្រាកមួយរយៈប៉ុណ្ណោះ ហើយប្រសិនបើចាំបាច់ អ៊ីស្រាអែលនឹងបន្តបាញ់ប្រហារភ្លាមៗ ព្រោះ «ម្រាមដៃរបស់ពួកគេកំពុងដាក់នៅលើកៃកាំភ្លើង» ជានិច្ច។ ភាពខុសគ្នាដាច់ស្រឡះនៃគោលជំហរនេះ បានធ្វើឲ្យការចរចានៅប៉ាគីស្ថានខាងមុខនេះ ក្លាយជាវិញ្ញាសាដ៏លំបាកបំផុតក្នុងការស្វែងរកសន្តិភាពយូរអង្វែង៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


