Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ មិនអាចជួបជុំគ្រួសារក្នុងផ្ទះដ៏កក់ក្ដៅនាថ្ងៃចូលឆ្នាំខ្មែរដូចឆ្នាំមុនឡើយ ព្រោះទង្វើយោធាថៃឈ្លានពាន

បានផុស

នៅ

ឆ្នាំនេះប្រជាពលរដ្ឋខ្មែរជាជនភៀសសឹកប្រមាណជាង៣ម៉ឺន៤ ពាន់នាក់ មិនអាចជួបជុំគ្រួសារក្នុងផ្ទះដ៏កក់ក្ដៅក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចកាលពីឆ្នាំមុនឡើយ ពីព្រោះតែផ្ទះសម្បែងរបស់ពួកគាត់ត្រូវខូចខាត រងការបំផ្លិចបំផ្លាញ ការដាក់ទូកុងតឺន័រ ការរាយបន្លាលួស ការគំរាមកំហែងសន្តិសុខ ការហាមមិនឱ្យចូលទៅរស់នៅក្នុងផ្ទះពួកគាត់ពីសំណាក់យោធាថៃឈ្លានពាន។

រូបថតឯកសារ៖ ទីតាំងជម្រកបណ្ដោះអាសន្នរបស់ពលរដ្ឋខ្មែរភៀសសឹកនៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលពលរដ្ឋខ្មែរទូទាំងកម្ពុជាកំពុងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំថ្មីនៅព្រឹកថ្ងៃទី១៤ ខែមេសា ខាងមុខ, ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា​​ ឱ្យដឹងថា៖«ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន ១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៤.៤៣៩នាក់ទៀត (ស្ត្រី ១៧.៨៦០នាក់ និងកុមារ១១.៤៤៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ »។

ពលរដ្ឋភៀសសឹកដែលមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញទាំងនេះ​ គឺជាពលរដ្ឋដែលរស់នៅក្នុងផ្ទះដ៏កក់ក្ដៅនៅក្នុងតំបន់ថ្មដា ខេត្តពោធិ៍សាត់, ភូមិព្រៃចាន់ និងភូមិជោគជ័យ នៅឃុំអូរបីជាន់​ ស្រុកអូរជ្រៅ  និងតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ, ពលរដ្ឋរស់នៅតំបន់អូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យ និងពលរដ្ឋរស់នៅក្នុងតំបន់កៀកនឹងបន្ទាត់ព្រំដែនដែលរងការគំរាមកំហែងពីសំណាក់យោធាថៃឈ្លានពាន។

ពលរដ្ឋដែលមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបានទាំងនេះ បច្ចុប្បន្នស្នាក់នៅជម្រកបណ្ដោះអាសន្នដែលរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ជូនភ្ជាប់ជាមួយហេដ្ឋារចនាស​ម្ព័ន្ធខ្វាត់ខ្វែង មានបណ្ដាញទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ។ ជនភៀសសឹកដែលបានចូលទៅរស់នៅផ្ទះបណ្ដោះអាសន្នបានប្រាប់កម្ពុជាថ្មីថា ក្រោយបានផ្លាស់ចេញពីការរស់នៅក្នុងតង់នៅមណ្ឌលសុ​វត្ថិភាព មករស់នៅផ្ទះបណ្ដោះអាសន្ន ពួកគាត់ហាក់​​មានអារម្មណ៍ធូរស្រាលពីការលំបាកក្នុងការរស់នៅជាងមុន ព្រោះផ្ទះបណ្ដោះអាសន្នគឺងាយស្រួលសម្រាក ផ្ទះមានផាកសុខភាព មានខ្យល់ចេញចូល និងមានឯកជនភាពជាងមុន ព្រោះមានបន្ទប់ទឹកផ្ទាល់ខ្លួន ប៉ុន្តែយ៉ាងណាពួកគាត់នៅតែនឹកផ្ទះធ្្លាប់រស់នៅយ៉ាងសុខសាន្ត ឥឡូវត្រូវយោធាថៃព័ទ្ធយក។

គួរគូសបញ្ជាក់ថា កាលពីចុងខែមីនា កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំកម្មវិធសង្ក្រាន្តតាមជំរុំភៀសសឹក ដើម្បីផ្ដល់ស្នាមញញឹម និងរំលែកទុក្ខលំបាកជូនជនភៀសសឹក និងជាការនាំយកកម្លាំងចិត្តបន្ថែមពីជួរក្រោយទៅប្រាប់ថា «អ្នកនៅជួរក្រោយ មិនភ្លេចអ្នកនៅជួរមុខឡើយ»។ សង្ក្រាន្តតាមជំរុំភៀសសឹក ធ្វើឡើងនៅខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តព្រះវិហារ ដោយមានសកម្មភាពដូចជា ពិធីសូត្រមន្ត ការប្រគុំភ្លេងរាំចង្វាក់ប្រជាប្រិយ ការលេងល្បែងប្រជាប្រិយខ្មែរ ព្រមទាំងពិសារអាហារសាមគ្គីយ៉ាងកក់ក្តៅជាទីបំផុត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមេសា ថ្លែងពីទុក្ខលំបាករបស់ពលរដ្ឋភៀសសឹក រងគ្រោះព្រោះសង្គ្រាមឈ្លានពាន ផ្ទះកើតចេញពីការសន្សំរាប់ឆ្នាំ ត្រូវយោធាថៃរាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយក ត្រូវបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន ប៉ះទង្គិចផ្លូវចិត្ត។ សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តពលរដ្ឋភៀសសឹក និងស្នើឱ្យថែរក្សាផ្លូវចិត្តឱ្យបានរឹងមាំ ខណៈដែលរាជរដ្ឋាភិបាលកំពុងទាមទារយកមកវិញនូវទឹកដីដែលយោធាថៃកំពុងកាន់កាប់។

នៅថ្ងៃទី១៣ ខែមេសា​ នេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានផ្ញើក្ដីនឹករលឹកដល់ជនភៀសសឹក ជូនពរឱ្យមានសេចក្ដីសុខ សុវត្ថិភាព និងមានសុខភាពល្អ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម