Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន បួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងឈរជើងជួរមុខសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានបួងសួងដល់ទេវតាឆ្នាំថ្មីនិងវត្ថុសក្តិសិទ្ធិក្នុងលោក សូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងជួរមុខតាមបន្ទាត់ព្រំដែន សូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី និងសូមឲ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្តទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញទទួលទេវតាឆ្នាំថ្មី រួមជាមួយ ថ្នាក់ដឹកនាំទូទាំងខេត្តស្វាយរៀង បានប្រារព្ធពិធីសាសនា នៅវត្តព្រៃឆ្លាក់ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីទទួលទេវតាឆ្នាំថ្មី ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ព្រះនាម រាក្យសាទេវី យាងចុះនៅវេលាម៉ោង ១០ និង ៤៨នាទីព្រឹកថ្ងៃអង្គារ ១២រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទេវតាថែរក្សាព្រះស្វេតឆ័ត្រ ទេវតាថែរក្សាចក្រវាល ទាំងទេវតាឆ្នាំមមី ព្រះនាមរាក្យសាទេវី តាមជួយអភិបាលប្រោះព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមសមប្រកបតែនឹងសេចក្តីសុខ សេចក្តីចម្រើន វិបុលសុខគ្រប់ប្រការ សូមឲ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ សូមឲ្យមានទេសចរចូលមកទស្សនាកម្ពុជាកាន់តែច្រើន សូមឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងជួរមុខតាមបន្ទាត់ព្រំដែនសូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី និងសូមឲ្យសម្រេចរាល់បំណងប្រាថ្នា ទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្តទៅទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើទស្សនាស្តង់ដែលរៀបចំដោយរដ្ឋបាលមានចំនួន ៣៨ស្តង់ និងបានភ្លក់រស់ជាតិម្ហូបខ្មែរ និងម្ហូបប្រចាំត្រកូលនៃខេត្តស្វាយរៀង “ម្ហូបប្រចាំខេត្តយើងតើ” រួមមាន ជ្រក់សណ្តែកបណ្តុះ សាច់ជ្រូករំលីង និងកកូរកណ្តៀង។

យោងតាមព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តស្វាយរៀង បានឲ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង បានបញ្ចេញរថយន្តក្រុងចំនួន ១២គ្រឿង សម្រាប់ផ្តល់សេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលធ្វើការនៅតាមបណ្តារាជធានី-ខេត្ត ឲ្យបានត្រឡប់មកជួបជុំក្រុមគ្រួសារនៅភូមិកំណើតរៀងៗខ្លួន ដែលសកម្មភាពទាំងនេះគឺបានបង្ហាញឲ្យឃើញពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈឲ្យខិតជិតប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម