Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល-លីបង់ ចោទដាក់គ្នាថា រំលោភបទឈប់បាញ់

បានផុស

នៅ

ទោះអ៊ីស្រាអែលនិងលីបង់ យល់ព្រមឈប់បាញ់១០ថ្ងៃ ដើម្បីបង្ហាញការប្តេជ្ញាចិត្ត មុនអាចឈានដល់កិច្ច​ព្រមព្រៀងសន្តិភាពពេញលេញក៏ដោយ ប៉ុន្តែនៅតែមានសេចក្តីរាយការណ៍អំពីការរំលោភបទឈប់បាញ់ពីសំណាក់ ភាគីទាំងពីរ ខណៈអ៊ីស្រាអែលចោទថា ក្រុមហេសបូឡា នៅតែវាយប្រហារ ខណៈលីបង់ ប្រកាសថា អ៊ីស្រាអែល នៅតែមិនឈប់បាញ់ផ្លោងលើតំបន់លំនៅដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការផ្សាយរបស់ Bernama, កងទ័ពលីបង់ បានបង្ហោះសារលើបណ្តាញសង្គម X នៅថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ថា អ៊ីស្រាអែល រំលោភបទឈប់បាញ់ ដោយបាញ់ផ្លោងលើភូមិមួយចំនួននៅភាគខាងត្បូង។

ទន្ទឹមនោះ អ៊ីស្រាអែល ចោទថា ក្រុមហេសបូឡា នៅតែបន្តបាញ់ចូលភាគខាងជើងប្រទេសរបស់ខ្លួនឥតឈប់ប្រហែលមួយម៉ោងកន្លះ ក្រោយបទឈប់បាញ់ចូលជាធរមាន។

សូមជម្រាបជាថ្មី បទឈប់បាញ់រយៈពេល១០ថ្ងៃមួយនេះ បានចូលជាធរមាន នៅម៉ោង ៤ព្រឹក ថ្ងៃសុក្រទី១៧ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)។

(រូប៖ Reuters)

ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ត្រូវបានក្រសួងការបរទេសអាមេរិកបញ្ជាក់ថា៖ រដ្ឋាភិបាលលីបង់ត្រូវតែចាត់វិធានការ ដើម្បីរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខរបស់លីបង់ ត្រូវទទួលខុសត្រូវផ្តាច់មុខលើអធិបតេយ្យភាព និងការការពារជាតិរបស់លីបង់។

ក្រុមហេសបូឡា បានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារដែរថា អ៊ីស្រាអែល ត្រូវបញ្ឈប់ការវាយប្រហារលើគ្រប់ទីតាំងនៃទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុង «តំបន់សន្តិសុខ» ចូលជ្រៅ១០គីឡូម៉ែត្រ ក្នុងភាគខាងត្បូងប្រទេសលីបង់ ដែលចំណុចនេះគឺផ្ទុយពីការទាមទាររបស់ក្រុមហេសបូឡាដែលឲ្យពួកគេដកថយ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម