Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់យ៉ាហ៊ូ លាក់ការណ៍ពិតរឿងកើតមហារីក និងទើបតែបញ្ជាក់ពីការព្យាបាលដោយជោគជ័យ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកបានទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតដោយស្ងាត់ៗ ខណៈដែលលោកបានប្រកាសជាសាធារណៈនូវលទ្ធផលនៃការពិនិត្យសុខភាពប្រចាំឆ្នាំរបស់លោក។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNN

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«របាយការណ៍សុខភាពប្រចាំឆ្នាំរបស់ខ្ញុំត្រូវបានបញ្ចេញនៅថ្ងៃនេះ។ ខ្ញុំបានពន្យារពេលការផ្សព្វផ្សាយនេះចំនួនពីរខែ ដើម្បីចៀសវាងអំឡុងពេលដែលសង្គ្រាមកំពុងឡើងដល់កម្រិតកំពូល និងដើម្បីបង្ការកុំឲ្យអ៊ីរ៉ង់ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតបន្ថែមទៀតប្រឆាំងនឹងប្រទេសអ៊ីស្រាអែល»។ នេះគឺជាសំណេររបស់ លោក ណេតាន់យ៉ាហ៊ូ ដែលបានបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃទី២៤ ខែមេសា។

មេដឹកនាំដែលកាន់អំណាចបានយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែលរូបនេះ បានទទួលការវះកាត់ក្រពេញប្រូស្តាតដែលរីកធំ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលជាប្រតិបត្តិការមួយដែលការិយាល័យនាយករដ្ឋមន្ត្រីបានបង្ហើបឲ្យដឹងជាសាធារណៈនាពេលនោះ។ នៅក្នុងការពិនិត្យសុខភាពចុងក្រោយបន្ទាប់ពីការវះកាត់នោះ លោក ណេតាន់យ៉ាហ៊ូ បានទម្លាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្ដាញសង្គមថា គ្រូពេទ្យបានរកឃើញដុំសាច់មហារីក (សាហាវ) នៅក្នុងក្រពេញប្រូស្តាតរបស់លោក ដែលមានទំហំតូចជាងមួយសង់ទីម៉ែត្រ។

មេដឹកនាំវ័យ៧៦ឆ្នាំរូបនេះ ត្រូវបានគេដឹងថា លោកទទួលការវះកាត់ជាច្រើនលើកច្រើនសារក្នុងអំឡុងពេលកាន់តំណែងរបស់លោក។

កាលពីខែកក្កដា ឆ្នាំ ២០២៣ លោក ណេតាន់យ៉ាហ៊ូ ត្រូវបានគ្រូពេទ្យដាក់បញ្ចូលឧបករណ៍ជំនួយចង្វាក់បេះដូង (Pacemaker) បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ដែលគ្រូពេទ្យហៅថាជា «ការស្ទះចង្វាក់បេះដូងបណ្ដោះអាសន្ន»។ មួយសប្តាហ៍មុននោះ គ្រូពេទ្យនិយាយថា លោកបានជួបប្រទះ អាការៈដួលសន្លប់ទោះបីជាការិយាល័យរបស់លោកបានបញ្ជាក់ត្រឹមតែថា គាត់មានអារម្មណ៍វិលមុខក៏ដោយ។ ដោយសារត្រូវស្ថិតក្រោមឥទ្ធិពលថ្នាំសន្លប់សម្រាប់ការវះកាត់ដាក់ឧបករណ៍ជំនួយចង្វាក់បេះដូងនោះ គាត់បានចាត់តាំងរដ្ឋមន្ត្រីម្នាក់ឲ្យកាន់តំណែងជំនួសជាបណ្ដោះអាសន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម