Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះគំហុក មកត្រឹម ៩០ ដុល្លារ/បារ៉ែល ក្រោយអ៊ីរ៉ង់បើកច្រកហ័រមូហ្ស

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះជាគំហុកមកត្រឹមប្រហែល ៩០ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរកាល​ពី​ថ្ងៃ​សុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍ ក្រោយ​អ៊ីរ៉ង់បាន​ប្រកាសបើកច្រកហ័រមូហ្សសម្រាប់កប៉ាល់ពាណិជ្ជកម្ម ហើយប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់បាន​ព្រមព្រៀងមិនបិទច្រកនេះទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅម៉ាក Brent បាន​ធ្លាក់ចុះ ៩,០១ ដុល្លារ ឬ ៩,០៧% មកនៅត្រឹម ៩០,៣៨ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរ ហើយនៅចំណុចទាបបំផុតនាថ្ងៃសុក្រ តម្លៃនេះបាន​ធ្លាក់ចុះខ្លាំងដល់ ៨៦,០៩ ដុល្លារ/បារ៉ែល។

ដោយឡែកតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI ឯណោះវិញ បាន​ធ្លាក់ចុះ ១០,៤៨ ដុល្លារ ឬ ១១,៤៥% មកនៅត្រឹម ៨៣,៨៥ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរ​ បន្ទាប់ពីដាំក្បាលចុះដល់កម្រិតទាបបំផុត ៨០,៥៦ ដុល្លារ/បារ៉ែល។

វាគឺជាការធ្លាក់ចុះតម្លៃប្រចាំថ្ងៃដ៏ធំបំផុតរាប់តាំងពីថ្ងៃទី ៨ ខែមេសា ដោយអ្នកវិភាគទីផ្សារគូសភ្ជាប់ទៅនឹង​ភាពស្រាកស្រាន្តនៃជម្លោះរវាងអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់ ដែលបង្កការបិទច្រកហ័រមូហ្សនាពេលកន្លងមក។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រនៅថ្ងៃសុក្រថា កប៉ាល់ទាំងអស់អាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សបាន ប៉ុន្តែត្រូវសម្របសម្រួលជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់។

គិតត្រឹមថ្ងៃសៅរ៍ កប៉ាល់ប្រហែល ២០ គ្រឿង កំពុងធ្វើដំណើរពីឈូងសមុទ្រពែរ្សឆ្ពោះទៅច្រកសមុទ្រ​ហ័រមូហ្ស​។ នេះបើតាមរ៉យទ័រ ដែលស្រង់ព័ត៌មាន​ពីក្រុមហ៊ុនតាមដានទិន្នន័យនាវាចរណ៍អន្តរជាតិ​។

មាន​សេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទទួលបានវឌ្ឍនភាពក្នុងការចរចា​លើ​អនុស្សរណៈ​យោគ​យល់គ្នាចំនួន ៣ ទំព័រ ដើម្បីបញ្ចប់សង្គ្រាម។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយផងដែរនោះ មន្រ្តីអ៊ីរ៉ង់នៅតែបញ្ជាក់ថា ច្រកសមុទ្រហ័រមូហ្ស នឹងបន្តបើកតែក្នុងអំឡុងបទឈប់បាញ់រយៈពេល២សប្តាហ៍ និងក្រោមលក្ខខណ្ឌជាក់លាក់ប៉ុណ្ណោះ ហើយមិនបើកឡើយសម្រាប់កប៉ាល់ទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងកងកម្លាំងអមិត្តឡើយ​ ខណៈលោក ត្រាំ បាន​​បញ្ជាក់ថា ការបិទខ្ទប់របស់អាមេរិក​នៅតែបន្តជាធរមាន។

ទោះបីជាមាន​សុទិដ្ឋិនិយមលើដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្ដិភាព ដូចការអះអាងរបស់លោក ត្រាំ ក្ដី អ្នកវិភាគទីផ្សារនៅតែមើលឃើញពីអស្ថិរភាពសម្រាប់តម្លៃប្រេងអន្តរជាតិ ដោយ​ថា វានឹង​ផ្អែកលើការវិវត្តប្រចាំថ្ងៃបន្ថែមទៀត។ អ្នកខ្លះព្រួយបារម្ភថា ស្ថានភាពស្រាកស្រាន្តបច្ចុប្បន្ន មាន​ទម្រង់ជាបណ្ដោះអាសន្ន ដោយដំណោះស្រាយរយៈពេលវែងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ដែលបង្ហាញថា ហានិភ័យសម្រាប់ការផ្គត់ផ្គង់ប្រេងនៅតែខ្ពស់ ទោះបីជាតម្លៃប្រេងធ្លាក់ចុះកាលពីថ្ងៃសុក្រក្ដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម