Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជូនពរឲ្យលោកឪពុកធម៌របស់ សម្តេចតេជោ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ឆាប់ជាសះស្បើយ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចុះសួរសុខទុក្ខ លោកតា ពុត សឿន ត្រូវជាឪពុកធម៌របស់ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ៩ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់លោកតា ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីនឹករលឹក និងការគិតគូរនូវសុខទុក្ខរបស់ក្រុមគ្រួសារលោកតាគ្រប់ពេលវេលា។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឱ្យលោកតា សម្រាកព្យាបាលឆាប់បានជាសះស្បើយ មានសុខភាពល្អឡើងវិញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានរាយការណ៍ជូន សម្តេច អំពីស្ថានភាពជំងឺរបស់លោកតា។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមគ្រូពេទ្យ មកដល់ពេលនេះ ស្ថានភាពរបស់លោកតាមានការប្រសើរច្រើន និងអាចវិលត្រលប់ទៅគេហដ្ឋានវិញនៅថ្ងៃចន្ទនេះ ប្រសិនបើមិនមានអ្វីប្រែប្រួល។

ទន្ទឹមនឹងនោះផងដែរ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក៏បានផ្តាំផ្ញើដល់លោកនាយកមន្ទីរពេទ្យ ត្រូវទទួល និងរៀបចំឱ្យបានល្អប្រសើរ ក្នុងការជូនលោកតា និងក្រុមគ្រួសារនៅពេលដែលត្រលប់ទៅគេហដ្ឋានវិញ ប្រកបដោយសុខសុវត្ថិភាព។

លោកតា ពុត សឿន បានចូលសម្រាកនៅមន្ទីរពេទ្យ មូលហេតុដោយសារតែស្ថានភាពសុខភាពខ្សោយ ពិបាកពិសារអាហារ និងទល់លាមក។ ប៉ុន្តែក្រោយពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ថ្ងៃនេះលោកតាមានសុខភាពល្អប្រសើរជាងមុន និងពិសារអារហារបានផងដែរ។

លោកតា ពុត សឿន ក៏បានថ្លែងអំណរគុណ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលវេលាដ៏មមាញឹកអញ្ជើញសួរសុខទុក្ខនាពេលនេះ និងបានថ្លែងអំណរអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព បានយ៉ាងល្អជូននាពេលនេះ។

គួររំលឹកផងដែរថា លោកតា ពុត សឿន អាយុ ៩៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លោកតា ក៏ត្រូវបាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងបានសុំការអនុញ្ញាតលោកតា ធ្វើជាឪពុកធម៌ និងបានធានាចិញ្ចឹមលោកតាពេញមួយជីវិត និងផ្តល់ផ្ទះទេវតា ១ ខ្នង ជូនលោកតា កាលពីពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៦៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម