Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិច រៀបចំពិធីសែនព្រេន “សុំម្ចាស់ទឹកម្ចាស់ដី” ឱ្យការដាំដុះទទួលបានទិន្នផលល្អ

បានផុស

នៅ

មុនពេលចាប់ផ្ដើមរដូវដាំដុះ សហគមន៍ជនជាតិដើមភាគតិចដែលកំពុងរស់ខេត្តមណ្ឌលគិរី ភាគឦសាន តែងតែប្រារព្ធពិធីបុណ្យប្រពៃណីបុរាណ ដោយសម្ដែងរបាំ និងអធិស្ឋានសុំទៅកាន់ “ម្ចាស់ទឹកម្ចាស់ដី” តាមជំនឿបុរាណរបស់ពួកគេ ដើម្បីឱ្យការដាំដុះទទួលបានទិន្នផលល្អ។ ពិធីនេះត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីអ្នកភូមិចាស់ទុំ និងសមាជិកសហគមន៍ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ប្លិក នើប អាយុ ៤២ ឆ្នាំ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ជាជនជាតិដើមភាគតិចពូនង បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៨ ខែមេសាថា តាមទម្លាប់មុនពេលចាប់ផ្ដើមដាំដុះ ប្រជាជនពូនងត្រូវរៀបចំពិធីសែនព្រេនជាមុន ដោយមានការសម្ដែងរបាំគោះឃ្មោះ និងរៀបចំគ្រឿងដង្វាយបូជា ដូចជា ស្រាពាង មាន់ និងអាហារប្រពៃណីផ្សេងៗជាច្រើន។ ការបូជានេះធ្វើឡើងដើម្បីគោរពអារុក្ខអារក្ស អ្នកតា និងម្ចាស់ទឹកម្ចាស់ដី ដោយបួងសួងឲ្យមានអាកាសធាតុអំណោយផល មានភ្លៀងធ្លាក់គ្រប់គ្រាន់ ការដាំដុះដំណាំកសិកម្មទទួលបានផលល្អ  និងចៀសវាងគ្រោះធម្មជាតិផ្សេងៗ។

បើតាមអ្នកស្រី ប្លិក នើប ការសែនព្រេនមិនត្រឹមតែធ្វើមុនរដូវដាំដុះប៉ុណ្ណោះទេ ប៉ុន្តែពេលដល់រដូវប្រមូលផល ក៏ត្រូវរៀបចំពិធីដូចគ្នាផងដែរ ដើម្បីសុំសេចក្ដីសុខសប្បាយ និងជោគជ័យក្នុងជីវភាពរស់នៅ។

លើសពីនេះ ការរក្សាទំនៀមទម្លាប់នៃពិធីសែនព្រេននេះ ក៏ជាការភ្ជាប់ជីវិតរបស់ជនជាតិដើមភាគតិចជាមួយធម្មជាតិ ព្រៃភ្នំ និងជាវប្បធម៌ដែលបានបន្តពីបុព្វបុរស។ ពិធីនេះក៏ជាផ្នែកមួយក្នុងការបង្ហាញអត្តសញ្ញាណវប្បធម៌ទៅកាន់សាធារណជន និងទាក់ទាញភ្ញៀវទេសចរ ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីជីវិត និងជំនឿរបស់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីផងដែរ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម