ព័ត៌មានអន្ដរជាតិ
គ្រោះរាំងស្ងួតមិនធ្លាប់មាន កំពុងវាយប្រហារកូរ៉េខាងជើង
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍ថា ប្រទេសនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងចម្លែកបំផុត ដែលគំរាមកំហែងដល់វិស័យកសិកម្មទាំងមូល។ ដោយសារតែកូរ៉េខាងជើងមានហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយស្រាប់ គ្រោះធម្មជាតិបែបនេះ តែងតែបង្កផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតដល់ជីវភាពប្រជាជន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានបញ្ជាក់ថា គ្រោះរាំងស្ងួតខុសពីធម្មតានេះ បានអូសបន្លាយពាសពេញផ្ទៃប្រទេស ដែលជាបាតុភូតកម្រនឹងកើតមានណាស់ក្នុងឆ្នាំមុនៗ។ បច្ចុប្បន្ន កម្មករ និងមន្ត្រីនៅតាមតំបន់នានា កំពុងតែប្រមូលផ្ដុំកម្លាំងទាំងអស់ ដើម្បីការពារផលដំណាំដើមរដូវ កុំឲ្យខូចខាតដោយសារកង្វះទឹក។ បញ្ហានេះកាន់តែគួរឲ្យបារម្ភថែមទៀត ព្រោះតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកូរ៉េខាងជើង លោកស្រី Elizabeth Salmon កាលពីខែកុម្ភៈកន្លងទៅ ធ្លាប់បានព្រមានរួចហើយថា ការខ្វះខាតស្បៀងអាហារ គឺជាបញ្ហាចម្បងបំផុត ដែលកូរ៉េខាងជើងកំពុងជួបប្រទះ។
បើក្រឡេកទៅមើលប្រទេសកូរ៉េខាងត្បូងវិញ កាលពីឆ្នាំ២០២៥ ក៏ធ្លាប់បានឆ្លងកាត់គ្រោះរាំងស្ងួតយ៉ាងយូរ ដែលធ្វើឲ្យទីក្រុង Gangneung រងគ្រោះរហូតដល់ថ្នាក់អាជ្ញាធរ ត្រូវកាត់ផ្ដាច់ការផ្គត់ផ្គង់ទឹកតាមផ្ទះដល់ទៅ ៧៥ភាគរយ។ កម្ដៅដែលកើនឡើងខ្លាំងនេះ គឺជាលទ្ធផលនៃបម្រែបម្រួលអាកាសធាតុ ហើយអ្នកជំនាញបានព្យាករថា បាតុភូតអែលនីញ៉ូ (El Nino) នឹងវិលត្រឡប់មកវិញក្នុងឆ្នាំ២០២៦ នេះ ដែលនាំមកនូវកម្ដៅ កង្វះទឹកភ្លៀង និងជួនកាលមានភ្លៀងធ្លាក់ខ្លាំងខុសធម្មតាដល់បណ្ដាប្រទេសនៅអាស៊ី។
ដើម្បីឆ្លើយតបនឹងវិបត្តិនេះ អាជ្ញាធរកូរ៉េខាងជើង បានបញ្ជាឲ្យមានការជួសជុលទ្វារទឹក និងប្រឡាយនានាជាបន្ទាន់ ដើម្បីត្រៀមលក្ខណៈក្នុងស្ថានភាព ដែលទឹកមានការថយចុះខ្លាំង។ កម្មករកសិកម្ម ក៏កំពុងអនុវត្តបច្ចេកទេសថ្មីៗ ដើម្បីជួយឲ្យដំណាំស្រូវសាលី និងសំណាបផ្សេងៗមានភាពធន់នឹងកម្ដៅ។ អ្វីដែលកាន់តែពិបាកនោះគឺ កូរ៉េខាងជើងតែងតែមានបញ្ហាខ្វះខាតអគ្គិសនីជាប្រចាំ ដែលមានន័យថា ប្រជាជនភាគច្រើនគ្មានម៉ាស៊ីនត្រជាក់ ដើម្បីជួយកាត់បន្ថយកម្ដៅនោះទេ។ គេនៅចាំបានថា កាលពីឆ្នាំ២០២៤ កន្លងទៅ កូរ៉េខាងជើងក៏ធ្លាប់រងគ្រោះ ដោយទឹកជំនន់ដ៏ធំនៅក្បែរព្រំដែនចិន ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់ផងដែរ ដែលនេះសបញ្ជាក់ថា កូរ៉េខាងជើងកំពុងតែរងគ្រោះជាន់លើគ្រោះ ដោយសារតែអាកាសធាតុប្រែប្រួលយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


