Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្តាប់ធ្នាប់រំដោះចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ជុំវិញបរិវេណផ្សារអូរឫស្សី

បានផុស

នៅ

រដ្ឋបាលខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវជុំវិញបរិវេណផ្សារអូរឫស្សី ស្ថិតក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ដើម្បីរបៀបរៀបរយ ពិសេសទុកចិញ្ចើមផ្លូវសម្រាប់ពលរដ្ឋ និងភ្ញៀវ ថ្មើរជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះរៀបចំនេះធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំផ្ទាល់ដោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពដោយលោក ណុប ផា អភិបាលរងខណ្ឌ នៅតាមបណ្តោយផ្លូវលេខ១១១ , ផ្លូវលេខ១៦៦ និងផ្លូវលេខ១៤១។

លោកណុប ផា អភិបាលរងខណ្ឌ បានឲ្យដឹងថា  កិច្ចការងាររៀបចំសណ្តាប់ធ្នាប់នេះ ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ ក្រោមការដឹកនាំរបស់លោកអភិបាល គឺតែងតែចុះរៀបចំនៅតាមដងផ្លូវនានាតូចធំទាំងអស់ក្នុងមូលដ្ឋាន សំដៅធានាបាននូវសោភ័ណ្ឌភាពរបៀបរៀបរយល្អ ពិសេសការរំដោះចិញ្ចើមផ្លូវសាធារណៈទុកសម្រាប់ការថ្មើរជើង។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ កំឡុងការចុះអនុវត្តការរៀបចំ អាជ្ញាធរចម្រុះ ក៏បានជួបឧបសគ្គតិចតួចដែលបានរារាំងដល់ដំណើរការរៀបចំ ដោយមានពលរដ្ឋមួយគ្រួសារ រស់នៅលើកំណាត់ផ្លូវលេខ១១១ បានយកថ្មជាច្រើនទៅចាក់លើចិញ្ចើមផ្លូវសាធារណៈមុខលំនៅឋានផ្ទាល់របស់ខ្លួន ដែលបានធ្វើឲ្យបិទទាំងស្រុងដល់ការធ្វើដំណើរដោយថ្មើរជើងរបស់ពលរដ្ឋ។

ទន្ទឹមនឹងនោះ អាជ្ញាធរបានសម្រេចកាយ និងលើកថ្មខាងលើចេញពីចិញ្ចើមផ្លូវសាធារណៈ និងបានណែនាំដល់ម្ចាស់ផ្ទះ អំពីការធ្វើបំពានដោយខុសច្បាប់ មកលើទីតាំងសាធារណៈដែលគ្រប់គ្រងដោយអាជ្ញាធររដ្ឋអំណាច។

លោកអភិបាលរងខណ្ឌ បញ្ជាក់បន្ថែមថា ៖ ការចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នេះ ពុំបានធ្វើឡើងដើម្បីតម្រូវចិត្តបុគ្គលណាមួយនោះឡើយ វាគឺកិច្ចការងារចំបាច់របស់អាជ្ញាធរ ដែលត្រូវធ្វើដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន និងសង្គមជាតិ៕អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម