Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បើកការវាយប្រហារ​ទីក្រុងបេរូត​ សា​ជាថ្មី បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់

បានផុស

នៅ

សន្តិភាព ដែលទើបតែចាប់ផ្ដើមមានពន្លឺព្រាលៗ នៅប្រទេសលីបង់ បានប្រែជាងងឹត​សូន្យ​ទៅ​វិញយ៉ាងលឿន បន្ទាប់ពីកងទ័ពអាកាសអ៊ីស្រាអែល បានសម្រេចចិត្តបើកការវាយប្រហារលើរដ្ឋធានី​បេរូត កាលពីថ្ងៃពុធ ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Al Jazeera បាន​ចុះផ្សាយ​នា​ថ្ងៃទី​៧ ខែឧសភា នេះ ថា វាគឺ​ជាលើកដំបូងហើយ ដែលទីក្រុងបេរូត​ រងគ្រោះ​ដោយគ្រាប់បែក ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ត្រូវបានប្រកាសកាលពីខែមេសា។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការលើកនេះ គឺមានគោលដៅចំៗ ទៅលើមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កងកម្លាំងពិសេស Radwan ដែលជាអង្គភាពខ្លាំងបំផុតរបស់ក្រុមហេសបូឡា។

មេដឹកនាំអ៊ីស្រាអែលរូបនេះ រួមជាមួយរដ្ឋមន្ត្រីការពារជាតិ បានអះអាងថា ការបញ្ជាឲ្យកម្ទេចមេបញ្ជាការរូបនោះ គឺជាវិធានការចាំបាច់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់។ អ៊ីស្រាអែល ជឿជាក់ថា មេបញ្ជាការរូបនោះ រួមទាំងអនុប្រធាន និងសហការីមួយចំនួនទៀត ត្រូវបានស្លាប់ ក្នុងហេតុការណ៍​វាយ​ប្រហារ​ ប៉ុន្តែខាងក្រុមហេសបូឡា និងខាងកងទ័ពលីបង់ នៅ​មិនទាន់បានចេញមកបញ្ជាក់ពីព័ត៌មាននេះជាផ្លូវការនៅឡើយទេ។

នៅផ្នែកខាងត្បូងនៃប្រទេសលីបង់វិញ ស្នូរគ្រាប់កាំភ្លើង និងការផ្ទុះនៅតែបន្តកើតមានមិនដាច់។ អាជ្ញាធរលីបង់ បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ភាគខាងត្បូង និងជ្រលងភ្នំ Bekaa បានបណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ១៣នាក់ បាត់បង់ជីវិតក្នុងថ្ងៃតែមួយ។ ក្នុងនោះ មានហេតុការណ៍ខ្លោចផ្សាជាច្រើន បានកើតឡើង ដូចជា ការវាយប្រហារលើរថយន្តនៅតាមដងផ្លូវ និងការទម្លាក់គ្រាប់បែកលើតំបន់ ដែលមានអ្នកភូមិរស់នៅ ដែលបណ្តាលឲ្យ​មានទាំងស្ត្រី និងមនុស្សចាស់ស្លាប់ និងរងរបួសជាច្រើននាក់។ សូម្បីតែនៅលើមេឃនៃទីក្រុងបេរូត ក៏គេចាប់ផ្ដើមឃើញយន្តហោះដ្រូនរបស់អ៊ីស្រាអែល ហោះក្រឡឹងម្ដងទៀត បន្ទាប់ពីបាត់ស្រមោលមួយរយៈ ក្រោយពេលឈប់បាញ់។

ដោយ​អះអាង​ថា​ជាការឆ្លើយតបទៅនឹងការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ ក្រុមហេសបូឡា បានបើកការវាយប្រហារបកវិញ ដោយប្រើប្រាស់យន្តហោះដ្រូនផ្ទុកគ្រឿងផ្ទុះ និងគ្រាប់រ៉ុក្កែត តម្រង់ទៅលើកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ដែលបណ្តាលឲ្យ​ទាហានអ៊ីស្រាអែលពីរនាក់រងរបួស។ បើទោះបីជាភាគីទាំងពីរបន្តវាយប្រហារគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ ក៏កិច្ចប្រឹងប្រែងផ្នែកការទូតនៅតែបន្តធ្វើឡើង ប៉ុន្តែក្នុងល្បឿនយឺតយ៉ាវបំផុត។ លោកនាយករដ្ឋមន្ត្រីលីបង់ Nawaf Salam បានលើកឡើងថា វានៅលឿនពេក ក្នុងការរំពឹងទុកនូវការជួបពិភាក្សាគ្នារវាងមេដឹកនាំជាន់ខ្ពស់ ខណៈដែលគោលដៅចម្បងរបស់លីបង់នៅពេលនេះ គឺការទាមទារឲ្យមានកាលវិភាគច្បាស់លាស់ សម្រាប់ឲ្យអ៊ីស្រាអែលដកទ័ពចេញ និងការរៀបចំគ្រប់គ្រងអាវុធ ក្នុងប្រទេសឡើងវិញ។ រហូតមកដល់ពេលនេះ សង្រ្គាមដ៏រ៉ាំរ៉ៃមួយនេះ បានឆក់យកជីវិតមនុស្សអស់ជាង ២ ៧០០នាក់ទៅហើយ បន្សល់ទុកនូវភាពសោកសៅជាពន់ពេក សម្រាប់ប្រជាជនលីបង់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម