Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ភាពអត់ឃ្លាន​​នឹងធ្លាក់​លើ​មនុស្ស​ប្រមាណ​ ៤៥​លាន​​​​​​នាក់​ទៀត បើ​​​ជីកសិកម្ម​បន្តជាប់គាំង​​​នៅ​​ច្រក Hormuz រដូវ​ដាំដុះ

បានផុស

នៅ

ប្រធាន​ក្រុម​ការងារ​អង្គការសហប្រជាជាតិ ​(UN) ប្រាប់ AFP នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា​នេះ ថា មនុស្ស​រាប់សិបលាននាក់​អាច​ប្រឈម​​នឹង​ភាព​អត់ឃ្លាន​ធ្ងន់​ធ្ងរ ដោយសារ​តែ​ការខ្វះខាត​ផលិត​កម្មស្បៀង​​ ប្រសិនបើជី​កសិកម្ម​មិន​ត្រូវបាន​អនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះ​ទេ ចំ​ពេល​កសិករ​នៅ​ទូទាំង​ពិភព​លោក​​កំពុង​​ដាំដុះដំណាំ​​។

អ៊ីរ៉ង់​បាន​​ធ្វើ​ឱ្យ​ច្រក​យុទ្ធ​សាស្រ្ត​ ហ័រមូស​នេះ​ ជាប់​គាំងដើម្បីសងសឹក​ ចំពោះសង្គ្រាមចាប់ផ្តើម​ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ រំខាន​ដល់​ពាណិជ្ជកម្មដ៏សំខាន់សម្រាប់កសិករ​នៅជុំវិញពិភពលោក​​​នា​ពេល​ចុង​បញ្ចប់​នៃរដូវដាំដុះរបស់​ពួ​គេ​​ ព្រោះ​​ជីមួយភាគបីរបស់​ពិភព​លោក​ជាធម្មតាឆ្លង​កាត់ច្រក​នេះ​។

លោក Jorge Moreira da Silva. រូបភាព៖ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យ​សេវា​កម្ម​គម្រោងអង្គការ​សហប្រជាជាតិ (UNOPS) ប្រាប់ AFP ក្នុង​បទ​សម្ភាសន៍មួយនៅទី​ក្រុងប៉ារីស​ ថា​៖ « យើង​មានពេលពីរបីសប្តាហ៍​ទៀត​ ដើម្បីទប់ស្កាត់វិបត្តិ​មនុស្សធម៌ដ៏ធំមួយ។ យើងអាច​នឹង​ឃើញ​វិបត្តិមួយ​ដែលនឹងបង្ខំ​មនុស្ស ៤៥លាននាក់​បន្ថែមទៀត ធ្លាក់ចូល​ទៅក្នុងភាពអត់ឃ្លាន»។

អគ្គលេខាធិការអង្គការសហ​ប្រជាជាតិ បាន​បង្កើតក្រុមការងារនេះ​នៅ​ក្នុងខែមីនា ដឹកនាំជា​យន្តការ​មួយ​​អនុញ្ញាត​ឱ្យជី និងវត្ថុធាតុដើម​ពាក់​ព័ន្ធ​ការ​ផលិត​ជីកសិកម្ម ដូចជា អាម៉ូញាក់ ស្ពាន់ធ័រ និងអ៊ុយរ៉េ ឆ្លង​កាត់​ច្រកសមុទ្រមួយ​នេះ​​។

មិន​តែ​ប៉ុណ្ណោះ អស់រយៈពេលច្រើនសប្តាហ៍មក​នេះ​ លោក Moreira da Silva ខិតខំបញ្ចុះបញ្ចូល​ភាគីជម្លោះ​អនុញ្ញាត​​ឱ្យកប៉ាល់​មួយ​ចំនួនឆ្លងកាត់ ហើយលោក​ចួបជាមួយប្រទេសជាង១០០ ដើម្បី​ប្រមូល​ការ​គាំទ្រពីរដ្ឋ​សមាជិកអង្គការសហប្រជាជាតិ​ជុំវិញយន្តការនេះ។

លោក និយាយថា៖ « ប្រទេសកាន់តែច្រើនឡើងកំពុងបង្ហាញការគាំទ្រចំពោះផែនការនេះ ប៉ុន្តែ​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក៏ដូចជាប្រទេស​ឈូងសមុទ្រជាអ្នកផលិតជី​សំខាន់ៗ មិនទាន់​គាំទ្រពេញ​លេញនៅឡើយ​ទេ»។

ខណៈក្តីសង្ឃឹមចុងក្រោយ​គឺសម្រាប់​កិច្ចព្រមព្រៀងសន្តិភាព​យូរ​អង្វែងនៅក្នុងតំបន់និងសេរីភាពនៃការធ្វើនាវាចរណ៍​សម្រាប់ទំនិញ​ទាំង​អស់ឆ្លងកាត់​ច្រកសមុទ្រ។

លោក Moreira da Silva បន្ត​ថា៖ « បញ្ហាគឺរដូវដាំដុះ​មិន​អាច​រង់​ចាំ​បានទេ ដោយខ្លះ[​ជី] បញ្ចប់ក្នុងប្រទេសអាហ្វ្រិក​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​»។

យ៉ាង​ណា​ការ​ផ្តោតអារម្មណ៍ជាសកលគឺទៅ​លើផលប៉ះពាល់​សេដ្ឋកិច្ច​នៃការជួញ​ដូរប្រេង និងឧស្ម័ន ប៉ុន្តែអង្គការសហប្រជាជាតិកំពុង​ប្រកាស​អាសន្ន​ពីការគំរាមកំហែងចំពោះ​ការបិទផ្លូវនេះ​ បង្កឡើង​លើ​សន្តិសុខស្បៀង​អាហាររបស់​ពិភពលោក ដោយ​ប្រទេស​នៅ​អាហ្វ្រិកនិងអាស៊ីទំនង​ជារងផលប៉ះពាល់ខ្លាំង​ជាង​គេ​៕

ប្រែដោយ​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម