Connect with us

សេដ្ឋកិច្ច

សម្ព័ន្ធ​ក្រុមហ៊ុន Emirates ទទួលប្រាក់ចំណេញក្នុងកម្រិតកំណត់ត្រា រហូតដល់ទៅ ៦៦០០ លានដុល្លារ នៅឆ្នាំ ២០២៥-២០២៦

បានផុស

នៅ

Emirates នៅតែជា​ក្រុមហ៊ុនអាកាសចរណ៍មានប្រាក់ចំណេញខ្លាំងជាងគេបំផុតលើពិភពលោក ដោយ​បន្ត​ពង្រីកបណ្ដាញហោះហើររបស់ខ្លួន ដូចជា​ផ្លូវហោះហើរ​ពីសៀមរាបទៅឌូបៃជាដើម

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦៖ សម្ព័ន្ធ​ក្រុមហ៊ុន Emirates Group បានចេញរបាយការណ៍ប្រចាំឆ្នាំ ២០២៥-២០២៦ របស់ខ្លួន ដោយសម្រេចបាននូវ​ប្រាក់ចំណេញ ប្រាក់ចំណូល និង​សមតុល្យសាច់ប្រាក់​ក្នុងកម្រិតកំណត់ត្រាថ្មី បើទោះបីជា​​ជួប​មានបញ្ហា​រអាក់រអួល និងបញ្ហាប្រឈម​​ក្នុងរយៈពេល ១២ ខែ នៃការិយបរិច្ឆេទហិរញ្ញវត្ថុរបស់ខ្លួនក្ដី ។

នៅក្នុងរបាយការណ៍នេះក៏បានលើកឡើងពីក្រុងសៀមរាប ថាជាគោលដៅធ្វើដំណើរ​ថ្មីមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates ព្រមជាមួយទីក្រុងដាណាង ហាំងចូវ និងសិនជិន។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្ថែមសេវាកម្មផ្សេងៗ សម្រាប់គោលដៅហោះហើរ​ដែលមានស្រាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

គិតត្រឹមថ្ងៃទី ៣១ ខែមីនា បណ្តាញជើងហោះហើរសាកលរបស់អាកាសចរណ៍ Emirates បានគ្របដណ្តប់លើទីក្រុងចំនួន ១៥២ នៅក្នុងប្រទេសចំនួន ៨០។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ក៏បានពង្រីកភាពជាដៃគូប្រើកូដហោះហើររួមគ្នា (Codeshare) រហូតដល់ទៅ ៣២ ដៃគូ និងដៃគូភ្ជាប់បណ្ដាញហោះហើរនិងលក់សំបុត្ររួមគ្នា (Interline) រហូតដល់ទៅ ១១៧ ដៃគូ ដែលទាំងអស់នេះ​ជួយ​ឱ្យអតិថិជន​អាច​ហោះហើរទៅកាន់ទីក្រុងជាង ១.៧០០ កន្លែង បន្ថែមលើបណ្ដាញហោះហើរ​របស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលបិទបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍ Emirates មានរបាយការណ៍ដូចតទៅ៖

  • ប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើងក្នុងកម្រិតកំណត់ត្រា គឺមានទំហំទឹកប្រាក់ ២៤,៤ ពាន់លានឌីរ៉ាមអេមរ៉េត (៦៦០០ លានដុល្លារសហរដ្ឋអាមេរិក) ដែលកើនឡើង ៧% ធៀបនឹង​ឆ្នាំមុន ហើយ​អត្រាភាគរយនៃប្រាក់ចំណេញមុនបង់ពន្ធនេះ   គឺស្មើនឹង​ ១៦,២%
  • ប្រាក់ចំណូលក្នុងកម្រិតកំណត់ត្រា មានទំហំទឹកប្រាក់ ១៥០,៥ ពាន់លានឌីរ៉ាមអេមីរ៉េត (៤១ ពាន់លានដុល្លារអាមេរិក) កើនឡើង​ ៣% ធៀបនឹង​លទ្ធផលពីឆ្នាំមុន ។
  • ​ សាច់ប្រាក់កើនឡើងក្នុងកម្រិតកំណត់ត្រា ដោយ​មានទំហំ ៥៩,៦ ពាន់លាន​ឌីរ៉ាមអេមីរ៉េត (១៦,២​ ពាន់លានដុល្លារ) ដែលកើនឡើង ១២% ធៀបនឹង​ឆ្នាំមុន ។
  • ប្រាក់ចំណេញមុនបង់ពន្ធ ការប្រាក់ និង រំលោះ   (EBITDA) មានទំហំទឹកប្រាក់ ៤១,១ ពាន់លានឌីរ៉ាមអេមីរ៉េត (១១,២ ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងឱ្យ​ឃើញ​ពីភាពរឹងមាំ​នៃលទ្ធភាពចំណេញពីប្រតិបត្តិការ​

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Emirates គឺនៅតែ​រក្សាតំណែង​របស់ខ្លួនជា​ក្រុមហ៊ុនអាកាសចរណ៍​ទទួលប្រាក់ចំណេញ​ខ្លាំងជាងគេបំផុតលើពិភពលោក ដោយមានរបាយការណ៍ដូចតទៅ៖

  • ប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើងក្នុងកម្រិតកំណត់ត្រា  គឺមានទំហំទឹកប្រាក់ ២២,៨ ពាន់លានឌីរ៉ាមអេមីរ៉េត (៦២០០ លានដុល្លារសហរដ្ឋអាមេរិក) ដែលកើនឡើង ៧% ធៀបនឹង​ឆ្នាំមុន ហើយ​អត្រាភាគរយនៃប្រាក់ចំណេញមុនបង់ពន្ធនេះគឺស្មើនឹង​ ១៧,៤%
  • ប្រាក់ចំណូលក្នុងកម្រិតកំណត់ត្រា មានទំហំទឹកប្រាក់ ១៣០,៩ ពាន់លានឌីរ៉ាមអេមីរ៉េត (៣៥,៧ ពាន់លានដុល្លារអាមេរិក) កើនឡើង​ ២% ធៀបនឹង​លទ្ធផលពីឆ្នាំមុន ។
  • ​សាច់ប្រាក់កើនឡើងក្នុងកម្រិតខ្ពស់បំផុត ដោយ​មានទំហំ ៥៤,៩ ពាន់លាន​ឌីរ៉ាមអេមីរ៉េត (១៥​ ពាន់លានដុល្លារ) ដែលកើនឡើង ១០% ធៀបនឹង​ឆ្នាំសារពើពន្ធមុនដែលបិទនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ។

ព្រះអង្គម្ចាស់ Sheikh Ahmed bin Saeed Al Maktoum ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Emirates និងសម្ព័ន្ធក្រុមហ៊ុន Emirates មានបន្ទូលថា៖ “លទ្ធផលដ៏ត្រចះត្រចង់ទាំងអស់​នេះ បើទោះបីជាមានបញ្ហាប្រឈមសំខាន់ៗនៅក្នុងខែចុងក្រោយនៃការិយបរិច្ឆេទហិរញ្ញវត្ថុរបស់យើងក៏ដោយ សបញ្ជាក់ឱ្យឃើញ​ជាថ្មីពីភាពរឹងមាំ និងភាពធន់នៃគំរូអាជីវកម្មរបស់សម្ព័ន្ធ​ក្រុមហ៊ុន Emirates ដែលចា់ឫសចាក់គល់ផ្នែកសុវត្ថិភាព ឧត្តមភាព នវានុវត្តន៍ ធនធានមនុស្ស និងភាពជាដៃគូ”។

“សម្រាប់រយៈពេល ១១ ខែនៃឆ្នាំសារពើពន្ធ ២០២៥-២០២៦ ទិដ្ឋភាពទូទាំងសម្ព័ន្ធ​ក្រុមហ៊ុនទាំងមូល​គឺ​មានភាពវិជ្ជមានខ្លាំងណាស់។ តម្រូវការខ្ពស់​សម្រាប់ផលិតផល និងសេវាកម្មរបស់យើងកំពុងជំរុញកំណើន​ប្រាក់ចំណូល ហើយយើងសម្រេចបានប្រាក់ចំណេញល្អប្រសើរ ដោយសារការវិនិយោគជាប់លាប់លើផលិតផល ធនធានមនុស្ស បច្ចេកវិទ្យា និងម៉ាកយីហោ។ ពីមួយខែទៅមួយខែ យើងសម្រេចបានលទ្ធផល​លើសគោលដៅយើងបានកំណត់” ។

“នៅថ្ងៃទី ២៨ ខែកុម្ភៈ សកម្មភាពយោធាបានរំខានយ៉ាងខ្លាំងដល់អាជីវកម្ម​ចរាចរណ៍ផ្លូវអាកាសជា​សកលនៅក្នុងតំបន់ឈូងសមុទ្រពែក្ស​ រួមទាំងនៅអារ៉ាប់រួមផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Emirates និង dnata បានសម្រុកប្រមូលផ្តុំកៀរគរធនធានដើម្បីជួយគាំទ្រដល់បុគ្គលិក និងអតិថិជនដែលរងផលប៉ះពាល់ ការពារទ្រព្យសម្បត្តិរបស់យើង និងធានាបាននូវចីរភាពរបស់អាជីវកម្ម”។

“យើងមានសំណាងណាស់ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ពីព្រោះទីក្រុងនេះមាន​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ដ៏ស៊ីសង្វាក់គ្នា បានអនុញ្ញាតឱ្យរដ្ឋាភិបាលស្វែងរកបាននូវច្រករបៀងសុវត្ថិភាពយ៉ាងឆាប់រហ័សសម្រាប់ជើងហោះហើរផ្នែក​ពាណិជ្ជកម្ម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates និង dnata បានស្តារប្រតិបត្តិការឡើងវិញបន្តិចម្តងៗនៅ DXB។ ទោះបីជាយើងធ្វើប្រតិបត្តិការក្នុង​កម្រិត​​ទាបជាងសមត្ថភាពក្នុងការ​ដឹក​អ្នកដំណើរ បើធៀប​នឹងមុនពេលសង្គ្រាមក្ដី ប៉ុន្តែ​ប្រតិបត្តិការដឹកទំនិញបានកើនឡើងដើម្បីគាំទ្រដល់ចលនាដឹកជញ្ជូន​ទំនិញសំខាន់ៗចូលទៅក្នុង និងឆ្លងកាត់ប្រទេសអារ៉ាប់រួម”។

ព្រះអង្គម្ចាស់ Sheikh Ahmed មានបន្ទូលបន្ថែមថា៖ “សម្ព័ន្ធក្រុមហ៊ុន Emirates ធ្លាប់បានហែលឆ្លងវិបត្តិ និងព្រឹត្តិការណ៍រំខានពីមុនៗមក។ រាល់ពេល យើងផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជន និងបុគ្គលិករបស់យើង ហើយរាល់ពេល យើងបានងើបឡើងវិញប្រកបដោយភាពរឹងមាំជាងមុន”។

“បុគ្គលិករបស់យើងជាផ្នែកដ៏ធំមួយនៃភាពជោគជ័យរបស់យើង ដែលផ្ដល់លទ្ធភាពឱ្យយើងឆ្លើយតបទៅនឹង​បញ្ហានានា​ដោយភាពរហ័សរហួននៅក្នុងបរិយាកាសប្រតិបត្តិការប្រកបដោយភាពស្វាហាប់។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់របស់យើង ពីព្រោះពួកគាត់​ពិតជាបានបង្ហាញឱ្យឃើញពីគុណវុឌ្ឍិ ដែលធ្វើឱ្យសម្ព័ន្ធក្រុមហ៊ុន Emirates ឆ្លងកាត់​បាន​រាល់ពេលលំបាក”។

“ខ្ញុំសូមថ្លែងអំណរអរព្រះ​គុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គម្ចាស់ Sheikh Mohamed bin Rashid Al Maktoum និងបុត្រា​របស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Sheikh Hamdan និងព្រះអង្គម្ចាស់ Sheikh Maktoum ចំពោះការគ្រប់គ្រងទីក្រុងឌូបៃ និងការគាំទ្រឥតងាករេចំពោះវិស័យ​អាកាសចរណ៍ ។ សម្ព័ន្ធ​ ក្រុមហ៊ុន Emirates មានមោទនភាពក្នុងការចូលរួមចំណែកដល់យុទ្ធសាស្ត្ររបស់ក្រុងឌូបៃក្រោមការដឹកនាំរបស់ព្រះអង្គ​។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូក្នុង​ប្រព័ន្ធ​អេកូឡូស៊ីទាំងអស់របស់យើង ដែលជួយឲ្យវិស័យ​អាកាសចរណ៍ពិភពលោក​បន្តដំណើរការទៅមុខ។ កិច្ចសហការ និងសាមគ្គីភាពរបស់ពួកគាត់​គឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងឆ្លុះបញ្ចាំងពីស្មារតីនៃភាពជាដៃគូ ដែលជាចំណុចស្នូលនៃប្រតិបត្តិការ​របស់​សម្ព័ន្ធក្រុមហ៊ុន Emirates”។

ក្នុងឆ្នាំ ​២០២៥-២៦ សម្ព័ន្ធ​ក្រុមហ៊ុនបានវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១៧,៩ ពាន់លានឌីរ៉ាមអេមីរ៉េត ​​(៤,៩ ពាន់លានដុល្លារអាមេរិក) លើយន្តហោះថ្មី គ្រឿងបរិក្ខារ ឧបករណ៍ និងបច្ចេកវិទ្យាថ្មី​ចុងក្រោយបំផុត ដើម្បីគាំទ្រដល់​ផែនការកំណើនរបស់ខ្លួន។

កម្លាំងពលកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុន បានកើនឡើង​ ៨% ដោយសព្វថ្ងៃមាន​បុគ្គលិកនិយោជិត​រហូតដល់ទៅ ១៣០.៩១៩ នាក់ ។

ទាក់ទង​នឹង​ការសំឡឹងទៅឆ្នាំ ២០២៦-២៧ ព្រះអង្គម្ចាស់​ Sheikh Ahmed មានបន្ទូលថា “ឥឡូវនេះ សកម្មភាពយោធារវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ត្រូវបានផ្អាកក្រោមកិច្ចព្រមព្រៀងឈប់បាញ់។ យើងសង្ឃឹមថានឹងមានដំណោះស្រាយច្បាស់លាស់ចំពោះអរិភាពទាំងអស់​ក្នុងពេលឆាប់ៗនេះ និងហើយទីផ្សារ​វិលត្រឡប់ទៅរកស្ថិរភាពវិញ។ ប៉ុន្តែក្នុងពេលនេះ យើងក៏មិនអង្គុយនៅស្ងៀមនោះដែរ”។

“បើនិយាយពីប្រេងវិញ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានត្រៀម​ការពារយ៉ាងល្អរហូតដល់ឆ្នាំ ២០២៨-២៩ ហើយយើងបានធ្វើការជាមួយអ្នកផ្គត់ផ្គង់របស់យើង ដើម្បីធានាបរិមាណដែលត្រូវការ សម្រាប់គាំទ្រដល់ប្រតិបត្តិការបច្ចុប្បន្ន និងសម្រាប់​ការពង្រីកខ្លួនរបស់យើងឱ្យបានដល់កម្រិតមុនពេលមានផ្ទុះសង្គ្រាម។ នៅ dnata និងនៅទូទាំងសម្ព័ន្ធក្រុមហ៊ុនទាំងមូល​ លំហូរអាជីវកម្ម មាត្រដ្ឋាន ផលប័ត្រ និងការវិនិយោគជាច្រើនឆ្នាំមកនេះ ផ្តល់ឱ្យយើងនូវភាពធន់ និងភាពរហ័សរហួនក្នុងការដោះស្រាយរាល់​បញ្ហាប្រឈមណាមួយក្នុងរយៈពេលខ្លី”។

“សម្ព័ន្ធ​ក្រុមហ៊ុន Emirates បោះជំហាន​ចូលឆ្នាំសារពើពន្ធ ២០២៦-២៧ ជាមួយនឹងទុនបម្រុងសាច់ប្រាក់រឹងមាំ ដែលផ្ដល់លទ្ធភាពឱ្យយើងអាច​ដើរទៅមុខតាម​ផែនការ ដើម្បីពង្រឹងអាជីវកម្មរបស់យើងដោយមិនចាំបាច់មានវិធានការគ្រប់គ្រងចំណាយ​ខ្វះការប្រុងប្រយ័ត្ននោះទេ។ ការទទួលយន្តហោះថ្មី និងកម្មវិធី​កែលម្អ​យន្តហោះ ក៏ដូចជាគម្រោងវិនិយោគលើ​បរិក្ខារ​ និងឧបករណ៍ថ្មីៗនឹង​បន្តដំណើរការយ៉ាងឆាប់រហ័ស។ សម្ព័ន្ធ​ក្រុមហ៊ុន Emirates និង dnata នឹងនៅតែផ្តោតលើការផ្តល់ជូនផលិតផល និងសេវាអតិថិជន​ឈានមុខគេក្នុងឧស្សាហកម្ម ដោយធ្វើឱ្យយើងមានភាព​ខុសប្លែកពីគេនៅលើឆាកសកល ទាក់ទាញមនុស្ស​មាន​ទេពកោសល្យល្អបំផុត និងផ្តល់គុណ​តម្លៃដល់សហគមន៍ដែលយើងធ្វើការជាមួយ” ។

“មូលដ្ឋានគ្រឹះរបស់យើងគឺរឹងមាំ។ គំរូអាជីវកម្មរឹងមាំរបស់សម្ព័ន្ធ​ក្រុមហ៊ុន Emirates មិនមាន​ការ​ផ្លាស់ប្ដូរទេ។ តំណែង​របស់ទីក្រុងឌូបៃ ជា​ចំណុចប្រសព្វនៃការធ្វើ​ពាណិជ្ជកម្ម ជួញដូរ និងលំហូរទេសចរណ៍សកល ក៏មិនប្រែប្រួលដែរ​។ មហិច្ឆតារបស់យើងចង់ក្លាយជាក្រុមហ៊ុនល្អបំផុតនៅលើពិភពលោក និងបម្រើសេវា​ល្អបំផុតដល់​ពិភពលោក គឺនៅតែដដែល”។

សមត្ថភាពដឹកអ្នកដំណើរ និងដឹកទំនិញសរុបរបស់ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានកើនឡើង ១% គឺកើន​ដល់ ៦០,៦ ពាន់លាន ATKM ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានពង្រីកចំនួនយន្តហោះដឹកអ្នកដំណើររបស់ខ្លួន ដោយទទួលបានការ​ប្រគល់យន្តហោះប្រភេទ Airbus A350 ចំនួន ១៥ គ្រឿងនៅឆ្នាំនេះ។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍ Emirates មានយន្តហោះ A350 ចំនួន ១៩ គ្រឿង សម្រាប់បម្រើការ​ហោះហើរទៅកាន់គោលដៅចំនួន ២១ កន្លែង។

ដោយសារតែតម្រូវការច្រើន​នៃ​ការធ្វើដំណើរ និងសមត្ថភាពរបស់ក្រុមហ៊ុនអាកាសចរណ៍យើង​ក្នុងការទទួលបានការពេញចិត្តពីអតិថិជនតាមរយៈបណ្តាញហោះហើររឹងមាំ ផលិតផល និងសេវាកម្មមានគុណភាពខ្ពស់ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ Emirates ទទួលបានប្រាក់ចំណេញក្រោយ​កាត់ពន្ធ ក្នុងកម្រិត​កំណត់ត្រា រហូតដល់ទៅ ១៩,៧ ពាន់លានឌីរ៉ាមអេមីរ៉េត ​​(៥,៤ ពាន់លានដុល្លារអាមេរិក) ដែលលើសពីឆ្នាំមុន ដែលទទួលបានប្រាក់ចំណេញ​ក្រោយកាត់ពន្ធ ចំនួន ១៩,១ ពាន់លាន ឌីរ៉ាមអេមីរ៉េត ​​(៥,២ ពាន់លានដុល្លារអាមេរិក) ហើយ​កម្រិតប្រាក់ចំណេញសុទ្ធគឺបានកើនឡើង ១៥%។ នេះជាប្រាក់ចំណេញខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍យើង​ និងនៅក្នុងឧស្សាហកម្មអាកាសចរណ៍ទាំងមូល​សម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២៦។

របាយការណ៍ប្រចាំឆ្នាំ ២០២៥-២៦ របស់សម្ព័ន្ធក្រុមហ៊ុន Emirates ដែលមានក្រុមហ៊ុនអាកាសចរណ៍ Emirates ក្រុមហ៊ុន dnata និង​ក្រុមហ៊ុនជា​ច្រើនទៀតជា​បុត្រសម្ព័ន្ធនោះ មាន​ចុះផ្សាយនៅ​ទីនេះ www.theemiratesgroup.com/annualreport

តួលេខទឹកប្រាក់​ជា​ប្រាក់ដុល្លារ​សហរដ្ឋអាមេរិក​ត្រូវបាន​ប្ដូរ​ក្នុង​អត្រា ១ ដុល្លារអាមេរិក = ៣,៣៦ ឌីរ៉ាមអេមីរ៉េត ហើយ​ផ្អែកទៅតាម​តួលេខទឹកប្រាក់ឌីរ៉ាមអេមីរ៉េត ដែល​គិតគត់ៗជាខ្ទង់លាន ។

អំពី EMIRATES កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន​អត្ថប្រយោជន៍​ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល​ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍ Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ​ឆ្ងាញ់​តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី​កម្សាន្ត​លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល​ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ​តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ​សំឡេង និងផតខាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម