Connect with us

ព័ត៌មានជាតិ

ជិត ១០០ ឆ្នាំ​មុន ជនជាតិបារាំង​ស្រាវ​ជ្រាវ​រកឃើញ​រូប​​​ព្រះពុទ្ធ​ប្រក់​នាគ​លើ​កំពូលប្រាសាទ​បាយ័ន​

បានផុស

នៅ

នៅ​ជាន់​ទី ៣ ផ្នែក​ខាង​លើ​ប្រាសាទ​បាយ័ន បាន​បិទ​មិន​ឱ្យ​​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​រយៈពេល​ជាង ៣០ ឆ្នាំ​មក​ហើយ ដោយសារ​មាន​ហានិភ័យ​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់ ដោយ​អាជ្ញាធរ​បាន​ដាក់​ផ្លាក​ហាម​ឃាត់​មិន​ឱ្យ​ទេសចរ​ឡើង​ឬ​ជាន់​ឡើយ​។

បើ​តាម​ប្រភព​ពី​មន្រ្តី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ទីតាំង​ទី​នោះ​កាល​ពី​ជាង ១០០ ឆ្នាំ​មុន ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​បាន​ជីក​កកាយ​រក​ឃើញ​រូប​សំណាក់​ព្រះ​ពុទ្ធ​ប្រក់​នាគ ដែល​ត្រូវ​បាន​គេ​វាយ​កម្ទេច​កប់​ចោល​នៅ​ទី​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​​អ្នក​សារព័ត៌មាន​ប្រមាណ ១០ ស្ថាប័ន ដែល​ធ្វើ​ដំណើរ​ចុះ​ទៅ​សិក្សា​ស្វែង​យល់​ពី​តំបន់​បេតិកភណ្ឌ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ លោក សោម សុផារ៉ាត ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា នៅ​ជាន់​ទី ៣​ កំពូល​ប្រាសាទ​បា​យ័ន​គឺជា​ជាន់​​ខ្ពស់​ជាង​គេ​បំផុត​និង​ជា​កន្លែង​ទី​សក្ការៈ​ដ៏​សំខាន់​បំផុត​សម្រាប់​តម្កល់​អាទិទេព​។

លោក​បាន​ប្រៀបធៀប​ជាន់​ទី ៣ លើ​កំពូល​ប្រាសាទ​បាយ័ន​ដូច​ជាន់​បាកាន​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ជាន់​ខ្ពស់​ជាង​គេ និង​ជា​ទី​សក្ការៈ​សម្រាប់​គោរព​បូជា។

ពាក់ព័ន្ធ​ប្រវត្តិព្រះពុទ្ធរូបប្រក់នាគដែលត្រូវ​បាន​​រក​ឃើញ​កាល​ពី​ជិត ១០០ ឆ្នាំ​មុន​នៅ​ជាន់​កំពូល​ប្រាសាទ​បាយ័ន​ដោយ​អ្នក​ស្រាវជ្រាវ​បារាំង លោក សោម សុផារ៉ាត បាន​រៀបរាប់​ប្រាប់​ថា នៅ​ទសវត្សរ៍​ឆ្នាំ ១៩៣០ ជនជាតិ​បារាំង​បាន​ស្រាវជ្រាវ​រកឃើញ​ព្រះពុទ្ធរូប​ប្រក់​នាគ​ដែល​ត្រូវបាន​គេ​វាយ​បំបែក និង​កប់ចោល​នៅខាងក្នុង។ ក្រោយមក​អតីត​ព្រះមហាក្សត្រព្រះបាទ ​មុនីវង្ស បាន​បញ្ជាឱ្យគេ​ជួសជុលនិង​ដង្ហែ​ព្រះពុទ្ធ​រូប​ប្រក់​នាគ​នោះ​យក​ទៅ​តម្កល់​នៅ​វិហារ​ប្រាំ​ពីរ​ល្វែង​និង​បន្តស្ថិត​នៅទីនោះ​រហូត​មក​ដល់​ពេល​នេះ។

បើ​តាម​លោក សោម សុផារ៉ាត បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ដំណើរការ​ជួស​ជុល​ទីតាំង​ទាំងនោះ ហើយ​យោង​តាម​លក្ខខណ្ឌ​នៃ​កិច្ចការ​អភិរក្ស អាជ្ញាធរ​នឹង​បើក​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​វិញ​នៅ​ពេល​ដែល​ការ​ជួសជុល​រួច​រាល់ និង​ធានា​បាន​ថា​អស់​ហានិភ័យ​ទាំងស្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម