Connect with us

កីឡា

កីឡាករ​អាមេរិក Jalen Penrose កំពូល​អ្នក​វ៉ៃ​​សេវាកាច​​ ចូល​រួម​ជា​មួយ​​​​ក្រុម​បាល់ទះ​ស្វាយរៀង

បានផុស

នៅ

ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​ស្វាយរៀង បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​ទៀត​ហើយ​តាម​រយៈ​ការ​នាំ​ចូល​កីឡាករ​សញ្ជាតិ​អាមេរិក Jalen Penrose ដើម្បី​ប្រជែង​ជើងឯក​លីគ​បាល់ទះ​កំពូល​កម្ពុជា ដែល​ហៅ​កាត់​«តេជោលីគ» នៅ​រដូវ​កាល​ទី​៣ ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Jalen Penrose អាយុ​ ៣១ ឆ្នាំ​ ​កម្ពស់ ២,០៣ម៉ែត្រ លេង​ក្នុង​តួនាទី​ជា​​អ្នក​វាយ​ផ្តាច់​ស្លាប​ឆ្វេង ប៉ុន្តែ​រូប​គេ​ល្បី​ខាង​វាយ​សេវា​កាច។ រហូត​ដល់​​ដល់​ពេល​នេះ កីឡាករ​កើត​នៅ Boston សហរដ្ឋ​អាមេរិក មាន​បទ​ពិសោធ​ច្រើន និង​ឆ្លង​កាត់​លេង​ឲ្យ​ក្លិប​ជា​ច្រើន​ក្នុង​រយៈ​ពេល​ប្រមាណ ១០ ឆ្នាំ​ចុង​ក្រោយ។

ក្លិប​ផ្លូវ​ការ​ដែល​រូប​គេ​ធ្លាប់​លេង​មាន Al Ittihad Tripoli នៅ​លីប៊ី ក្លិប Caribe de San Sebastian នៅ​ប្រទេស​ព័រតូរីកូ ក្លិប Indios de Mayaguez នៅ​ប្រទេស​ព័រតូរីកូ ក្លិប Las Vegas Ramblers នៅ​សហរដ្ឋ​អាមេរិក ក្លិប Safilva Hokkkaido នៅ​ប្រទេស​ជប៉ុន ក្លិប Volley Schonenwerd នៅ​ប្រទេសស្វីស ក្លិប WWK Volleys Herrsching នៅ​ប្រទេសអាល្លឺម៉ង់ ក្លិប VK CEZ Karloversko នៅ​សាធារណរដ្ឋ​ឆេក និងក្រុម​របស់​សាកល​វិទ្យាល័យ Penn State University សហរដ្ឋ​អាមេរិក។

បើ​និយាយ​ពី​សមិទ្ធផល​វិញ កីឡាករ Jalen Penrose ធ្លាប់​ឈ្នះ​ជើង​ឯកចំនួន ១២ លើក និង​ពាន​​ឯកត្តជន​ចំនួន ៦ លើក។ សម្រាប់​ពាន​រង្វាន់​ឯកត្តជន​ទាំង​ ៦ គឺ ​ពាន​កីឡាករ​ប្រយុទ្ធ​ឆ្វេង​ល្អ​បំផុត ២ លើក​នៅ​​លីគ​បាល់ទះ​​​ព័រតូរីកូ រដូវ​កាល ២០២៥-២៦ និង​ ២០២៤-២៥, ពាន​កីឡាករ​ប្រយុទ្ធ​ឆ្វេង​ល្អ​បំផុត ២ លើក​ក្នុង​ពាន​ National Volleyball Association នៅ​សហរដ្ឋ​អាមេរិក រដូវ​កាល ២០២៣-២៤ និងកាល ២០២២-២៣, ពាន​កីឡាករ​វាយ​សេវា​ល្អ​បំផុត ចំនួន ២ លើក​គឺ​នៅ​លីគ​អាល្លឺម៉ង់ German Bundesliga រដូវ​កាល ២០១៩-២០ និង​​នៅពាន​រង្វាន់ NACC សហរដ្ឋ​អាមេរិក​រដូវ​កាល ២០១៧-១៨។

ពេល​នេះ កីឡាករ​បាន​សម្រេចចូល​រួម​ជា​មួយ​ ក្រុម​បាល់ទះ​ស្នងការខេត្ត​ស្វាយរៀង ដើម្បី​ប្រជែង​ជើង​តេជោលីគ។ ឆ្លង​កាត់ ២ លើកក្នុង​តេជោលីគ រដូវ​កាល​នេះ ក្រុម​ខេត្ត​ស្វាយរៀង មាន​ ៦ ពិន្ទុ កំពុងឈរ​​លើ​កំពូល​តារាង បន្ទាប់​ពី​បាន​យក​ឈ្នះ ស្នងការខេត្ត​ព្រះ​សីហនុ ៣-១ និង​ឈ្នះ​ក្រុមកងពល​ធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល ៣-០។

ក្រុម​ស្នងការ​ខេត្ត​ស្វាយរៀង កាល​ពី​លើក​មុន​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​នាំ​​ចូល​កីឡាករ​ឥណ្ឌា​ដែល​មាន​កម្ពស់​ខ្ពស់​ៗ ហើយ​ពេល​នេះ​នាំ​ចូល​កីឡាករ​អាមេរិក៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម