ព័ត៌មានជាតិ
៣០ ឆ្នាំមុន ឧកញ៉ា ម៉ុង ឫទ្ធី ជម្នះដាំដូងប្រេងទោះរងការគំរាមកំហែងពីខ្មែរក្រហម
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានរំលឹកពេលវេលាកាលពីជាង ៣០ ឆ្នាំមុន ដែលអ្នកឧកញ៉ាបានចាប់ផ្ដើមដាំដុះដំណាំដូងប្រេងតាមផ្លូវជាតិលេខ ៤ ក្នុងខេត្តព្រះសីហនុ បើទោះបីរងការគំរាមកំហែងពីខ្មែរក្រហមក៏ដោយ។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីដាំដុះដំណាំដូងប្រេងជុំទី ២ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុននេះ អ្នកឧកញ៉ាបានប្រាប់ពីឧបសគ្គធំៗពីការដាំដុះដំណាំដូងប្រេងតាំងពីការចាប់ផ្តើមដំបូងៗ ជាពិសេសគឺវត្តមានរបស់កងទ័ពខ្មែរក្រហមនៅសងខាងផ្លូវជាតិលេខ ៤។

អ្នកឧកញ៉ាបានរំលឹកថា ដើម្បីអាចដាំដុះបានត្រូវបង់លុយឱ្យខ្មែរក្រហម ព្រោះបើមិនបង់លុយទេ ខ្មែរក្រហមនឹងបាញ់ប្រហារនៅពេលដែលចុះទៅឈូសឆាយដីដែលនៅចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះ។
«ការងារមានការលំបាកខ្លាំងណាស់តាំងពីការចាប់ផ្តើម ព្រោះត្រូវធ្វើការរៀបចំដី រាវមីនផង និងត្រូវរក្សាទំនាក់ទំនងល្អជាមួយខ្មែរក្រហមផង»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់។
បន្ថែមពីនេះ ឧបសគ្គដ៏ធំមួយទៀត គឺការពឹងផ្អែកលើបច្ចេកទេសបរទេសនៅគ្រាចាប់ផ្តើមដាំដុះដំបូងៗ។
អ្នកឧកញ៉ាប្រាប់ថា នៅពេលចាប់ផ្តើមដាំដុះដូងប្រេងលើកទី១ ដោយសារតែខ្វះចំណេះដឹងនិងបច្ចេកទេស ត្រូវពឹងផ្អែកលើអ្នកបច្ចេកទេសបរទេសទាំងស្រុង ដើម្បីជួយដាំនិងថែទាំ ព្រោះការដាំដូងប្រេងមិនមែនចេះតែដាំបាននោះទេដែលលោកត្រូវជួលអ្នកបច្ចេកទេសមកប្រចាំការរហូត។

បើតាមអ្នកឧកញ៉ា ម៉ុង ឫទ្ធី មកដល់បច្ចុប្បន្ននេះប្រជាជនខ្មែរមានសមត្ថភាពអាចធ្វើការងារនេះបានទាំងអស់ ដោយមិនចាំបាច់ត្រូវការអ្នកបច្ចេកទេសបរទេសទៀតឡើយ។
លោកក៏លើកឡើងបញ្ហាប្រឈមថែមទៀត ក្រោយពេលហាងឆេងដីធ្លីឡើងថ្លៃមានអ្នកមកឈូសឆាយរំលោភ ដែលរឿងនេះកើតឡើងទើបតែនៅពេលក្រោយៗនេះប៉ុណ្ណោះ។
ពាក់ព័ន្ធការប្រើប្រាស់ពូជដូងប្រេងមកដាំដុះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា គឺនាំពូជពីប្រទេសកូស្តារីកា ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
លោកថា ប្រទេសផ្សេងទៀតដែលគេដាំដុះ គេមានវិទ្យាស្ថានរបស់គេរួចទៅហើយ ដូច្នេះបើលោកបង្កើតកន្លែងបណ្តុះកូនដូងប្រេងខ្លួនឯង គឺបានត្រឹមតែយកមកដាំខ្លួនឯងប៉ុណ្ណោះ គ្មានទីផ្សារលក់ចេញទេ។ ហេតុនេះ ទើបជម្រើសដែលល្អគឺមានតែការទិញកូនដូងប្រេងពីគេមកដាំ។


ក្នុងពិធីដាំដូងប្រេងជុំទី ២ នៅខេត្តព្រះសីហនុ លោក អ៊ិត ណុប នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៩៦ ខណៈពិធីសម្ពោធដាំដូងប្រេងជំនាន់ទី១ ជានិមិត្តរូបផ្លូវការធ្វើឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ១៩៩៧។
លោក អ៊ិត ណុប បានបន្តថា ទីតាំងក្រុមហ៊ុនវិនិយោគដាំដុះដំណាំដូងប្រេងគឺស្ថិតនៅ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ម្តុំគីឡូម៉ែត្រលេខ ១៧០ នៅលើផ្ទៃដីសរុប ២០.២៦៤ ហិកតា ក្នុងនោះមានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋចំនួន ៦.២៨០ ហិកតា រួមទាំងដីឯកជនដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជាជន។
បើតាមលោក អ៊ិត ណុប យោងតាមស្ថានភាពបច្ចុប្បន្ន ដំណាំដូងប្រេងមួយចំនួនដែលបានដាំដុះមុនគេបង្អស់ចាប់តាំងពីឆ្នាំ១៩៩៧ មានអាយុ ៣០ ឆ្នាំ និងដូងប្រេងមួយចំនួនទៀតមានការលូតលាស់ខ្ពស់ៗពេកធ្វើឱ្យទិន្នផលធ្លាក់ចុះ ទើបក្រុមហ៊ុនបានសម្រេច និងរៀបចំផែនការសម្អាតចោល ព្រមទាំងធ្វើការដាំថ្មីឡើងវិញប្រមាណ ៦.២៨០ ហិកតា ហើយតាមផែនការត្រូវចំណាយពេលវេលារហូតដល់ ១១ ឆ្នាំ។
ជាក់ស្តែងនៅឆ្នាំ ២០២៦ ក្រុមហ៊ុននឹងធ្វើការដាំដុះលើផ្ទៃដី ៥៧៩ ហិកតា ស្មើនឹង ៩២.៦៤០ កូនដូងប្រេង គិតជាមធ្យម ១៦០ ដើម/ហិកតា។
លោក អ៊ិត ណុប បានបញ្ជាក់ថា គ្រាប់ពូជដូងប្រេងក្រុមហ៊ុននាំចូលពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសកូស្តារីកា ដោយសារប្រទេសទាំងបីនេះជាប្រទេសដែលឈានមុខគេក្នុងការផលិតគ្រាប់ពូជ មានសមត្ថភាពគ្រប់គ្រាន់ និងជឿទុកចិត្តបានអំពីគុណភាពបង្កាត់ពូជ ធន់នឹងអាកាសធាតុ ធន់នឹងជំងឺ និងទទួលបានទិន្នផលល្អ។
បើតាមអ្នកបច្ចេកទេសរូបនេះ គ្រាប់ដូងប្រេងត្រូវការបណ្តុះរយៈពេល ១០ ទៅ ១២ ខែ ទើបអាចយកទៅដាំនៅចម្ការបាន៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


