Connect with us

ព័ត៌មានអន្ដរជាតិ

គូស្នេហ៍​ស្ម័គ្រចិត្ត​ប្រមាណ​១០០០គូ ដែល​ប្រថុយ​ «​លះបង់ជីវិត» ក្នុងសង្គ្រាម​​អ៊ីរ៉ង់​​ ​រៀបការ​ក្នុងថ្ងៃ​តែមួយ​

បានផុស

នៅ

ការចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ Mehr បានឲ្យដឹងថា មន្ត្រីអ៊ីរ៉ង់បានរៀបចំពិធីអាពាហ៍ពិពាហ៍រួមគ្នាទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងតេហេរ៉ង់ សម្រាប់គូស្នេហ៍ដែលបានចុះឈ្មោះក្នុងកម្មវិធីស្ម័គ្រចិត្ត និងមានឆន្ទៈក្នុងកិច្ចការ «លះបង់ជីវិត» របស់ពួកគេនៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ទិដ្ធភាពនៃពិធីអាពាហ៍ពិពាហ៍រួមគ្នា (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីអាពាហ៍ពិពាហ៍រួមគ្នានេះ ត្រូវបានប្រារព្ធឡើងកាលពីយប់ថ្ងៃចន្ទទី១៨ ខែឧសភា នៅតាមទីលានធំៗជាច្រើននៅក្នុងរដ្ឋធានីរបស់អ៊ីរ៉ង់ ដែលក្នុងនោះគ្រាន់តែនៅទីលាន Imam Hossein ស្ថិតនៅកណ្តាលទីក្រុងតេហេរ៉ង់​ មានគូស្នេហ៍ចូលរួម​រហូតដល់​ជាង ១០០ គូឯណោះ​។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដដែល​ បានឲ្យដឹងថា មានគូស្នេហ៍ប្រហែល ១០០០ គូ បានរៀបការរួមគ្នានៅក្នុងថ្ងៃនោះដែរ។

អ្នកចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍រួមគ្នា​ដ៏​ធំ​នេះ ធ្លាប់បានចុះឈ្មោះក្នុងកម្មវិធី «លះបង់ជីវិតដោយស្ម័គ្រចិត្ត ឬហៅថា janfada » ដោយ បានប្ដេជ្ញាចិត្តថា ត្រៀមខ្លួនជាស្រេចក្នុងការលះបង់សាច់ស្រស់ឈាមស្រស់របស់ពួកគេ នៅ​លើ​សមរភូមិ​ជួរមុខ ដូចជា ការបង្កើតជារនាំង​មនុស្សនៅខាងក្រៅរោងចក្រអគ្គិសនីជាដើម។ ពីមុនមក អ៊ីរ៉ង់ក៏ធ្លាប់បានកៀរគរប្រជាស៊ីវិលរាប់ពាន់នាក់ ឲ្យមកជួបជុំគ្នានៅជុំវិញរោងចក្រអគ្គិសនី ក្នុងករណីមានការទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមេរិកដែរ។

មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា មនុស្សរាប់លាននាក់ រួមទាំងឥស្សរជនកំពូលៗ ដូចជាប្រធានសភា លោក Mohammad Bagher Ghalibaf និងប្រធានាធិបតី លោក Masoud Pezeshkian ក៏បានចុះឈ្មោះនៅកម្មវិធី «janfada » របស់ពួកគេផងដែរ។

ផ្អែកតាមរូបភាពពីទីភ្នាក់ងារ AFP បានបង្ហាញថា គូស្នេហ៍ទាំងនោះបានធ្វើដំណើរមកដល់ទីលាន Imam Hossein ដោយជិះរថយន្តហ្សីបយោធាដែលមានបំពាក់កាំភ្លើងយន្ត និងបានរៀបអាពាហ៍ពិពាហ៍នៅលើឆាកក្នុងពិធីមួយដែលដឹកនាំដោយគ្រូសាសនាមួយរូប។ ជាពិសេស ហ្វូងមនុស្សយ៉ាងច្រើនកុះករដែលកាន់ផ្កាកុលាប បានទស្សនា និងចូលរួមអបអរសាទរយ៉ាងខ្លាំង។

ឆាកនោះត្រូវបានលម្អដោយប៉េងប៉ោង និងរូបភាពដ៏ធំរបស់មេដឹកនាំកំពូល Ayatollah Mojtaba Khamenei ដែលមិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយ ចាប់តាំងពីត្រូវបានលើកតម្កើងឡើងកាន់តំណែងនេះ បន្ទាប់ពីការធ្វើឃាតឪពុក និងជាអ្នកកាន់តំណែងមុនរបស់លោកគឺលោក Ali Khamenei នៅថ្ងៃដំបូងនៃសង្គ្រាម។

សូមបញ្ជាក់ថា រូបភាពនៃពិធីអាពាហ៍ពិពាហ៍រួមគ្នាទាំងនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្នុងគោលបំណងលើកកម្ពស់ស្មារតីប្រយុទ្ធក្នុងពេលមានសង្គ្រាម បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដដែលៗ អំពីសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ស្ថិតក្រោមបទឈប់បាញ់ដ៏រង្គោះរង្គើមួយ ដែលបានផ្អាកការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

​រដ្ឋាភិបាល​កោះ Greenland ប្រកាស​មិនលក់​ដាច់​ខាត​ ប៉ុន្តែ​ មើល​ឃើញ​វឌ្ឍនភាពក្នុងកិច្ចចរចាជាមួយ អាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម