Connect with us

ព័ត៌មានជាតិ

កម្ពុជា-ហូឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនងពាណិជ្ជកម្មកាន់តែរីកចម្រើន ខណៈទំហំពាណិជ្ជកម្មកើនដល់១ពាន់លានដុល្លារ

បានផុស

នៅ

កម្ពុជា និងហូឡង់ បង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ខណៈក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងដល់ជាង១ពាន់លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជម្រាបលារបស់លោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជា ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ភាគីទាំងពីរ បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលកំពុងមានការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ ពិសេសការរីកចម្រើនលើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក Remco Johannes van Wijngaarden គូសរំលេចពីការកើនឡើងគួរឱ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងរហូតដល់ជាង១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុនហូឡង់ ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន។

សម្រាប់សម្ដេចធិបតី បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកឯកអគ្គរាជទូត ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនលើវិស័យជាច្រើន ពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ នាពេលបច្ចុប្បន្ន នឹងជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ស្របពេលប្រទេសទាំងពីរនៅមានសក្ដានុពលក្នុងវិស័យជាច្រើនទៀត ដែលអាចពង្រីកការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងគ្នាបន្ថែមទៀត។

សម្ដេចធិបតី និងលោកឯកអគ្គរាជទូត បានបន្តពិភាក្សាអំពីការជំរុញការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ដោយឯកភាពជំរុញការតភ្ជាប់រវាងវិស័យឯកជន និងឯកជន (B2B) តាមរយៈការរៀបចំទស្សនកិច្ចធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានាដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនេះ សម្ដេចធិបតី បានលើកឡើងពីគោលនយោបាយ និងយន្តការចាំបាច់នានារបស់រាជរដ្ឋាភិបាលក្នុងបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគិនបរទេសថ្មីៗឱ្យកាន់តែច្រើនថែមទៀត និងការដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីធានានូវភាពប្រកួតប្រជែង ភាពអាចប៉ាន់ប្រមាណបាននិងធានាដល់ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់នៅកម្ពុជា។ សម្ដេច បានសង្កត់ធ្ងន់ថា ភាពជោគជ័យរបស់វិនិយោគិនដែលមានស្រាប់ មិនត្រឹមតែជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា។

បន្ថែមពីនេះ សម្ដេចធិបតី និងឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់ពីកិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ។ លោកឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការរវាងហូឡង់ និងកម្ពុជា លើការបណ្ដុះបណ្ដាលអ្នកការទូត។

ដោយឡែកស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានសម្ដេចធិបតី លើកឡើងក្នុងជំនួបពិភាក្សាជាមួយភាគីហូឡង់ផងដែរ ដោយបានសង្កត់ធ្ងន់ពីជំហររបស់កម្ពុជា ក្នុងការប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ត្រង់ចំណុចនេះ លោកទូត បានអរគុណកម្ពុជា ដែលតែងតែគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ ព្រមទាំងសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់នាពេលកន្លងមក។ លោកបានបន្ថែមថា ហូឡង់ ក៏ដូចជាសហភាពអឺរ៉ុបគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ និងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម