Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យព្រះអង្គឌួងដាក់ឱ្យដំណើរការម៉ាស៊ីនអង់ដូស្កុបទំនើបសម្រាប់ពិនិត្យនិងព្យាបាលបញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែង

បានផុស

នៅ

មន្ទីរពេទ្យព្រះអង្គឌួង បានដាក់ឱ្យដំណើរការម៉ាស៊ីនអង់ដូស្កុបទំនើបសម្រាប់ពិនិត្យនិងព្យាបាលបញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែងហើយក្នុងករណីរកឃើញមានគ្រួសក្នុងបំពង់ទឹកប្រមាត់គេអាចប្រើឡាហ្សែបាញ់គ្រួសនោះប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីដាក់ឱ្យដំណើរម៉ាស៊ីនអង់ដូស្កុបកាលពីរសៀលថ្ងៃទី២០ឧសភា លោក សាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺដែលតែងតែគាំទ្រដល់ការផ្តល់សេវាផ្សេងៗនៅក្នុងមន្ទីរពេទ្យខណៈបច្ចុប្បន្នមានអ្នកជំងឺមកទទួលសេវានៅមន្ទីរពេទ្យបានកើនឡើងប្រមាណ៣៥០០នាក់ក្នុង១ថ្ងៃក្នុងនោះក៏មានអ្នកជំងឺដែលមកទទួលពិនិត្យនិងព្យាបាលបញ្ហាក្នុងបំពង់ទឺកប្រមាត់ និងលំពែងផងដែរ។

ទន្ទឹមនឹងមានឧបករណ៍ទំនើប និងមានវេជ្ជបណ្ឌិតជំនាញ លោកសាស្ត្រាចារ្យ រងលូ លីឃាង សង្ឃឹមថានឹងមានប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀតមកទទួលសេវានៅមន្ទីរពេទ្យ។ ដូចនេះគ្រូពេទ្យយើងត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យដែលជាគោលការណ៍គន្លឹះរបស់មន្ទីរពេទ្យព្រះអង្គឌួងតាំងពីដើមរៀងមក។

លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការងនៃមន្ទីរពេទ្យព្រះអង្គឌួងបានឱ្យដឹងដែរថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនទំនើបនេះ គឺជាបបច្ចេកវិទ្យាថ្មីមួយបង្ហាញឱ្យឃើញពីការអភិវឌ្ឍនៃវិស័យសុខាភិបាលនៅកម្ពុជាក៏ដូចជានៅក្នុងមន្ទីរពេទ្យជួយបម្រើប្រជាពលរដ្ឋដែលត្រូវការសេវាព្យាបាលជំងឺបំពង់បង្ហូរទឹកប្រមាត់ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅប្រទេស។

លោកស្រី វេជ្ជបណ្ឌិត ជា ស៊ីហ្សែនី្ន ប្រធានផ្នែកយូនីតក្រពះ ពោះវៀន ថ្លើម និងឬសដូងបាតបានមានប្រសាសន៍ថា ម៉ាស៊ីនទំនើបនេះមានអត្ថប្រយោជន៍ច្រើនដូចជាអាចធ្វើរោគវិនិច្ឆ័យលើថង់ទឹកប្រមាត់និងលំពែងអាចរកឃើញការស្ទះអាចបណ្តាលមកពីគ្រូសឬដុំសាច់ក្នុងពេលតែមួយ។ ក្នុងករណីរកឃើញថាមានគ្រួសក្នុងបំពង់ទឹកប្រមាត់ និងលំពែងអាចប្រើ Laser ជំនួយក្នុងការបាញ់បំបែកក្រួសឱ្យតូចៗ ក្នុងករណីក្រួសធំៗមិនអាចចាប់បាន។ ការចាប់ក្រួសក្នុងបំពង់បង្ហូរទឹកប្រមាត់។ ការពិនិត្យការស្ទះ ឬការរលាក។ ការដាក់បំពង់តូចដើម្បីបើកការស្ទះ។ ការយកគំរូកោសិកាដើម្បីពិនិត្យរកជំងឺមហារីក។មិនចាំបាច់វះកាត់ធំពិសេសអ្នកជំងឺសម្រាកពេទ្យរយៈពេលខ្លី។

លោកវេជ្ជបណ្ឌិត ស្រ៊ាង គីមឡុង ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ នៃមនី្ទរពេទ្យព្រះអង្គឌួងបានឱ្យដឹងថាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានអ្នកជំងឺដែលមានបញ្ហាស្ទះបំពង់ទឹកប្រមាត់មកទទួលសេវានៅមន្ទីរពេទ្យច្រើនមានអាយុចាប់ពី២០ឆ្នាំរហូតដល់៦០ឆ្នាំហើយ យើងបានប្រើប្រាស់ម៉ាស៊ីននេះក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលដោយជោគជ័យធ្វើឱ្យអ្នកជំងឺមានការសប្បាយចិត្តដោយសារពួកគាត់ចៀសផុតពីការវះកាត់និងបានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះបានលឿន។

លោកវេជ្ជបណ្ឌិត ស្រ៊ាង គីមឡុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកនាយមន្ទីរពេទ្យដែលតែងតែលើកទឹកចិត្តនិងនាំយកនូវម៉ាស៊ីនទំនើបៗ ដើម្បីជួយអភិវឌ្ឍផ្នែកវះកាត់ក្នុងមន្ទីរពេទ្យកាន់តែរីកចម្រើនក្នុងការបម្រើសេវាជូនប្រជាពលរដ្កាន់តែមានប្រសិទ្ធភាព គុណភាពនិងស័កសិទ្ធភាពបន្ថែមទៀត។

លោកវេជ្ជបណ្ឌិត ស្រ៊ាង គីមឡុងបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានបញ្ហាឈឺពោះ លឿងភ្នែកឬលឿងស្បែកសូមអញ្ជើញពិនិត្យនៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវនិងបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម