Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី តួកគី ប្រាប់ ត្រាំ ថា បញ្ហាប្រឈមរវាងអាមេរិក និងអ៊ីរ៉ង់ អាចដោះ​ស្រាយបាន

បានផុស

នៅ

ការប្រកាស​របស់​ការិយាល័យប្រធានាធិបតីតួកគី បានឲ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានប្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធទី២០ ខែឧសភា ថា លោករីករាយចំពោះការបន្តពន្យារពេលនៃបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ដោយជឿជាក់ថា បញ្ហាប្រឈមនានារវាងភាគីទាំងពីរ អាចដោះស្រាយបាន។

លោក ត្រាំ និង ប្រធានាធិបតីតួកគី លោក Recep Tayyip (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួកគី ដែលជាសមាជិករបស់អង្គការណាតូ និងមានព្រំប្រទល់ជាប់​ប្រទេស​អ៊ីរ៉ង់ បាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ​ជាមួយទីក្រុងវ៉ាស៊ីនតោន​ និង​ ទីក្រុងតេហេរ៉ង់ រួមទាំងភាគីសម្របសម្រួលប៉ាគីស្ថាន ដើម្បីស្វែងរកកិច្ចបញ្ចប់នៃសង្រ្គាម​នេះ។ តួកគីក៏បានអំពាវនាវឲ្យបញ្ឈប់ជម្លោះ និងបានជួយបញ្ជូនសារទៅវិញទៅមករវាងភាគីទាំងសងខាងផងដែរ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters

ការិយាល័យប្រធានាធិបតីតួកគី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «នៅក្នុងជំនួបតាមទូរស័ព្ទ​នោះ ប្រធានាធិបតីរបស់យើង បានចាត់ទុកការសម្រេចចិត្តពន្យារពេលបទឈប់បាញ់ នៅក្នុងតំបន់ជម្លោះនៃភូមិភាគរបស់យើងថា ជាការវិវត្តន៍ដ៏វិជ្ជមានមួយ និងជឿជាក់ថា ដំណោះស្រាយសមស្របណាមួយចំពោះបញ្ហាវិវាទទាំងឡាយ គឺអាចទៅរួច»។

ប្រភពដដែល បានបន្ថែមថា លោក Erdogan បានហៅស្ថិរភាពដែលទើបនឹងកើតមានឡើងវិញនៅក្នុងប្រទេសស៊ីរីថាជា «សមិទ្ធផលដ៏សំខាន់» សម្រាប់តំបន់ ហើយលោកក៏បានជំរុញឲ្យមានវិធានការនានា ដើម្បីបង្ការកុំឲ្យស្ថានភាពនៅក្នុងប្រទេសលីបង់កាន់តែដុនដាបទៅៗ ចំពេលដែលការប្រយុទ្ធគ្នាយ៉ាងបន្តបន្ទាប់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែបន្ត។

លើសពីនេះ លោក Erdogan ក៏បានជម្រាបជូនលោក ត្រាំ ផងដែរថា ការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងអង់ការ៉ា (Ankara) នាខែកក្កដាខាងមុខនេះ កំពុងដំណើរការទៅមុខជាធម្មតា ហើយតួកគីកំពុងខិតខំប្រឹងប្រែងដើម្បីឲ្យកិច្ចប្រជុំនេះ ទទួលបានជោគជ័យលើគ្រប់ទិដ្ឋភាពទាំងអស់។ ចំណែកថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីផងដែរ។

ចំណែកឯភាគីលោក ត្រាំ វិញបានចេញការបញ្ជាក់ដែរថា លោកមានការសន្ទនាតាមទូរស័ព្ទ «ដ៏ល្អប្រសើរមួយ» ជាមួយលោក Erdogan ដោយលោកបានបន្ថែមថា អ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នាខ្លាំងណាស់។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ត្រាំ បានថ្លែងថា ការចរចាជាមួយអ៊ីរ៉ង់បានឈានដល់ «ដំណាក់កាលចុងក្រោយហើយ» ប៉ុន្តែលោកក៏បានព្រមានពីការវាយប្រហារបន្ថែមទៀតផងដែរ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមព្រមព្រៀងលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ទោះបី​​មិនចុះសម្រុង​ក្នុង​សង្រ្គាមអ៊ីរ៉ង់ និងពន្ធគយ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម